លោក គង់ សំអាត ចូលកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក…
ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក…
ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គ-នាយកដ្ឋានពន្ធនាគារ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក គង់ សំអាត ជាប្រធានពន្ធនាគារខេត្ដជំនួសលោក សួស សាខូ ដែលត្រូវចូលនិវត្តន៍ ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម អស់លោកគណៈប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំង៣ លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារខខេត្តជាច្រើនរូបទៀត ។
លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ សួស សាខូ អតីតប្រធានពន្ធនាគារខេត្ត ក្នុងរយៈពេល១៥ឆ្នាំ បម្រើការងារជាមន្ត្រីនគរបាល ២៣ឆ្នាំ ជាមន្ត្រីពន្ធនាគារក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានពន្ធនាគារខេត្ត រយៈពេល ១៤ឆ្នាំកន្លងមក បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយនិងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យពន្ធនាគារខេត្ត មានវឌ្ឍនភាពជាវិជ្ជមានគួរឲ្យកត់សម្គាល់ ព្រមទាំងបានកសាងនូវស្នាដៃ និងបន្សល់ទុក នូវសមិទ្ធផលល្អៗជាច្រើនទាំងផ្នែករឹង លើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកទន់លើការបណ្ដុះបណ្ដាលធនធានមនុស្សគាំទ្រដល់ការអភិវឌ្ឍនៅក្នុងអង្គភាពផងដែរ ។
លោកបន្តថា ការផ្លាស់ប្ដូរ ឬការតែងតាំងមុខតំណែងណាមួយនៅក្នុងអង្គភាព ឬស្ថាប័នសាធារណៈ គឺជាបែបបទនីតិវិធីរដ្ឋបាលធម្មតា ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំអង្គភាពកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការការងារ ជាក់ស្តែងលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តថ្មី ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ជាមន្ត្រីធ្លាប់មានបទពិសោធន៍ស្រាប់ក្នុងការងារដឹកនាំគ្រប់គ្រង និងនាំមកនូវបទពិសោធន៍ពីអង្គភាពចាស់ មកបញ្ចូលគ្នាជាមួយស្ថានភាព និងបទពិសោធន៍នៅអង្គភាពថ្មី ជាពិសេសលើទឹកដីថ្មីនេះប្រកបដោយការសហការ និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានប្រកបដោយសុឆន្ទៈ បុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់ ។
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាច្រើនដែលលោក សួស សាខូ អតីតពន្ធធនាគារសម្រេចបាន និងសូមណែនាំដល់លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តថ្មីដែលត្រូវបានប្រកាសតែងតាំងក្នុងថ្ងៃនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង, គោរពវិន័យ និងការដឹកនាំការងារទៅតាមឋានានុក្រម, យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព, ត្រូវមានភាពជាម្ចាស់ការក្នុងការដឹកនាំអង្គភាពពន្ធធនាគាឱ្យទទួលបានលទ្ធផលល្អ, ត្រូវមានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ដែលចំណុះឱ្យរដ្ឋបាលខេត្ត ជាពិសេសត្រូវគោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៕
ចែករំលែកព័តមាននេះ