ខេត្តព្រះហសីហនុ ៖ មន្ត្រីជិត៥០នាក់នៃរដ្ឋបាលក្រុងព្រះសីហនុ រួមទាំងមនុស្សក្មេង-ចាស់ផង បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហារសម្រន់នំសាំងវិច«ហាងសំពៅមាស» ដែលជាហាងដ៏ល្បីមួយនៅក្នុងក្រុងព្រះសីហនុ ។
បើតាមការអះអាងរបស់អភិបាលរងក្រុងព្រះសីហនុ លោកស្រី ឈុន ដារី បានបញ្ជាក់ថា លោកស្រីក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះដែលបានពុលចំណីនេះដែរ ហើយលោកស្រីកំពុងបន្តឈឺរាគរូស សម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល២ថ្ងៃមកហើយ ។
គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៤ មន្ត្រីសាលាក្រុងព្រះសីហនុ ភាគច្រើនដែលទទួលរងការពុលអាហារកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត ។
ក្រោយការបែកធ្លាយជុំវិញព័ត៌មានមន្ត្រីសាលាក្រុងព្រះសីហនុជិត៥០នាក់ មានអាការៈរាគក្អួតស្ទើរគ្រប់គ្នា ក្រោយពីចូលរួមកិច្ចប្រជុំការងារនារសៀលថ្ងៃ២៦ ខែធ្នូ នេះ តាមប្រភពអ្នកចូលរួមបានឲ្យដឹងថា ជុំវិញការពុលចំណីអាហារនេះ គេនៅពុំទាន់អាចសន្និដ្ឋានបានទេ ប៉ុន្តែក្នុងកិច្ចប្រជុំមន្ត្រីទាំងអស់ដែលបានចូលរួម គឺបានហូបអាហារសម្រន់ គឺនំសាំងវិច ដែលបាននាំយកមកពីអាហារដ្ឋានសំពៅមាស ក្នុងក្រុងព្រះសីហនុ ។
អាហារដ្ឋានមួយនេះ កន្លងមកឲ្យតែមានកម្មវិធីរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងតែងតែកម្មង់អាហារសម្រន់ពីហាងមួយនេះ ។ ប៉ុន្តែគេនៅពុំទាន់ដឹងថា ការពុលនេះបណ្ដាលមកពីនំសាំងវិច ឬក៏មកពីអ្វីឲ្យពិតប្រាកដនៅឡើយទេ ។
អ្នកជំនាញផ្នែកសុខភាពបានប្រមូលសំណាកនំសាំងវិចមកវិភាគ ដើម្បីកំណត់ពីសារធាតុបណ្តាល ធ្វើឱ្យពុលមនុស្សជាច្រើននាក់ខាងលើនេះ ។ លទ្ធផលនៃការធ្វើពិសោធន៍នេះ មិនទាន់ដឹងភ្លាមៗនោះទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ ៕
ចែករំលែកព័តមាននេះ