រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងសប្បុរខ្មៅស្រអែម លោក អ៊ុន សុទ្ធា ហាក់ខកខានមិនបានបង្ហាញវត្តមានសម្តែងនៅក្នុងខ្សែភាពយន្តថ្មីៗបន្ថែមទៀតឡើយ ដោយនៅក្នុងនោះ បើទោះបីជាការថត MV ឬស្ព៊តពាណិជកម្ម ក៏ហាក់មិនសូវមានវត្តមានលោកច្រើនដូចមុននោះដែរ ។
យ៉ាងណា ក្រោយពេលទីផ្សារការងារសិល្បៈចាប់ផ្តើមមានបណ្តើរៗឡើងវិញនោះ លោក អ៊ុន សុទ្ធា បានប្រកាសពីជំហររបស់ខ្លួនដោយមិនវាទវេរថា ក្នុងនាមអ្នកស្រាឡាញ់សិល្បៈខ្លាំងម្នាក់ លោកនៅតែរក្សាជំហរដោយសម្តែងមិនប្រកាន់តួនោះឡើយ ពោលសំខាន់ឲ្យតែមានសមត្ថភាពសម្តែងបាន និងលើកម្រៃពលកម្ម ។
តារាសម្តែងលោក អ៊ុន សុទ្ធា បានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា មកតិចៗហើយតក់ៗពេញបំពង់ បេះដូងសិល្បៈ ។
លោកបន្តថា សូមជំរាបគ្រប់ផលិតកម្មទាំងអស់ ដែលនៅតែសួរខ្ញុំដល់ពេលនេះ ហើយខ្ញុំពេលចាប់ផ្តើមថតដំបូង ខ្ញុំបានប្រកាសដល់សារព័ត៌មានថា ខ្ញុំមិនប្រកាន់តួឯក តួរង ឬតួអ្វីទាំងអស់ សរុបសេចក្តីមក សំខាន់លើកំរៃពលកម្ម ។
លោកបញ្ជាក់បន្ថែមថា តួអ្វីក៏ដោយមិនសំខាន់សំរាប់ខ្ញុំទេ អ្វីដែលសំខាន់នោះ តើខ្ញុំអាចមានសមត្ថភាពសម្តែងបានគ្រប់ទំរង់ឬអត់!។
ក្រោយឃើញការប្រកាសពីការវិលមកការងារសម្តែងជាថ្មីឡើងវិញ ពីសំណាក់លោក អ៊ុន សុទ្ធា នាពេលនេះ គេឃើញមានបណ្តាប្រិយមិត្តគាំទ្ររូបលោកជាច្រើនបានចូលរួមអបអរសាទរ និងជូនពររូបលោកឲ្យនៅតែទទួលបានជោគជ័យលើអាជីពសិល្បះ ។
គួរបញ្ជាក់ថា កន្លងមកលោក អ៊ុន សុទ្ធា ធ្លាប់បានលើកឡើងថា ក្នុងដំណើរជីវិតដែលចូលប្រឡូកវិថីសិល្បៈប្រមាណ១០ឆ្នាំមកនេះ ការសម្ដែងជាតួឯករបស់លោក គឺរាប់មិនអស់ ហើយចរិតតួសម្ដែងមានទាំងស្លូត កាច ឆ្កួត ខ្ទើយ ក៏លោកធ្លាប់ភ្លក់រសជាតិសម្ដែងផងដែរ ។
លោកបញ្ជាក់ថា ក្នុងវិស័យសិល្បៈ គឺទូលាយណាស់ ដូច្នេះ លោកមិនអាចប្រកាន់ខ្លួនទាល់តែសម្ដែងជាតួឯក មានចរិតជាសុភាពបុរស ទើបព្រមសម្ដែងនោះទេ ។
លោកថា ការផ្លាស់ប្តូរពីតួឯកមកតួរង មិនបានធ្វើឲ្យលោកយល់ថា ជាការធ្លាក់ប្រជាប្រិយភាពឡើយ ម្ល៉ោះហើយ ឲ្យតែមានឱកាសមិនថា តួរង ឬតួមានចរិតលក្ខណៈបែបណា ក៏លោកពេញចិត្តទទួលយកផងដែរ។ ក្រៅពីអាជីពសិល្បៈនោះ កន្លងមកតារាសម្តែងលោក អ៊ុន សិទ្ធា ក៏ធ្លាប់បោះទុនប្រាក់ប្រមាណ២០ម៉ឺនដុល្លារ នៅក្នុងទិញសិទ្ធិផលិតផលថែរក្សាសុខភាពមួយ មកពីក្រៅប្រទេស ដើម្បីចែកចាយនៅក្នុងប្រទេស ខណៈពេលជំនួញមួយនេះលោកមានគម្រោងនឹងពង្រើកឱ្យកាន់តែធំទូលាយផងដែរ ។
ជាមួយមុខជំនួញថ្មីនេះ លោក អ៊ុន សុទ្ធា ធ្លាប់បានលើកឡើងថា ពេលនេះ លោកអាយុខ្លួនច្រើនហើយ មិនអាចពឹងលើអាជីពសិល្បៈតែមួយមុខបានទេ ដូច្នេះត្រូវរកជើងក្រោយដើម្បីឱ្យជីវិតរស់នៅស្រួលនៅពេលដែលខ្លួនសាងគ្រួសារ ៕
ចែករំលែកព័តមាននេះ