រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ ចុះពិនិត្យនៅទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែលស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់ ។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើន នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ លោក ឃួង ស្រេង បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី ធ្វើយ៉ាងណា ដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឱ្យបាននូវការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ ។
ក្នុងឱកាស នៃការចុះពិនិត្យប្រឡាយនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញ ពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុង ទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀង នៅផ្លូវ១៩៨៦ និងតំបន់មួយចំនួន ក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះ ឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ ។
ជាមួយគ្នានោះ លោក ឃួង ស្រេង នូវបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូ ទំហំ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ។
បន្ថែមពីនេះទៀត លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាឱ្យបានលម្អិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀង ចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញអោយអាជ្ញាធរខណ្ឌ ធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាន នូវការលិចលង់ដោយជំនន់ទឹកភ្លៀង ៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ