ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី នៅតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកអង្គការណាតូជានិច្ច។ លោកថ្លែងថាគម្រោងចូលណាតូអាចនឹងទៅរួច។ គ្រាន់តែថារដ្ឋាភិបាលរបស់លោកត្រូវតែកាន់កាំភ្លើងតស៊ូនៅក្នុងសមរភូមិជាបន្តទៀតដើម្បីបញ្ចុះបញ្ចូលឱ្យក្រុមប្រទេសសម្ព័ន្ធមិត្តទទួលយក។ ខាងលើនេះជាអ្វីដែលលោកថ្លែងប្រាប់អ្នកការទូតបរទេស។
អ៊ុយក្រែនធ្លាប់ស្នើសុំជាច្រើនដងមកហើយទៅអង្គការណាតូដើម្បីទទួលយកខ្លួនជាសមាជិករបស់ស្ថាប័នយោធា១នេះដោយសង្ឃឹមថាសន្តិសុខជាតិរបស់ខ្លួននឹងទទួលបានការធានាកាន់តែប្រសើរ។ ជាកិច្ចឆ្លើយតប រដ្ឋជាសមាជិកអង្គការណាតូបង្ហើបឱ្យដឹងថាខ្លួនមិនជំទាស់នឹងការស្នើសុំនេះទេ។ ប៉ុន្តែសំខាន់ត្រូវតែអ៊ុយក្រែន និងរុស្ស៊ីបិទបញ្ចប់សង្គ្រាមជាផ្លូវការសិន។
សម្រាប់លោកពូទីន លោកតែងតែជំទាស់ជានិច្ច។ លោកពូទីនធ្លាប់បញ្ជាក់ថាមូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមអ៊ុយក្រែនក៏ដោយសារតែចង់ចូលជាសមាជិកអង្គការណាតូហ្នឹងហើយ។ នៅក្នុងន័យនេះបើគេបកស្រាយមិនច្រឡំទេ ទោះបីសង្គ្រាមបញ្ចប់ទៅវិញក៏ដោយឱ្យតែអ៊ុយក្រែនហ៊ានចូលជាសមាជិកណាតូនឹងមានបញ្ហាជាមួយគ្នាជាមិនខាន។
លោកពូទីនប្រហែលជាមិនអាចទទួលយកបាន ហើយនឹងមិនចុះហត្ថលេខាបញ្ចប់សង្គ្រាមទេបើអ៊ុយក្រែន និងក្រុមបស្ចិមប្រទេសមិនផ្ដល់ការធានាដោយប្រាកដប្រជាថាអ៊ុយក្រែននឹងមិនចូលជាសមាជិកអង្គការណាតូជាដាច់ខាតទោះបីនៅក្នុងកាលៈទេសៈណា និងតម្លៃណាក៏ដោយ។ លើកលែងតែមេដឹកនាំរុស្ស៊ីជំនាន់ក្រោយលោកពូទីនគិតយ៉ាងណាជារឿងថ្មីទៀត
មានសេណារីយោច្រើនណាស់ដែលអ៊ុយក្រែនស្នើឡើង។ កាលពីពេលកន្លងមក លោកហ្សេឡិនស្គី ធ្លាប់បង្ហើបឱ្យដឹងថាលោកសុខចិត្តកាត់ទឹកដីខ្លះទៅឱ្យរុស្ស៊ី ធ្វើម៉េចឱ្យតែបានចូលជាសមាជិកណាតូ។ មានន័យថាលោកចង់ចរចាគ្នាជាកញ្ចប់។ អ៊ុយក្រែនសុខចិត្តទទួលស្គាល់ទឹកដីដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់ជាទឹកដីរុស្ស៊ីស្របច្បាប់ បូកជាមួយតំបន់គ្រីម៉េមួយទៀត។ ជាការធ្វើសម្បទានត្រឡប់មកវិញ លោកពូទីនត្រូវយល់ព្រមឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូ។
មានន័យថាលោកហ្សេឡិនស្គីមិនចង់រង់ចាំដល់ចប់សង្គ្រាមសិនចាំស្នើសុំចូលជាសមាជិកណាតូទេព្រោះវាជាការមិនប្រាកដប្រជា។ ហេងស៊យកាត់ដីឱ្យរុស្ស៊ីរួចហើយអត់បានចូលណាតូដដែល។ ទោះជាយ៉ាងណាក្ដី លោកពូទីនទាមទារដាច់ខាត២ចំណុច។ ទី១-ត្រូវតែកាត់ទឹកដីអ៊ុយក្រែនទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាព។ លោកអះអាងថាទឹកដីដែលកាត់នេះទុកធ្វើជាតំបន់ទ្រនាប់ដើម្បីឱ្យទីក្រុងម៉ូស្គូមានគំលាតឆ្ងាយបន្តិចពីព្រំដែនអ៊ុយក្រែន។ ទី២-អ៊ុយក្រែនមិនត្រូវចូលណាតូជាដាច់ខាត។
លោកហ្សេឡិនស្គីនៅតែអះអាង និងរំពឹងទុកជាមុនថានៅពេលអ៊ុយក្រែនចូលជាសមាជិកណាតូរួចហើយ ប្រទេសជាតិនឹងមានភាពកក់ក្ដៅព្រោះប្រទេសរុស្ស៊ីនឹងខ្លាចញញើត ហើយនឹងលែងហ៊ានវាយប្រហារអ៊ុយក្រែនតទៅទៀត។ លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនអាចចូលជាសមាជិកអង្គការណាតូបានឬមិនបានអាស្រ័យទៅលើការសម្រេចចិត្តផ្នែកនយោបាយ។
លោកយល់ថាករណីដែលអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូអាចនឹងទៅរួច។ ប៉ុន្តែអាចទៅរួចលុះត្រាតែយើងបន្តការតស៊ូនៅក្នុងសង្គ្រាម។ យោងតាមលោកហ្សេឡិនស្គី ក្រុមសម្ព័ន្ធមិត្តចង់ដឹងថាតើអ៊ុយក្រែនអាចធ្វើអ្វីខ្លះសម្រាប់ពួកគេក្រោយពេលចូលណាតូ? និងថាតើនៅពេលអ៊ុយក្រែនចូលណាតូរួចហើយអាចធ្វើឱ្យទំនាក់ទំនងអន្តរជាតិមានស្ថិរភាពម្រិតណា?
ចែករំលែកព័តមាននេះ