ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីផ្តល់អនុសាសន៍សំខាន់ ៧ចំណុចដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ណែនាំ​សំខាន់​ជា​ទិស​ដៅ​ការងារ ទាំង​៧​ចំណុច​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (EDC) ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ណែនាំ​សំខាន់​ជា​ទិស​ដៅ​ការងារ ទាំង​៧​ចំណុច​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (EDC) ។

ក្នុង​កិច្ចប្រជុំ​ផ្លូវការ លើក​ទី​១ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ បាន​ផ្តល់​អនុសាសន៍​មាន ៖ ១. បន្ត​អនុវត្ត​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​សហ​ភាគី រួម​មាន​ជប៉ុន កូរ៉េ​ខាងត្បូង សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក្នុង​ក្រប​ខណ្ឌ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ បន្ថែម​លើ​យន្តការ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី រៀង​រាល់​មួយ​ឆ្នាំ​ម្តង ។

២. សិក្សា​វាយតម្លៃ និង​ធ្វើ​អាទិ​ភាវូបនីយកម្ម​សម្រាប់​ការ​លើកទឹកចិត្ត​វិនិយោគ​តាម​វិស័យ និង​ទីតាំង​ភូមិសាស្ត្រ ដែល​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។ ៣. រៀបចំ​យន្តការ​តាមដាន​ត្រួតពិនិត្យ​ការ​អនុវត្ត​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (​គ​.​ល​.​គ​. ឬ QIP) ក្រោយ​ទទួល​បាន​វិញ្ញាបនបត្រ​ជា គ​.​ល​.​គ ។ ៤. រៀបចំ​យន្តការ​ប្រទាក់ក្រឡា​ធ្វើ​ឱ្យ​មាន​សង្គតិភាព​នៃ​លំហូរ​ការងារ​វិនិយោគ រវាង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត ដោយ​ឈរ​លើ​ស្មារតី​សហការ​គ្នា ក្នុង​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​» ។

៥. អនុវត្ត​ឱ្យ​បាន​ពេញលេញ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (​ប្រព័ន្ធ cdcIPM) ទាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី ខេត្ត ព្រមទាំង​ធ្វើ​សន្ធានកម្ម​ត​ភ្ជាប់​តាម​ថ្នាល​បច្ចេកវិទ្យា​អេកូឡូស៊ី ដែល​មាន​ស្រាប់ ដើម្បី​ចែករំលែក​ទិន្នន័យ​ជាមួយ​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​បង្កើត​ជា​បណ្តុំ​ទិន្នន័យ​រួម​សព្វ​ជ្រុងជ្រោយ​មាន​សក្តានុពល​បម្រើ​ជា​ប្រយោជន៍​ដល់​វិនិយោគិន ក៏​ដូច​ជា សម្រួលការ​ផ្តល់​សេវា​សាធារណៈ​ពាក់ព័ន្ធ ។

៦. ជំរុញ​ការ​រៀបចំ​ការ​ផ្តល់​ព័ត៌មាន​វិនិយោគ​សម្បូរ​បែប​ចំ​គោលដៅ និង​មាន​ភាព​ទាក់ទាញ ដើម្បី​ឱ្យ​វិនិយោគិន​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួល​បាន​បច្ចុប្បន្នភាព​កាន់តែ​ស៊ីជម្រៅ​អំពី​សក្តានុពល​របស់​កម្ពុជា និង​នីតិវិធី​ពាក់ព័ន្ធ​ការ​ស្នើ​សុំ​វិនិយោគ ។ ៧. ពង្រឹង​ការ​លើកកម្ពស់​ធនធានមនុស្ស​សម្រាប់​ការ​ផ្តល់​សេវា​ជូន​វិនិយោគិន​ប្រកប ដោយ​គុណភាព ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ ភាព​ដោយហេតុ​ថា ធនធានមនុស្ស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​កម្រិត​អន្តរក្រសួង ស្ថាប័ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​លើកកម្ពស់​ធនធានមនុស្ស​នេះ​នឹង​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ តាម​រយៈ​ការ​ទាក់ទាញ​វិនិយោគ បង្កើត​ការងារ និង​បង្កើន​ផល​ចំណូល​សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ