រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន៣.៦៥១ករណីដែលចំនួននេះបានកើនឡើងប្រមាណ១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយកត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន៣.២០៨ករណី ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ថា ការសាយភាយព័ត៌មានក្លែងក្លាយ គឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសាកល ។
ឯកឧត្តមលើកឡើងថា ព័ត៌មានក្លែងក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នាផ្តល់ និងទទួលព័ត៌មានពោល គឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើនក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេស តាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គមនិងបច្ចេកវិទ្យាAi ។
ជាមួយគ្នានោះដែរ ឯកឧត្តមអ្នកនាំពាក្យបានអះអាងថា ក្រសួងព័ត៌មានបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា និងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា «ក្នុងស្ថានភាពនេះ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យជាប់លាប់ និងកាន់តែខ្លាំងក្លាជាងមុន ក្នុងការជំរុញប្រសិទ្ធភាពយន្តការប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាដាក់ចេញនូវយន្តការភ្ជាប់ជាមួយនឹងមធ្យោ បាយសមស្របនានា ដើម្បីឆ្លើយតបទាំងសកម្ម និងបុរសកម្មលើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព»។
ទន្ទឹមនេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ផងដែរថា ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះ ប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេស នៅលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង ។
បើតាមឯកឧត្តម ទេព អស្នារិទ្ធយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» ដែលក្រសួងព័ត៌មាននឹងរៀបចំនៅពេលខាងមុខនេះ នឹងក្លាយជាយន្តកា រមួយដ៏សំខាន់រួមចំណែកកាត់បន្ថយឱ្យមកកម្រិតអប្បបរមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
ឯកឧត្តមបានបញ្ជាក់ឱ្យដឹងដែរថា គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានរូបនោះសង្កត់ធ្ងន់ថា៖ «នៅពេលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ជាពិសេស មុនការចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន ពេលនោះយើងម្នាក់ៗនឹងអាច រួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុលចេញពីក្នុងលំហព័ត៌មាន របស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការរស់នៅ ដើម្បីបន្តធានាស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
ដូច្នេះ ដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិយើងយើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះ ថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីបញ្ជៀសការខាតបង់ពេលវេលា ប្រាក់កាស ឬព្យសន កម្មនានាដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីព័ត៌មានក្លែងក្លាយ »៕
ចែករំលែកព័តមាននេះ