ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញារក្សាទុកជួញដូរ និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការបង្ក្រាបបាន ។ ការបង្ក្រាបមុខសញ្ញានេះបានកាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះទុកចោល ក្នុងភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីអាវុធហត្ថខេត្តបាននិយាយឱ្យដឹងថា ការបង្ក្រាបក្រុមជនសង្ស័យខាងលើ បានដោយមានអនុញ្ញាតពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកមេបញ្ជាការស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួននាក់ នៅចំណុចផ្ទះទុកចោលស្ថិតនៅ ភូមិព្រៃក្បុងឃុំព្រៃក្មេងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថដដែលបានបន្តថា ក្រុមជនសង្ស័យ ទី១-ឈ្មោះ ឡោ ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ហូល រៀម ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ឆោម ចាន់ថន ភេទ ប្រុស អាយុ២៥ឆ្នាំ ស្ថិតនៅភូមិកណ្តាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់ ធំល្មម ០៣កញ្ចប់ តូច០៧កញ្ចប់ ជញ្ជីងថ្លឹង០១ ម៉ូតូ០១គ្រឿង ទូរស័ព្ទចំនួន០២គ្រឿង និងឧបករណ៌ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បន្ទាប់ពីឆ្លើយសារភាពរបស់ជនសង្ស័យ៣នាក់ កម្លាំងអាវុធហត្ថបន្តទៅទីតាំងទីពីរទៀត នៅចំណុចភូមិថ្មពូក ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជន់សង្ស័យតាមផ្លូវបានចំនួន ០១ នាក់ ឈ្មោះសម្បត្តិ ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកក្តី ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ និងដកហូតវត្ថុតាងរួមមានម្សៅក្រាមសរថ្លាសង្ស័យ ជាគ្រឿងញៀនចំនួន ០១ កញ្ចប់ធំ ទម្ងន់សរុប១០១.៣១ក្រាម ទូរស័ព្ទចំនួន០១ ម៉ូតូចំនួន០១គ្រឿងផងដែរ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់បន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ