ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បបានមួយដង្ហើមចង្រិតដែរ ធ្វើម៉េចបើ​ញៀ.ន​ទៅហើយ

15 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បទបញ្ជារួចមកឃើញថា នៅខេត្តកំពង់ស្ពឺ ល្បែងស៊ីសងគ្រប់ប្រភេទបានស្ងប់ស្ងាត់មួយដង្ហើមចង្រិតដែរ ប៉ុន្តែ​ពេលនេះ​ ល្បែងស៊ីសងបានបើកដំណើរការវិញហើយ គេមិនដឹងថាការបើកដំណើរការបនល្បែងស៊ីសងនេះអស់លោកសមត្ថកិច្ចបានជ្រាបដែរឬយ៉ាងណានោះទេ?។…

ខេត្តកំពង់ស្ពឺ៖ ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បទបញ្ជារួចមកឃើញថា នៅខេត្តកំពង់ស្ពឺ ល្បែងស៊ីសងគ្រប់ប្រភេទបានស្ងប់ស្ងាត់មួយដង្ហើមចង្រិតដែរ ប៉ុន្តែ​ពេលនេះ​ ល្បែងស៊ីសងបានបើកដំណើរការវិញហើយ គេមិនដឹងថាការបើកដំណើរការបនល្បែងស៊ីសងនេះអស់លោកសមត្ថកិច្ចបានជ្រាបដែរឬយ៉ាងណានោះទេ?។

បើតាមការបង្ហើបពីប្រជាពលរដ្ឋថា នៅក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ មានល្បែងច្រើនប្រភេទណាស់ ដូចជាជល់មាន់តាមអនឡាញ កន្ទុយលេខ(ឆ្នោតវៀតណាម)ជាដើម នៅក្នុង​តំបន់វៀតណាមរស់នៅ គេមិនដឹងថាអស់លោកសមត្ថកិច្ចក្នុងខេត្តដឹងឬយ៉ាងណានោះទេ។

ទីតាំងល្បែង តាមអនឡាញនោះស្ថិតនៅខាងកើតផ្សារកំពង់ស្ពឺ មួយកន្លែងទៀតក្នុងហាងកាហ្វេមុខច្រកចូលភូមិរបស់ជនជាតិវៀតណាម និងមួយកន្លែងទៀតក្នុងផ្សារកំពង់ស្ពឺមានកត់កន្ទុយលេខឆ្នោតវៀតណាម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងតារាងបាល់ទះទល់មុខរោងចក្រស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន នេះមិនទាន់រាប់បញ្ចូលជាច្រើនកន្លែងទៀតផង នៃ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មួយទីតាំងទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣~ទៅលេខ៤ ស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទីតាំងល្បែងស៊ីសងខាងលើនេះ កំពុងគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកធ្មេចភ្នែក និងមានការបើកភ្លើងខៀវ ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ។

ប្រភពព័ត៌មានលួចខ្សឹបថាម្ចាស់ល្បែងល្បីឈ្មោះប្រចាំខេត្តកំពង់ស្ពឺនេះមានឈ្មោះ( រ៉ុង )អាយុជាង៥០ឆ្នាំ។ ហើយអ្នកញៀនល្បែង នាំគ្នាទៅលេងជល់មាន់ តាមអនឡាញ ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកងយ៉ាងកក្រើកនេះ គឺមានលោកសក្តិ៥ម្នាក់ជាអ្នកនៅពីក្រោយខ្នងនៃល្បែងខុសច្បាប់ទាំងអស់នោះ។

ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងដោយសារតែកើតមានល្បែងស៊ីសងច្រើនប្រភេទបែបនេះ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះហើយបានពួកគាត់និយាយថា ឯណាទៅ ភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមកនោះ?

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ