១០ថ្ងៃដើមឆ្នាំ២០២៥ ខេត្តនគររាជសីមារបស់ថៃបន្តកើតមានភ្លើងឆេះព្រៃធំៗផ្ទួនៗចំនួន៤ដងមក
ហើយ ។ ឈានមកដល់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ហេតុការណ៍ភ្លើងឆេះព្រៃខេត្តនគររាជសីមា មិនទាន់រលត់នៅឡើយទេ ដោយសេចក្តីរាយការណ៍បឋមអះអាងថា ព្រៃជាង២០០ហិចតាត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង ខណៈអង្គភាពគ្រប់គ្រងភ្លើងឆេះព្រៃនៃឧទ្យានជាតិខៅយ៉ៃ កំពុងរួមដៃគ្នាជាមួយទីភ្នាក់ងារ៥ផ្សេងទៀត ដើម្បីតស៊ូប្រយុទ្ធជាមួយអណ្តាតភ្លើង ក្រោយពីវាបានបន្តរាលដាលដល់តំបន់ព្រៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដួងផាយ៉ា-ខៅយ៉ៃ ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនេះបានផ្ទុះឡើងតាំងតែពីថ្ងៃពុធ ចេញពីឧទ្យានជាតិ Khao Sado ហើយអណ្តាតភ្លើងបន្តរាលដាលដល់ខេត្តនគររាជសីមា ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមអ្នកពន្លត់អគ្គីភ័យមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនូវភ្លើងឆេះព្រៃនេះទេ ដោយបារម្ភថា វាអាចរាលដាលដល់តំបន់រមណីយដ្ឋានក្បែរនោះ ។ ឧទ្ធម្ភាគចក្រ DDMI AK32 ត្រូវបានគេដាក់ពង្រាយដើម្បីជួយក្នុងកិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យ ។

ឧបទ្ទវហេតុភ្លើងឆេះព្រៃថ្មីចុងក្រោយបំផុតនេះ គឺជាភ្លើងឆេះព្រៃលើកទី៤ហើយ នៅក្នុងខេត្តនគររាជសីម៉ា នារយៈពេល១០ថ្ងៃដើមឆ្នាំ២០២៥នេះ ដោយលើកទី១ កើតឡើងកាលពីថ្ងៃទី៣ ខែមករា នៅខាងក្រោយវត្តឧត្តមសុខ បំផ្លាញព្រៃឈើជាង២០០រ៉ៃ ឬ៣២ហិកតា។ លើកទី២ កាលពីថ្ងៃទី៥ ខែមករា និងលើកទី៣ ថ្ងៃទី៧ខែមករា ហើយត្រូវបានគេដាក់សង្ស័យថា ជាចេតនារបស់មនុស្ស ដែលដុតភ្លើងដើម្បីងាយស្រួលដល់ការបរបាញ់សត្វព្រៃ។

ភ្លើងឆេះព្រៃដែលកើតឡើងម្តងហើយម្តងទៀតទាំងនេះ បញ្ជាក់ពីផលប៉ះពាល់ដ៏សាហាវនៃសកម្មភាពរបស់មនុស្សលើធនធានធម្មជាតិដ៏មានតម្លៃក្នុងតំបន់។ អាជ្ញាធរកំពុងជំរុញឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្ន និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យនៅក្នុងតំបន់ព្រៃឈើ ដើម្បីជួយទប់ស្កាត់ការខូចខាតបន្ថែមទៀតដល់ប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នេះ។.

មន្ត្រីឧទ្យានជាតិជាច្រើននាក់បាននាំគ្នាសម្រុកឡើងភ្នំចូលទៅក្នុងកាន់តំបន់ឆាប់ឆេះ ក្នុងគោលដៅបង្កើតខ្សែការពារមុខភ្លើង ដើម្បីការពារកុំអោយភ្លើងរាលដាលដល់ភូមិអ្នកស្រុក។ ចំពោះឧបទ្ទវហេតុភ្លើងឆេះព្រៃជាលើកទី៤នាដើមឆ្នាំ២០២៥នេះ ព្រៃដែលឆេះខូចខាតជាង២០០ហិចតា ត្រូវបានគេប៉ាន់ស្មានជាបឋម នៅក្នុងចំណោមផ្ទៃព្រៃសរុបជិត ១ពាន់ហិចតា៕




ចែករំលែកព័តមាននេះ