រាជធានីភ្នំពេញ ៖ លោកស្រី ម៉ន ដានី ដែលគេស្គាល់ច្បាស់ ជាថៅកែសាងសង់បុរី និងផ្ទះល្វែងលក់ ក្រោយមកក៏មានរឿងរ៉ាវចេញសែកស្អុយលើទឹកប្រាក់ប្រមាណ៦០ ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួននៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលលោកស្រី ម៉ន ដានី ស្លៀកសម្លៀក បំពាក់តុបតែងខ្លួនធ្វើដូចមនុស្សប្រុស ទំនងមិនចង់ឲ្យគេស្គាល់ បម្រុងឆ្លងដែនចូលទៅប្រទេសថៃ ក្នុងគោលបំណងគេចវេសពីបំណុលវ័នកនោះ ។ បន្ទាប់ពីចាប់ខ្លួនកម្លាំងសមត្តកិច្ចបាននាំលោកស្រី ម៉ន ដានី មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីរៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី ។
សូមជម្រាបថា ៖ ថ្មីៗកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញមានបែកធ្លាយបង្ហោះរូបភាពភ្ជាប់ជាមួយដីកាបង្គាប់ឲ្យចាប់ខ្លួន ទៅលើអ្នកវិនិយោគគិនម្នាក់ប្រកបមុខរបរសាងសង់បុរី និងផ្ទះល្វែងលក់ ពាក់ពន្ធចេញសែកស្អុយប្រមាណជាង៦០ ម៉ឺនដុល្លារអាមេរិក នោះគឺលោក ស្រី ម៉ន ដានី អាយុ៣៩ ឆ្នាំ មានទីលំនៅផ្ទះលេខបេ៤៨ ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទៅលើលោកស្រី ម៉ន ដានី ដែលគេស្គាល់គ្រប់គ្នាថា លោកស្រីជាអ្នកវិនិយោគសាង សង់បុរី និងផ្ទះល្វែងលក់ ពេលនេះតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ពន្ធករណីចេញមូលប្បទានប័ត្រ(សែកស្អុយ) ប្រមាណជាង៦០ មឺនដុល្លារអាមេរិក ។ មុនមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រី ម៉ន ដានី ចៅក្រមស៊ើបសួរក៏បានចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺចំនួន៣ លើក ប៉ុន្តែលោកស្រីមិនបានអនុវត្តតាមដីកានោះទេ ទើបត្រូវចាប់ខ្លួន ។
សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៣ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ២៣១ នៃ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ៕
ចែករំលែកព័តមាននេះ