ខេត្តស្ទឹងត្រែង ៖ លោកតាត សុវណ្ណ នាយករងសាលាសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ត្រូវបានក្រសួងសុខាភិបាលសម្រេចតែងតាំង មកជានាយកសាលាមធ្យម សិក្សាសុខាភិបាលភូមិភាគ ខណៈលោក តឹក ឡេងស៊ឺ លោកត្រូវចូលនិវត្តន៍។ នាពិធីប្រកាសចូលកាន់មុខតំណែងខាងលើបានធ្វើឡើងនៅបរិវេណសាលាមធ្យមសិក្សាសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិកាក្រសួងសុខាភិបាល លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី មន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងនិស្សិតពេទ្យយ៉ាងច្រើនកុះក ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះលោក សាស្ត្រចារ្យ តឹក ឡេងស៊ឺ អតីតៈនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលលោកសាស្ត្រាចារ្យបានរួមចំណែកក្នុងការបង្កើនធនធានមនុស្សក្នុងវិស័យសុខាភិបាល។លោកសាស្ត្រាចារ្យពិតជាបានបន្សល់នូវ ស្នាដៃ និងការខិតខំប្រឹងប្រែងជាច្រើន អំឡុងពេលលោកទទួលភារកិច្ច ។ លោកអភិបាលខេត្តក៏បានចូលរួមអបអរសាទរផងដែរចំពោះលោក តាត សុវណ្ណ ដែលត្រូវបានក្រសួងសុខាភិបាលផ្តល់ការទុកចិត្តតែងតាំងជានាយកសាលាសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគស្ទឹងត្រែង ។
លោកមានប្រសាសន៍ថា ការតែងតាំងនេះសមស្របទៅតាមនឹងសមត្ថភាព ការខិតខំប្រឹងប្រែងរបស់លោកចាប់តាំងពីជានិស្សិតរហូតបានក្លាយជាមន្ត្រីសុខាភិបាល ។ ទន្ទឹមនេះសូមឲ្យលោកនាយកសាលាថ្មីដែលទើបចូលកាន់មុខតំណែងត្រូវខិតខំប្រឹងប្រែងរក្សាបាននូវអ្វីដែលជាវឌ្ឍនភាពរបស់សាលា និងត្រូវមានសាមគ្គីភាពគ្នា ការរួបរួមគ្នា ដើម្បីឲ្យអង្គភាពយើងមានកេរ្តិ៍ឈ្មោះល្អ រួមចំណែកឲ្យខេត្តមានការអភិវឌ្ឍ ទទួលបានការកោតសរសើ តាមរយៈជំនាញចំណេះដែលលោកធ្លាប់ទទួលបាន ។
នាឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោក លោកស្រី សាស្ត្រាចារ្យ និងមន្ត្រី គ្រប់ជាន់ថ្នាក់ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលកន្លងមកបានសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់នូវពុទ្ធិ ចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗជូនដល់ក្មួយៗ ដើម្បីយកទៅបម្រើវិជ្ជាជីវៈខាងផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋនាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងដែលទើបត្រូវបានតែងតាំងនាពេលនេះត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន បន្តពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត,ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយគណ:គ្រប់គ្រងសាលា សាស្ត្រាចារ្យសំដៅលើកស្ទួយកិត្យានុភាពថ្នាលបណ្តុះបណ្តាលមួយនេះឲ្យបានល្អប្រសើរ លុបបំបាត់រាល់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ៕
ចែករំលែកព័តមាននេះ