ការចាត់ថ្នាក់ពន្ធលើពោតផ្ទុះកំពុងក្លាយជាប្រធានបទដ៏ក្តៅនិងកំ.ហឹ.ងនៅឥណ្ឌា
ឥណ្ឌា ៖ ពោតផ្ទុះ (Popcorn) គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុត ពិសេស ពេលទស្សនាខ្សែភាពយន្តទាំងនៅផ្ទះ និងតាមរោងកុន ។ ទោះយ៉ាងណា…
ឥណ្ឌា ៖ ពោតផ្ទុះ (Popcorn) គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុត ពិសេស ពេលទស្សនាខ្សែភាពយន្តទាំងនៅផ្ទះ និងតាមរោងកុន ។ ទោះយ៉ាងណា…
ឥណ្ឌា ៖ ពោតផ្ទុះ (Popcorn) គឺជាអាហារសម្រន់ដ៏ពេញនិយមបំផុត ពិសេស ពេលទស្សនាខ្សែភាពយន្តទាំងនៅផ្ទះ និងតាមរោងកុន ។ ទោះយ៉ាងណា កាលពីថ្មីៗនេះ អាហារសម្រន់ដ៏ពេញនិយមនេះបានក្លាយជាចំណុចដ៏ក្តៅលើការពិភាក្សា និងមតិរិះគន់ដូចទឹកបាក់ទំនប់ក្នុងប្រទេសឥណ្ឌា ក្រោយរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសនេះ បានប្រកាសពីការយកពន្ធលើពោតផ្ទុះក្នុងអត្រាខុសៗគ្នា ។ នេះបើតាមប្រភពពីសារព័ត៌មាន Times of India ចេញផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។
នៅក្នុងកិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាពន្ធលើទំនិញ និងសេវាកម្មរបស់ប្រទេសឥណ្ឌា ហៅកាត់ថា GST ដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Nirmala Sitharaman បានប្រកាសពីការយកពន្ធលើពោតផ្ទុះក្នុងអត្រាខុសៗគ្នា តាមប្រភេទនៃអាហារសម្រន់មួយនេះ ។ ការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលនេះ ទាក់ទាញការរិះគន់ពីក្រុមប្រឆាំង និងបង្កឱ្យមានការខឹងសម្បារលើបណ្តាញសង្គម ព្រោះតែពោតផ្ទុះត្រូវបង់ពន្ធខុសៗគ្នា នៅទូទាំងបណ្តារដ្ឋរបស់ប្រទេសឥណ្ឌា ។
លើសពីនេះទៀត អតីតទីប្រឹក្សាសេដ្ឋកិច្ចរដ្ឋាភិបាលចំនួនពីររូបបានចោទសួរឱ្យបញ្ជាក់បន្ថែមទៀតពីប្រព័ន្ធពន្ធ ដែលត្រូវបានណែនាំតាំងពីឆ្នាំ២០១៧មួយនេះផងដែរ។
GST ដែលដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមទាំងអ្នកតំណាងបណ្តារដ្ឋរបស់ឥណ្ឌាបានប្រកាស កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ពោតផ្ទុះគ្មានម៉ាកយីហោ (Brand) លាយជាមួយអំបិល និងគ្រឿងទេសផ្សេងទៀត ត្រូវគិតពន្ធ៥% ពោតផ្ទុះវេចខ្ចប់មានម៉ាកយីហោត្រឹមត្រូវនោះ ត្រូវគិតពន្ធ ១២%។ ចំណែកពោតផ្ទុះផ្អែមការ៉ាមែល (Caramel) ត្រូវបានចាត់ថ្នាក់ជាបង្អែម ដូច្នេះ ត្រូវគិតពន្ធ ១៨% ដោយពន្យល់ពីហេតុផល ក្រោយការសម្រេចចិត្តយកពន្ធខ្ពស់លើពោតផ្ទុះការ៉ាមែល លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុថា ផលិតផលណាមួយមានបន្ថែមជាតិស្ករ គឺត្រូវគិតពន្ធខុសគ្នា ។
សេចក្តីប្រកាសនេះ បានបង្កព្យុះសង្ឃរាលើបណ្តាញសង្គម ដោយអ្នកនយោបាយប្រឆាំង អ្នកសេដ្ឋកិច្ច និងអ្នកគាំទ្ររដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោកណារិនដ្រា ម៉ូឌី (Narendra Modi) បានរិះគន់យ៉ាងខ្លាំងក្លា រហូតដល់អ្នកផ្សេងទៀតថែមទាំងបង្កើតរូបថ្លុក (Meme) និងលេងសើចចំអក ចំពោះសេចក្តីប្រកាសនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានក្រុមប្រឹក្សាពន្ធលើទំនិញ និងសេវាកម្មរបស់ឥណ្ឌា មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើភាពចម្រូងចម្រាសមនេះ នៅឡើយទេ ៕ ប្រភព ៖ Times of India, Hindustan Times និង Reuters
ចែករំលែកព័តមាននេះ