រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់ខ្លួនអត់ឃើញចេញពីក្នុងផ្ទះអ្នកជិតខាងមានការសង្ស័យរាយការណ៍ទៅសន្តិសុខចុះទៅមើលប្រទះឃើញដួលស្លាប់នៅក្នុងផ្ទះរហូតដល់ហើមស្អុយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៨ខែមករា ឆ្នាំ២០២៥នៅចំណុចផ្ទះលេខ៣៤ ផ្លូវF បុរីពិភពថ្មីឈូកវ៉ា១ ក្នុងភូមិភ្លូផ្អើម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បុរសដែលដួលស្លាប់ឈ្មោះ ភិន ចាន់ដេតអាយុ៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមព័ត៌មានឲ្យដឹងថា រយៈពេលប្រមាណ ៣ថ្ងៃមកហើយគេពុំឃើញបុរសរូបនោះឡើយ។នៅព្រឹកថ្ងៃទី ៨ ខែមករានេះអ្នកជិតខាងបានឃើញទ្វារផ្ទះចាក់សោរនិងបើកភ្លើងក្រៅទុកចោលដោយមានការសង្ស័យក៏បានរាយការណ៍ទៅសន្តិសុខបុរីចុះមកត្រួតពិនិត្យនិងឡើងទៅលើដំបូងសំយាបផ្ទះមើលទៅបន្ទប់ជាន់ទី១ឃើញបុរសរូបនោះដួលស្លាប់ហើយធំក្លិនស្អុយទៅហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ។
តាមស្ត្រីជាប្អូនជីដូនមួយបានឲ្យដឹងថា ជាទូទៅបងរបស់ខ្លួនតែងតែធ្វើដំណើរទៅលេងប្អូនស្រីបង្កើតនៅក្រុងតាខ្មៅហើយប៉ុន្មានថ្ងៃនេះបាត់បងអត់ឃើញទៅលេងស្រាប់តែទទួលដំណឹងពីអ្នកជិតខាងថាបងជាដូនមួយដេកស្លាប់នៅក្នុងផ្ទះ។
តាមប្អូនស្រីជីដូនមួយរូបនោះបានឲ្យដឹងទៀតថា កន្លងមកបងជីដូនមួយមានជំងឺប្រចាំកាយសួតធ្ងន់ធ្ងរហើយបានស្នាក់នៅ ផ្ទះរបស់ប្អូនស្រីបង្កើតនៅបុរីឈូកវ៉ាមួយនេះតែម្នាក់ឯងមិននឹកស្មានថាបងបានដួលស្លាប់បែបនេះ។បន្ទាប់ពីភ្នាក់ផ្អើលសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យហើយបានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូងដួលស្លាប់ ៕
ចែករំលែកព័តមាននេះ