ខេត្តកណ្តាល ៖ បុរសម្នាក់ ប្រាប់ឪពុកថា ទៅរកទិញអីហូប ក៏ស្រាប់តែបាត់ចេញពីផ្ទះ ចំនួន០៣ថ្ងៃ លុះដល់ថ្ងៃកើតហេតុប្រទះឃើញ យ៉ាងរន្ធត់ ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្រះទឹកមួយកន្លែង ជាប់ផ្លូវព្រលានយន្តហោះថ្មី ក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ស.ពរងគ្រោះឈ្មោះ អ៉ីង ស៊ីងឡុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ កន្លែងកើតហេតុមានបន្សល់ទុក នូវបារីចំនួន៣ដើម
ដែកកេះ ចំនួន១ និងទូរសព្ទម៉ាកអាយហ្វូន ចំនួន១គ្រឿង ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះ បានចេញពីផ្ទះដោយបាន ប្រាប់ឪពុកថា ទៅទិញអីហូប ស្រាប់តែមិនឃើញត្រឡប់មកផ្ទះវិញទេ គឺបាត់តែម្តង ។ ភ្លាមៗ ឪពុកជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក ផងដែរ ។
លុះមកដល់វេលាម៉ោង០៣រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមគ្រួសារជនរងគ្រោះ មានគេមកប្រាប់ថា បានឃើញជនរងគ្រោះ លង់ទឹកស្រះមួយកន្លែងនៅចំណុចផ្លូវចូលព្រលានយន្តហោះថ្មី ។ ខណៈនោះ ស្រាប់តែក្រុមគ្រួសារនាំគ្នាទៅមើលចំណុចស្រះទឹក ។ ហើយនាំគ្នាយកទូកចំនួន២គ្រឿង ជិះរាវរកក្នុងទឹកស្រះ ដើម្បីស្វែងរកជនរងគ្រោះ។ រហូតមកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក៏ប្រទះឃើញសាកស.ពអណ្តែតទឹក ជាប់និងដើមត្រែង ក៏ប្រញាប់ស្រង់ឡើងមកលើគោក និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ ។
ក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យ រួចរាល់ ស.ពត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ