ខេត្តកំពត ៖ គោតូចធំចំនួន៩ក្បាល ដែលម្ចាស់ធ្វើក្រោលដាក់ចោលនៅជើងភ្នំមួយស្ថិតនៅភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានក្រុមចោរលួចដឹកចេញពីក្រោលយកទៅបាត់កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ។
តាមការរៀបរាប់ម្ចាស់គោឈ្មោះ ទង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិដើមចំរៀក បាននិយាយប្រាប់កោះសន្តិភាពថា គោចំនួន៩ក្បាលនេះ គាត់បានធ្វើក្រោលដាក់នៅជិតភ្នំនេះ ងាយស្រួលអោយស្មៅស៊ីហើយជារៀងរាល់យប់ក៏គាត់មកដេកចាំដែរ ។
តែនៅយប់កើតហេតុនោះ ម៉ោងជាង១០យប់ក៏គាត់បានត្រឡប់ពីក្រោលគោទៅផ្ទះដោយគិតថា ឡើងធ្វើម្ហូបសម្រាប់ទុកសែនពូនផ្នូរកុងម៉ា ។ លុះជិតភ្លឺថ្ងៃទី២២ ធ្នូនេះ គ្រាន់តែមកដល់ក្រោលគោ ស្រាប់តែឃើញខ្សែគោដាច់រប៉ាត់រប៉ាយ ហើយគោមួយក្បាលបានដាច់ខ្សែនៅក្រៅក្រោល ហើយបានបាត់គោមេចំនួន៣ក្បាល សុទ្ធតែមានកូននៅក្នុងពោះ ។
បន្ទាប់ពីមានករណីចោរលួចគោបាត់អស់បីក្បាល នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ នគរបាលទទួលផ្នែកព្រហ្មទណ្ឌ ស្រុកបន្ទាយមាស រួមទាំងនគរបាលប៉ុស្តិ៍ស្ដេចគង់ខាងលិច បានចុះមកពិនិត្យនៅក្រោលគោ ក្នុងនោះគេឃើញមានដានគោដែលចោរបានដឹកចេញពីក្រោលឆ្លងចូលដីភូមិជ្រោះតាសោម និងកាត់បន្លាលួសធ្វើរបងអ្នកភូមិចំនួន២ខ្សែទៀតផង ដើម្បីដឹកគោឆ្លងចូលក្នុងព្រៃ ។
នគរបាលស្រុកមិនបាននិយាយពីពាក់ព័ន្ធ និងករណីចោរលួចគោនោះទេ គ្រាន់តែហៅម្ចាស់គោធ្វើកំណត់ ហេតុ ។ ប៉ុន្តែប្រជាពលរដ្ឋនៅជ្រោះតាសោមនិយាយថា មិនសង្សឹមថា ឃើញគោវិញទេ ព្រោះគោដែលបានបាត់នោះច្រើនតែចោររុញឡើងរថយន្ត ៕
ចែករំលែកព័តមាននេះ