ទីក្រុងហុងកុង៖ អាជ្ញាធរហុងកុងបានបញ្ជូនបេសកជនពិសេស១ក្រុមទៅទីក្រុងបាងកកដើម្បីពិភាក្សាជាមួយមន្ត្រីសន្តិសុខថៃ និងតាមដានសភាពការណ៍វិវត្តថ្មីៗពាក់ព័ន្ធនឹងករណីដែលក្រុមទុច្ចរិតល្បួងជនជាតិចិនឱ្យចូលទៅក្នុងអន្ទាក់របស់ពួកគេដើម្បីបម្រើការខុសច្បាប់។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានករណីបាត់ខ្លួនតារាសម្ដែងឈ្មោះវ៉ាងស៊ីងនៅក្បែរព្រំដែនថៃ-ភូមាកាលពីថ្ងៃទី៣ ខែមករា។ នៅម្ដុំនេះជាសម្បុកក្រុមរកស៊ីឆបោកតាមអនឡាញ។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៤ គេសង្ស័យថាជនជាតិចិននៅហុងកុងកាន់តែច្រើនឡើងៗត្រូវគេល្បួងឱ្យធ្វើដំណើរទៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ក្រោមរូបភាពជាការរកការងារធ្វើ។ ប៉ុន្តែការងារទាំងនោះជាអំពើឆបោកអ្នកដទៃទៀតតាមអនឡាញ។ អាជ្ញាធរប្រាប់ថាពួកគេទទួលការទាក់ទងពីក្រុមគ្រួសារជនរងគ្រោះចំនួន២៨ករណីដើម្បីជួយរំដោះសាច់ញាតិរបស់ពួកគេ។
នៅក្នុងចំណោមនោះ ១៦ករណីអាចវិលត្រឡប់ទៅហុងកុងវិញដោយសុវត្ថិភាព។ ១២ករណីទៀតមិនអាចធ្វើដំណើរដោយសេរីបានឡើយ។ គ្រាន់តែថាពួកគេមានសុវត្ថិភាពល្អជាធម្មតា ហើយអាចទាក់ទងទៅក្រុមគ្រួសាររបស់ពួកគេបាន។ ជនរងគ្រោះភាគច្រើនជាជនជាតិចិន។ ពួកគេប្រាប់ថាខ្លួនត្រូវគេបង្ខំឱ្យធ្វើការដូចទាសករ និងរស់នៅក្នុងស្ថានភាពដ៏អាក្រក់។
វ៉ាងស៊ីងត្រូវអាជ្ញាធរថៃជួយសង្គ្រោះទាន់ពេលវេលា និងវិលត្រឡប់ទៅប្រទេសចិនវិញកាលពីថ្ងៃទី១០ ខែមករា។ គាត់ប្រាប់ថាមុនដំបូង គេទាក់ទងគាត់ដើម្បីសម្ដែងកុន។ ប៉ុន្តែនៅពេលទៅដល់ប្រទេសថៃ គេបានដឹកគាត់ទៅព្រំដែនថៃ-ភូមា។ អាជ្ញាធរអះអាងថាវ៉ាងស៊ីងជាជនរងគ្រោះនៅក្នុងអំពើរត់ពន្ធមនុស្ស។ ករណីបាត់ខ្លួនវ៉ាងស៊ីងបានផ្ទុះការចាប់អារម្មណ៍ខ្លាំងតាមបណ្ដាញសង្គមចិន។ ដូច្នេះ ប្រទេសថៃមិនអាចនៅស្ងៀមបានឡើយព្រោះអ្នកទេសចរនៅថៃភាគច្រើនជាជនជាតិចិន។
ក្រុមការងារមកពីទីក្រុងហុងកុងដែលធ្វើដំណើរទៅប្រទេសថៃលើកនេះនឹងជួបពិភាក្សាការងារជាមួយមន្ត្រីស្ថានទូតចិនប្រចាំទីក្រុងបាងកក និងជួបជាមួយអាជ្ញាធរថៃ។ ពួកគេនឹងផ្លាស់ប្ដូរព័ត៌មានសម្ងាត់ និងដាក់សំណើជួយរំដោះជនរងគ្រោះដែលកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ក្រុមឆបោក។
ករណីបាត់ខ្លួនវ៉ាងស៊ីងអាចប៉ះពាល់មុខមាត់ប្រទេសថៃនៅក្នុងវិស័យទេសចរណ៍។ ជនជាតិចិនបានខ្សិបខ្សៀវគ្នា និងផ្ដាំតគ្នាថាកុំទៅលេងប្រទេសថៃប្រយ័ត្នចាញ់បោកគេ ឬជួបនឹងគ្រោះថ្នាក់។ ដំណឹងនេះធ្វើឱ្យជនជាតិចិនដែលមានគម្រោងធ្វើដំណើរទៅប្រទេសថៃ ឬបានទិញសំបុត្រយន្តហោះរួចហើយសុខចិត្តបោះចោលលុយវិញដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ហេតុដូច្នេះ អាជ្ញាធរថៃមិនអាចនៅស្ងៀមបានឡើយនៅក្នុងរឿងនេះ។ ពួកគេត្រូវតែចាត់វិធានការក្ដៅ និងបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើង។ ឥឡូវនេះនៅបាត់ខ្លួនជនជាតិចិនវ័យក្មេង២នាក់ទៀត ម្នាក់ជាតារាសម្ដែង និងម្នាក់ទៀតជានិស្សិតសាកលវិទ្យាល័យ។ សមត្ថកិច្ចថៃសង្ស័យថាពួកគេអាចជាជនរងគ្រោះនៅក្នុងអំពើរត់ពន្ធមនុស្សដូចករណីវ៉ាងស៊ីងដែរ៕
អត្ថបទពាក់ព័ន្ធ
ថៃកំពុងតាមរកជនជាតិចិន២នាក់ដែលសង្ស័យធ្លាក់ចូលក្នុងអំពើរត់ពន្ធ
ចែករំលែកព័តមាននេះ