រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំរាជរដ្ឋាភិបាលភាសារខ្មែរនៅតែជាភាសាជាតិតែមួយគត់ ហើយគ្មានបំណងណាមួយដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់និន្ទេសA នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ថ្ងៃមុនមិននៅៗស្រែកថា ក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលភាសាវៀតណាម ក្នុងប្រព័ន្ធជាភាសាជាតិ អត់មានទេ! ខ្ញុំសូមបញ្ជាក់ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេសភាសាខ្មែរ នៅតែជាភាសារជាតិតែមួយគត់របស់កម្ពុជ ។ គ្មានដាក់ភាសាបារាំង ឬភាសារអង់គ្លេស គឺគ្មានទេ» ។
សម្តេចមហាបវរធិបតី បានបន្ថែមថា កាលពីមុនសង្គ្រាមចង់ប្រឡងបាក់ឌុបទាល់តែយើងចេះទាំងភាសារខ្មែរ និងភាសាបារាំង តែឥលូវនេះភាសាបរទេស(បារាំង អង់គ្លេស ជប៉ុន ចិន…) ជាភាសាររៀនបន្ទាប់បន្សំ តែភាសារជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសារខ្មែរតែមួយគត់ ។
ទាក់ទិននឹងភាសារខ្មែរនេះដែរ សម្តេចមហាបវរធិបតី បានអះអាងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ទិសដៅ គឺធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសារខ្មែរឲ្យកាន់តែរឹងមាំ ចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់លើ ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ៖«យើងគ្មានផែនការណាយកភាសាណាមកជំនួសភាសារខ្មែរនោះទេ ជនជាតិខ្មែរ ត្រូវរៀនភាសារខ្មែរ ហើយយើងមិនត្រឹមតែសរសេរអាននោះទេ ពេលនេះ Google ក៏មានជាភាសាខ្មែរដែរ ។ កាលពីមុនភាសាមានតែសរសេរលើស្លឹករឹត លើក្រដាសបោះពុម្ព តែឥលូវបានក្លាយទៅជាភាសាឌីជីថលទៀត ។ ការធ្វើបែបនេះ ដើម្បីឲ្យកូនខ្មែរប្រើប្រាស់ភាសារខ្មែរកាន់តែច្រើន» ។
សម្តេចមហាបវរធិបតីបានលើកឡើងទៀតថា សម័យមុន មានគេថា បើចង់ប្រើឌីជីថល ទាល់តែរៀន ឬចេះភាសាអង់គ្លេស ព្រោះគ្មាននៅលើកឃីបត(Keyboard ) ឥលូវយើងមាន ។ តាមខ្ញុំចាំ កាលពីមុនមានមួយចំនួន ប៉ុន្តែមិនទូលំទូលាយ ។ នៅពេលនេះគ្រាន់តែអាចជាសំឡេងក៏អាចចេញជាអក្សរផងដែរ ដូច្នេះយើងគួរតែមានមោនភាព ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែជំរុញឲ្យមានការអភិរក្សភាសារខ្មែរ និងធ្វើការលើកកម្ពស់ភាសារខ្មែរព្រមទាំងជំរុញឲ្យបង្កើតទៅជាឌីជីថលទាន់សម័យ ។ ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតីបានប្រកាសថា សូមកុំឲ្យមានការភ័យព្រួយថា រដ្ឋាភិបាល និងលក់ភាសារខ្មែរ ហើយយកភាសារផ្សេងមកដាក់នោះ គឺអត់ទេ វាជាព័ត៌មានប្រឌិតក្លែងក្លាយដើម្បីឲ្យមានវឹកវរ ។
សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឲ្យមានការដាក់តាំងពិពរណ៍សៀវភៅឲ្យកាន់តែច្រើនទូលំទូលាយ ដើម្បីឲ្យឪពុកម្តាយនាំកូនៗទៅទិញសៀវភៅមកអានជាជាងការកាន់ទូរស័ព្ទ ។ សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា ៖«ខ្ញុំសូមជំរុញឲ្យក្មួយៗអាចសៀវភៅព្រោះអានជក់ណាស់ «ខ្ញុំនេះហើយ» កាលនោះខ្ញុំអានជក់ព្រោះកាលនោះនៅបណ្ណាល័យមិនសូវមានសៀវភៅទេ តែឥលូវក្មេងៗមានសៀវភៅតាំងពីថ្នាក់ទី១ទៅដូច្នេះសូមអានឲ្យបានច្រើន» ៕
ចែករំលែកព័តមាននេះ