ទីក្រុងកៀវ៖ មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាគ្រាន់តែប្រយុទ្ធគ្នាមួយរយៈពេលចុងក្រោយនេះ ទាហានកូរ៉េខាងជើងបានបាត់បង់កម្លាំងប្រយុទ្ធជាងបីពាន់នាក់។ ចំនួននេះគិតទាំងយុទ្ធជនដែលបានស្លាប់ និងរបួសនៅលើសមរភូមិនៃតំបន់ខឺស។ តាមពិត តួលេខនេះហាក់ដូចជាច្រើនជាងរបាយការណ៍សម្ងាត់របស់កូរ៉េខាងត្បូងដែលប៉ាន់ស្មានថាស្លាប់ និងរបួសជាង១១០០នាក់។ ទោះជាយ៉ាងណាក្ដី កូរ៉េខាងត្បូងគ្រាន់តែចង់ប៉ាន់ស្មានតួលេខនេះនៅក្នុងកម្រិតទាបបំផុតតែប៉ុណ្ណោះ។ មានន័យថាយ៉ាងហោចណាស់ចាប់ពីចំនួននេះឡើងទៅ។
លោកហ្សេឡិនស្គីថ្លែងបន្តទៀតថារបាយការណ៍នេះត្រូវបានបញ្ជូនមកដល់ដៃលោកដោយផ្ទាល់តាមរយៈអគ្គបញ្ជាការកងទ័ពអ៊ុយក្រែន ឧត្ដមសេនីយ៍អូឡិចសាន់ដឺ ស៊ីស្គី (Oleksandr Syrskyi) ពាក់ព័ន្ធនឹងសមរភូមិដ៏ក្ដៅគគុកនៅតំបន់ខឺស។ នៅទីនោះ កងទ័ពទាំងសងខាង រុស្ស៊ីពួតដៃគ្នាជាមួយកូរ៉េខាងជើងកំពុងប្រយុទ្ធទល់នឹងកងទ័ពអ៊ុយក្រែន។ លោកពូទីនបានដាក់ផែនការវាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យចេញផុតពីខឺសមុនពេលលោកត្រាំស្បថចូលកាន់តំណែងនាខែមករា ឆ្នាំ២០២៥។
មេដឹកនាំអ៊ុយក្រែនរូបនេះក៏ឆ្លៀតព្រមានរបបក្រុងព្យុងយ៉ាងផងដែរថាបើពួកគេនៅតែបញ្ជូនកងទ័ពទៅជួយច្បាំងរុស្ស៊ីទៀត អ៊ុយក្រែនក៏លែងគួរសមតទៅទៀតដែរ។ អ៊ុយក្រែនសូមរក្សាសិទ្ធិទុកជាមុនដើម្បីចាត់ការទៅលើពួកគេ។ ការថ្លែងដូច្នេះបន្ទាប់ពីគេទទួលដំណឹងថាកូរ៉េខាងជើងត្រៀមបញ្ជូនកងទ័ពទៅប្រទេសរុស្ស៊ីថែមទៀតដើម្បីដាក់ជំនួសកម្លាំងប្រយុទ្ធដែលបានបាត់បង់។
លោកហ្សឺលែនស្គីថ្លែងបន្តទៀតថាពិភពលោកចាំបាច់ណាស់ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់ថានៅពេលសម្ព័ន្ធមិត្តទាំង២ រុស្ស៊ី និងកូរ៉េខាងជើង បន្តកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំង ពេលនោះ ហានិភ័យនឹងកើតមានដូចជានៅឧបទ្វីបកូរ៉េ និងតំបន់ជិតខាង។ យោងតាមលោកហ្សេឡិនស្គី កូរ៉េខាងជើងមិនទាន់បញ្ឈប់សកម្មភាពត្រឹមនេះទេ។ ពួកគេនឹងបញ្ជូនកងទ័ព និងគ្រឿងបរិក្ខារយោធាទៅរុស្ស៊ីជាបន្តទៀត។ ដូច្នេះ យើងក៏ត្រៀមខ្លួនដើម្បីទប់ទល់ផងដែរ។
ប្រភពខ្លះអះអាងថាទាហានកូរ៉េខាងជើងដែលកំពុងច្បាំងនៅតំបន់ខឺសនោះប្រើប្រាស់ឯកសារក្លែងដើម្បីបិទបាំងមិនឱ្យគេដឹងថារុស្ស៊ីកំពុងប្រើប្រាស់កម្លាំងបរទេស។ កងទ័ពពិសេសរបស់អ៊ុយក្រែនអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាពួកគេប្រមូលបានឯកសារមួយចំនួនពីទាហានសាកសពទាហានកូរ៉េខាងជើងបីនាក់ដែលស្លាប់នៅលើសមរភូមិនៃតំបន់ខឺស។ នៅពេលពិនិត្យមើលកាតសម្គាល់ខ្លួនរបស់ពួកគេឃើញថាសរសេរសុទ្ធតែអក្សររុស្ស៊ី និងមកពីអង្គភាពទ័ពរុស្ស៊ី៕
ចែករំលែកព័តមាននេះ