រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យខ្យល់គរ ខណៈកំពុងឈរមើលអ្នកភូមិបង់សំណាញ់សុខៗ ក៏ស្រាប់តែដួលប្រកាច់បែកពពុះមាត់ បញ្ឈរភ្នែស្លឹង និងស្លប់ស្ដូកស្ដឹង។ ពេលនោះអ្នកបង់សំណាញ់ បានជួយសង្គ្រោះបឋមផងដែរ បន្ទាប់មកហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះ ហើយដល់មន្ទីរពេទ្យព្រះកុសុមៈ ក៏បានបាត់បង់ជីវិត ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្បែរភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសខាងលើវ័យប្រមាណជាង៥០ឆ្នាំ ពាក់អាវយឺត ពណ៍ទឹកសមុទ្រ ស្លៀកខោខ្លីក្រឡាការ៉ូ ចម្រុះពណ៍ និងពាក់ពាក់ស្បែកជើងស៊ក ហើយគាត់ជិះម៉ូតូម៉ាក ស៊ីទីសេ១០០កូរ៉េ ១គ្រឿង ។
អ្នកបង់សំណាញ់ បាននិយាយថា នៅមុនពេលកើតហេតុ ពុំដឹងថា បុរសរងគ្រោះរូបនោះ មកពីទីកន្លែងណានោះទេ បានជិះម៉ូតូទៅឈប់នៅចំណុចកើតហេតុខាងលើនោះ មើលពួកគាត់បង់សំណាញ់។ ខណៈកំពុងឈរមើលសុខៗ ក៏ស្រាប់តែដួលប្រកាច់បែកពពុះមាត់បញ្ឈរភ្នែកស្លឹងតែម្ដង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ហើយពួកគាត់បានជួយសង្គ្រោះបឋម និងហៅរថយន្តពេទ្យដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
សមត្ថកិច្ច បានប្រាប់ថា សង្ស័យបុរសម្នាក់នោះខ្យល់គរ ទើបឈរសុខៗ ស្រាប់តែដួលសន្លប់បែបនេះ ហើយក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ ក៏បានបាត់បង់ជីវិត ។ បន្ទាប់មក រថយន្តពេទ្យ ក៏បានដឹកស.ពយកទៅតម្កល់នៅឈាបនដ្ឋានវត្តសំបួរមាស ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ ឲ្យទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ