ទឹកជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិតមនុស្សគ្រប់រូប ។ ពេលខ្លះទឹកធម្មតាមួយកែវអាចផ្ដល់ភាពស្រស់ស្រាយបានល្អជាងកាហ្វេ ឬទឹកក្រូចកំប៉ុងទៀតផង ។ អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា២លីត្រ ឬពី៨ ទៅ៩កែវក្នុងមួយថ្ងៃដើម្បីរក្សាបានសុខភាពល្អប្រសើរចៀសផុតពីបញ្ហា ផ្សេងៗ ។
ទោះជាយ៉ាងណា ភាគច្រើននៃពួកយើងមិនបានទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំឡើយ។ អាការដែលនឹងលេចឡើងនៅពេលអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ ៖
១. ស្ងួតមាត់ ៖ នោះក៏ព្រោះតែជាធម្មតាការទទួលទានទឹកជួយសម្រួលដល់ភ្នាសទឹករំអិលក្នុងមាត់ និងបំពង់ក ដែលធ្វើឱ្យមាត់មានសំណើមជាប់រហូតជាមួយទឹកមាត់ ។ ដូច្នេះហើយទើបក្នុងមាត់ និងបំពង់កប្រែជាស្ងួតនៅពេលអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ ។
២. ស្បែកស្ងួត ៖ ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ដូច្នេះវាត្រូវការរក្សាបាននូវជាតិសំណើម ឬជាតិទឹកជាប់ជានិច្ច ។ ជាញឹកញយ ស្បែកស្ងួតជាអាការដែលលេចឡើងដំបូងបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភផ្សេងៗ ។ លើសពីនេះទៅទៀតកង្វះជាតិទឹកមានន័យថា កង្វះញើសជាហេតុបណ្ដាលឱ្យរាងកាយអសមត្ថភាពក្នុងការសម្អាតភាពកង្វក់ និងប្រេងដែលបានប្រមូលផ្ដុំ ។
៣.ស្ងួតភ្នែក ៖ ការទទួលទានទឹកមិនត្រឹមតែជះឥទ្ធិពលតែលើមាត់, បំពង់ក និងស្បែករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងភ្នែកផងដែរ ។ ការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យភ្នែកប្រែជាស្ងួត និងក្រហម ។ កង្វះនៃជាតិទឹកក្នុងរាងកាយ ក៏ប៉ះពាល់ដល់ក្រពេញទឹកភ្នែកផងដែរ ។
៤.ឈឺសន្លាក់ ៖ ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ៨០ភាគរយ ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា ។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត ។
៥. បញ្ហាប្រព័ន្ធរំលាយអាហារ ៖ ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ ។
៦. អស់កម្លាំង ៖ នៅពេលរាងកាយជួបប្រទះបញ្ហាខ្សោះជាតិទឹកនោះវានឹងខ្ចីជាតិទឹកពីឈាម ហើយកង្វះជាតិទឹកក្នុងឈាមនាំឱ្យខ្វះអុកស៊ីសែនដែលត្រូវបាននាំយកទៅក្នុងរាងកាយ ។ កង្វះនៃអុកស៊ីសែនក្នុងរាងកាយនឹងបណ្ដាលឱ្យងងុយគេង ហើយអស់កម្លាំង។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ងងុយគេង និងអស់កម្លាំង ចូរទទួលទានទឹកមួយកែវភ្លាម ។
៧.ឈឺរមួលសាច់ដុំ ៖ សាច់ដុំត្រូវការជាតិទឹកដើម្បីដំណើរការមុខងារបានប្រសើរ និងត្រឹមត្រូវ ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនជាង១កែវក្នុងមួយថ្ងៃ នោះអ្នកកំពុងធ្វើឲ្យសាច់ដុំបាត់បង់នូវអ្វីដែលវាត្រូវការហើយ ។ ជាលទ្ធផលអ្នកនឹងជួបប្រទះការឈឺចាប់រមួលសាច់ដុំ និងខ្សោយសាច់ដុំផងដែរ ។
៨.ទល់លាមក ៖ ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក ។ ជាពិសេសប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយ យូរៗថែមទៀត ៕
ចែករំលែកព័តមាននេះ