ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ធ្វើ​ផ្ទះ​ជិត​៣០​នាក់ ត្រូវ​មេការ​បោក​អត់​បើកប្រាក់​ឈ្នួល​សរុប​ជាង​៧​លាន​រៀល នាំ​គ្នា​ទៅ​ជួប​មេ​ភូមិ​ឲ្យ​ជួយ​អន្តរាគមន៍

1 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជិត​៣០​នាក់ ត្រូវ​មេជាង បើកប្រាក់​ពី​ម្ចាស់ផ្ទះ ជាង​៨​លាន​រៀល រួច​គេចខ្លួន​បាត់ ធ្វើ​ឱ្យ​ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត នាំ​គ្នា​ទៅ​រក​មេ​ភូមិ ជួយ​អន្តរាគមន៍…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជិត​៣០​នាក់ ត្រូវ​មេជាង បើកប្រាក់​ពី​ម្ចាស់ផ្ទះ ជាង​៨​លាន​រៀល រួច​គេចខ្លួន​បាត់ ធ្វើ​ឱ្យ​ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត នាំ​គ្នា​ទៅ​រក​មេ​ភូមិ ជួយ​អន្តរាគមន៍ ដោយ​អ្នកខ្លះ​ពោល​ថា ខំប្រឹងរ​ត់ទៅ​ស៊ីឈ្នួល​ធ្វើ​សំណង់ផ្ទះ​គេ ទាំង​ប្រពន្ធ​ដេក​ឈឺ ដើម្បី​បាន​ប្រាក់​ព្យាបាល តែ​មេជាង​អត់​បើក​ឱ្យ ដោយ​ចាំ​បាត់​ៗ រហូត​ដល់​ប្រពន្ធ​ស្លាប់​ចោល ព្រោះ​គ្មាន​លុយ​ព្យាបាល អ្នកខ្លះ​ទៀត​ថា ទាំង​ប្តី​ប្រពន្ធ និង​កូន នាំ​គ្នា​ទៅ​ស៊ីឈ្នួល​ធ្វើ​កម្មករ​សំណង់ ទាំង​ជីវភាព​ត្រដាបត្រដួស សង្ឃឹម​ប្រាក់​ទិញ​អាហារ​ហូប​ប្រចាំ​ថ្ងៃ លុះ​នាំ​គ្នា​ធ្វើការ​ពី​១​ខែ ទៅ​១​ខែ គេ​អត់​បើកប្រាក់​ឱ្យ រង់ចាំ​រហូត​ដល់​ជិត​៣​ខែ ស្រាប់តែ​មេជាង​បើកប្រាក់​ពី​ម្ចាស់ផ្ទះ រត់គេច​ខ្លួន​បាត់​ស្រមោល ដែល​ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​ជួបនឹង​បញ្ហា​ខ្វះខាត​សម្រាប់​ជីវភាព​កាន់តែ​ខ្លាំង​ឡើង​ៗ ។

ហេតុការណ៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ជួប​មេ​ភូមិ ដើម្បី​ជួយ​អន្តរាគមន៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​ពី​ឈ្មោះ សុ​ត្រ ប៊ុ​ន​រឿ​ន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​, ឈ្មោះ ចៅ ផាត់​ច​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, និង​ឈ្មោះ អាត ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ បានឱ្យ​ដឹង​ដូច​ៗ គ្នា​ថា ៖ មាន​បុរស​ម្នាក់ ឈ្មោះ អៀម មក​ពី​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សាងសង់​ផ្ទះ​ច្រើន​ខ្នង ជា​របៀប​ផ្ទះ​បឹង​កា​ឡូ នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​បាន​នាំ​យក​មេជាង​ម្នាក់ មក​ជាមួយ​ឈ្មោះ ឌុ​ល អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ខេត្តកំពត ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់ ក៏​បាន​ប្រមូលគ្នា​ទៅ​ធ្វើការ​សំណង់ ដោយ​អ្នកខ្លះ ទទួល​បាន​ប្រាក់​កម្រៃ ១​ថ្ងៃ ៣​ម៉ឺន​រៀល អ្នកខ្លះ​៥​ម៉ឺន​រៀល លុះ​ពេល​ធ្វើ​ផ្ទះ​បាន​១​ខែ ស្រាប់តែ​មេជាង និយាយ​កុហក​ភូតភរ​ថា ឱ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ទៅ ត្រឹមតែ​៣ ទៅ​៤​ថ្ងៃ​ទៀត នឹង​បើកប្រាក់​ជូន​ពួក​គាត់​គ្រប់​ៗ​គ្នា​។ តែ​អ្វី​ៗ មិន​ដូច​ពាក្យ​សន្យា​របស់​មេជាង​ឡើយ ដោយ​ឱ្យ​ចាំ ១​ថ្ងៃ​ហើយ ១​ថ្ងៃ​ទៀត រហូត​ដល់​១​ខែ នៅ​តែ​មិន​ព្រម​បើក​ជូន​ពួក​គាត់​។ ចំណែក​ម្ចាស់ផ្ទះ​វិញ បាន​ប្រាប់​ពួក​គាត់​ថា ទោះបីជា​មេជាង​បើក​ថវិកា​រួច​រត់គេច​ខ្លួន ក៏​គាត់​នឹង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជូន​ដែរ​។ តែ​អ្វី​ៗ សុទ្ធតែ​បោកប្រាស់​ពួក​គាត់​ទាំងអស់ ខណៈ​ដែល​មេជាង​គេ​ខ្លួន​បាត់ ស្រាប់តែ​ម្ចាស់ផ្ទះ និយាយ​ក្រឡាស់​សម្តី មិន​ទទួលខុសត្រូវ​ដែរ ដោយ​ឱ្យ​ពួក​គាត់​ទៅ​ទារ​ពី​មេជាង​ខ្លួនឯង​។ ដូច្នេះ ពួក​គាត់ លំបាក​ខ្លាំង ដោយ​ត្រូវ​មេជាង​អត់​បើក​ថវិកា​ឱ្យ គឺ​អ្នកខ្លះ​ជាង​១​លាន​រៀល ខ្លះ​ទៀត​ជាង​២​លាន​រៀល ហើយ​ក៏​គ្មាន​លុយ សម្រាប់​ទិញ​ម្ហូបអាហារ​សម្រាប់​ទទួលទាន​ដែរ​។ ទើប​ពួក​គាត់​នាំ​គ្នា​ទៅ​ជួប​មេ​ភូមិ​ឱ្យ​ជួយ​អន្តរាគមន៍ ជាមួយ​ម្ចាស់ផ្ទះ និង​ជួយ​ទាក់ទង​ហៅ​មេជាង​ឱ្យ​ត្រឡប់​មក​ដោះស្រាយ​ជូន​វិញ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អៀម ជា​ម្ចាស់ផ្ទះ បានឱ្យ​ដឹង​តាម​ទូរ​សព្ទ​ថា លោក​អត់​បាន​សន្យា សង​ប្រាក់​ជំនួស​មេជាង​នោះ​ទេ ព្រោះ​ខាង​លោក បាន​បើកប្រាក់​ឱ្យ​គេ​អស់ហើយ ក៏​អត់​បាន​សន្យា​សង​ជំនួស​អ្វី​ដែរ មាន​តែ​ប្រជាពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ ទាក់ទង​ស្វែងរក​មេជាង ដើម្បី​សង​ប្រាក់​ថ្លៃ​ពលកម្ម ។

ចំណែក​លោក ហែម វ​ណ្ណា មេ​ភូមិ​ទួល​ខៀវ បានឱ្យ​ដឹង​ថា ខាង​លោក​មិន​អាច​ជួយ​អ្វី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ទេ មាន​តែ​ពាំនាំ​ពាក្យ​ទាំងនេះ ទៅ​ថ្នាក់លើ ដើម្បី​ជួយ​ដោះស្រាយ​បន្ត ។

ចំណែក​ប្រជាពលរដ្ឋ​ខាងលើ នឹង​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល ព្រមទាំង​ឡើង​ទៅ​មន្ទីរ​ការងារ​ខេត្ត ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ដែល​មេជាង បាន​បោកប្រាស់​ថវិកា​កម្លាំង​ញើស​ឈាម​ពួក​គាត់​។ ពួក​គាត់ ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មេត្តា​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ