ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងចេញមុខបញ្ជាក់ជាថ្មីថាករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាហ្សឺបៃហ្សង់នៅប្រទេសកាហ្សាក់ស្ថានកាលពីប៉ុន្មានអាទិត្យមុននោះមិនមែនជាស្នាដៃរបស់រុស្ស៊ីទេ។ ការថ្លែងដូច្នេះបន្ទាប់ពីប្រធានាធិបតីអាហ្សឺបៃហ្សង់ក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកពូទីនបានចេញមុខចង្អុលចំៗថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីជាអ្នកបាញ់។ លោកថែមទាំងទាមទារឱ្យរុស្ស៊ីចាប់ជនដៃដល់យកទៅផ្ដន្ទាទោស និងផ្ដល់ប្រាក់សំណងសម្រាប់ជនរងគ្រោះ។
យន្តហោះអាហ្សឺបៃហ្សង់នោះបានចាកចេញដំណើរពីអាហ្សឺបៃហ្សង់ឆ្លងកាត់ប្រទេសកាហ្សាក់ស្ថានដើម្បីចុះចតនៅទីក្រុងក្រូសស្នី (Grozny) ប្រទេសរុស្ស៊ី។ នៅពេលទៅដល់ដែនអាកាសរុស្ស៊ី យន្តហោះរងការវាយប្រហារដោយប្រព័ន្ធអគ្គិសនីឆក់នៃប្រព័ន្ធការពារដែនអាកាសរុស្ស៊ី និងត្រូវអម្បែងគ្រាប់របស់រុស្ស៊ី។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាហ្សឺបៃហ្សង់។
បន្ទាប់ពីរងការវាយប្រហារមួយប្រាវនេះ យន្តហោះចាប់ផ្ដើមស្រងល់ និងបាត់បង់ម្ចាស់ការ។ មិនយូរប៉ុន្មាន យន្តហោះក៏អណ្ដែតត្រសែតឥតទិសដៅពិតប្រាកដបកក្រោយមករកដែនអាកាសកាហ្សាក់ស្ថានវិញ និងហោះក្រឡឹងជិតព្រលានយន្តកាហ្សាកស្ថាន់ហាក់ដូចជាចង់ចុះចតជាបន្ទាន់។ មិនទាន់បានចុះចតផង យន្តហោះក៏ធ្លាក់ទៅលើឆ្នេរខ្សាច់មាត់សមុទ្រ។
ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូនោះបណ្ដាលឱ្យស្លាប់មនុស្ស៣៨នាក់ ខណៈដែល២៩នាក់នៅរស់។ នៅក្នុងការហៅទូរស័ព្ទទៅប្រធានាធិបតីអាហ្សឺបៃហ្សង់ លោកពូទីនថ្លែងថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីដំណើរការយ៉ាងសកម្មដើម្បីតាមប្រមាញ់យន្តហោះដ្រូនរបស់អ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីថ្លែងថាខ្លួនមិនទទួលខុសត្រូវនៅក្នុងសំណុំរឿងនេះទេ។
នៅសប្ដាហ៍នេះ ប្រធានាធិបតីអាហ្សឺបៃហ្សង់ទាមទារយ៉ាងទទូចឱ្យទីក្រុងម៉ូស្គូទទួលស្គាល់កំហុសរបស់ខ្លួនដើម្បីឱ្យឆាប់ចប់រឿង។ លោកចោទប្រកាន់ថាអាជ្ញាធររុស្ស៊ីបន្ទាប់ពីរកឃើញការពិតហើយមិនគួរលាក់បាំងទេ។ ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស យល់ថាសម្រាប់ពេលនេះ គេមិនគួរសន្និដ្ឋាន ឬដាក់ការទទួលខុសត្រូវទៅលើរុស្ស៊ីទេ។
លោកថ្លែងថារុស្ស៊ីចង់ឃើញការស៊ើបអង្កេតមួយដែលប្រកបដោយភាពសត្យានុម័ត (ផ្អែកលើការពិត) និងឥតលំអៀងដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដនៅពីក្រោយគ្រោះថ្នាក់នេះ។ លោកថ្លែងបន្តទៀតថាយើងកំពុងរង់ចាំលទ្ធផលស៊ើបអង្កេត។ អ្នកជំនាញការរុស្ស៊ីកំពុងចូលរួមសហការពេញទំហឹងនៅក្នុងការស៊ើបអង្កេតរួមគ្នារបស់កាហ្សាក់ស្ថាន និងអាហ្សឺបៃហ្សង់។
ប្រភពខ្លះឱ្យដឹងថាលោកពូទីនបានហៅទូរស័ព្ទទៅប្រធានាធិបតីអាហ្សឺបៃហ្សង់ពីរដងដើម្បីសម្ដែងការសោកស្ដាយដែលហេតុការណ៍នេះកើតឡើងនៅលើដែនអាកាសរុស្ស៊ី។ ប៉ុន្តែវិមានក្រឹមឡាំងថ្លែងថាលោកពូទីនមិនបានទទួលស្គាល់ថារុស្ស៊ីជាអ្នកបាញ់យន្តហោះនោះទេ៕
ចែករំលែកព័តមាននេះ