រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
បើតាមលោកបណ្ឌិត ទូច សុឃៈ តាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី៨ មករា ឆ្នាំ២០២៥ថា បច្ចុប្បន្នកម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២ ។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញការងារជាប្រវត្តិសាស្ត្រ ចាប់ពីឆ្នាំ២០០២ ពោល គឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ។
ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងឱ្យទៅបំពេញការងារមុនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិដំបូង ចូលបំពេញការងារមកម្ល៉េះ ។
គួរកត់សម្គាល់ថា ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ក្នុងប្រកាសចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ ។ ស្មៀនឃុំ-សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានតួនាទីធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពោល គឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការតែងតាំងស្មៀនក្ដី ការប្រគល់សិទ្ធិទាំងស្រុងឱ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំដោយខ្លួនឯងក្ដី សុទ្ធតែជាមរតកលទ្ធផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានសម្ដេចក្រឡាហោម ស ខេង ជាសេនាធិការលើវិស័យមហាផ្ទៃ ។
បើតាមការឲ្យដឹងបន្ថែមពីលោកបណ្ឌិត ទូច សុឃៈថា ដោយសារស្មៀនជាតួអង្គសំខាន់មួយនៅគ្រប់ឃុំ សង្កាត់ នេះហើយទើបបានជានៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តបង្កើនការយកចិត្តទុកដាក់លើការបំពេញការងាររបស់ស្មៀន តួយ៉ាងមានសន្និបាតខាងមុខជាទឡ្ហីករណ៍ ៕
ចែករំលែកព័តមាននេះ