ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Forbes ៖ ស្ត្រី៥រូបពីអាស៊ាន ជាប់ក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតលើលោកឆ្នាំ២០២៤

13 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ស្ត្រីឆ្នើម៥រូបមកពីតំបន់អាស៊ាន បានជាប់ក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតទាំង១០០រូប នៅលើពិភពលោកឆ្នាំ ២០២៤ (World’s 100 Most Powerful…

សហរដ្ឋអាមេរិក ៖ ស្ត្រីឆ្នើម៥រូបមកពីតំបន់អាស៊ាន បានជាប់ក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតទាំង១០០រូប នៅលើពិភពលោកឆ្នាំ ២០២៤ (World’s 100 Most Powerful Women) របស់ទស្សនាវដ្តីពាណិជ្ជកម្ម Forbes របស់សហរដ្ឋអាមេរិក។

-អ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (ថៃ) ចំណាត់ថ្នាក់ទី ២៩ ពិភពលោក
ការរង្គោះរង្គើនយោបាយដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលតុលាការធម្មនុញ្ញឈានដល់ការដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បាននាំឱ្យអ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ថៃ កាលពីខែ សីហា ឆ្នាំ ២០២៤។ ស្បថចូលកាន់តំណែងមុនអាយុ៣៨ឆ្នាំ អ្នកស្រីគឺជាប្រមុខរដ្ឋាភិបាលក្មេងបំផុតរបស់ប្រទេសថៃ។

អ្នកស្រីគឺជាកូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងមហាសេដ្ឋីជំនួយដ៏ល្បីរបស់ប្រទេស ដែលបានកាន់តំណែងពីឆ្នាំ ២០០១ ដល់ ២០០៦។ ម្តាយមីងរបស់អ្នកស្តី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីកាន់តំណែងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៦។ មុនពេលក្លាយជានាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតុងថាម បានកាន់តួនាទីជាច្រើនក្នុងអាជីវកម្មគ្រួសារស៊ីណាវ៉ាត្រា មុនពេលតម្រូវឱ្យលាពីតួនាទីទាំងអស់ មុនពេលស្បថចូលកាន់តំណែង។

-លោកស្រី ហូ ជីង (សិង្ហបុរី) ចំណាត់ថ្នាក់ទី ៣២ ពិភពលោក
លោកស្រី ហូ ជីង (Ho Ching) វ័យ៧១ឆ្នាំ គឺជានាយកប្រតិបត្តិ នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់សិង្ហបុរី Temasek ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២១ ហើយបានជួយឱ្យផលប័ត្រក្រុមហ៊ុនវិនិយោគពហុជាតិគ្រប់គ្រងដោយរដ្ឋមួយនេះ កើនឡើងដល់ជាង ៣១៣ពាន់លានដុល្លារអាមេរិក។ នៅខែតុលា ឆ្នាំ២០២១ លោកស្រីត្រូវបានតែងតាំងជាប្រធានបន្ទាប់របស់ Temasek Trust ដែលជាអង្គភាពទទួលខុសត្រូវចំពោះអំណោយទានសប្បុរសធម៌របស់ក្រុមហ៊ុន Temasek។

ភរិយារបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) រូបនេះ បានបើកការិយាល័យនៅទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ ហើយបានចំណាយប្រាក់ជាងមួយភាគបួននៃក្រុមហ៊ុនទៅក្នុងវិស័យដូចជា វិទ្យាសាស្ត្រនៃជីវិតពិត បច្ចេកវិទ្យា និងកសិពាណិជ្ជកម្ម។

-លោកស្រី ស្រី មូលីយ៉ានី អ៊ីឌ្រាវ៉ាទី (ឥណ្ឌូណេស៊ី) ចំណាត់ថ្នាក់ទី ៤៩ ពិភពលោក
សេដ្ឋវិទូឥណ្ឌូណេស៊ី លោកស្រី ស្រី មូលីយ៉ានី អ៊ីឌ្រាវ៉ាទី (Sri Mulyani Indrawati) វ័យ៦២ឆ្នាំ កំពុងស្ថិតក្នុងពាក់កណ្តាលអាណត្តិទី២ របស់លោកស្រីក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី។ លោកស្រីបានបម្រើការក្នុងតួនាទីនេះពីឆ្នាំ ២០០៥ ដល់ ២០១០ ហើយត្រូវបានតែងតាំងជាថ្មីក្នុងឆ្នាំ ២០១៦។ នៅចន្លោះអាណត្តិលោកស្រីជាប្រធានហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី អ៊ីឌ្រាវ៉ាទី គឺជានាយកគ្រប់គ្រង និងជាប្រធានប្រតិបត្តិរបស់ធនាគារពិភពលោកផងដែរ។ ពេលបំពេញតួនាទីនៅធនាគារពិភពលោក លោកស្រីបានប្រើវេទិកាសង្គមផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ។

លោកស្រី អ៊ីឌ្រាវ៉ាទី បានទទួលការកោតសរសើរនៅក្នុងតួនាទីបច្ចុប្បន្ន ចំពោះរបៀបដែលលោកស្រីបានធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារ និងការដោះស្រាយវិបត្តិជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ១៩ ផងដែរ។

-លោកស្រី ហេឡេន វង់ (សិង្ហបុរី) ចំណាត់ថ្នាក់ទី ៥៩ ពិភពលោក
លោកស្រី ហេឡេន វង់ (Helen Wong) វ័យ៦៣ឆ្នាំ កំពុងទាញយកបទពិសោធន៍ផ្នែកធនាគាររយៈពេល៤ទសវត្សរ៍ ដើម្បីដឹកនាំ OCBC ដែលជាធនាគារសិង្ហបុរី ដែលកាលពីឆ្នាំ ២០២៣ បានកត់ត្រាប្រាក់ចំណូលសរុបចំនួន ១០ពាន់លានដុល្លារអាមេរិក។ លោកស្រីត្រូវបានតែងតាំងជានាយកប្រតិបត្តិ OCBC នៅឆ្នាំ ២០២១ និងជានាយកក្រុមប្រឹក្សាភិបាលរបស់ធនាគារនេះ នៅឆ្នាំ ២០២៣ ។

លោកស្រីពីមុនបានចំណាយពេល២៧ឆ្នាំ នៅក្នុងតួនាទីជាច្រើននៅធនាគារ HSBC។ ការងារចុងក្រោយរបស់លោកស្រីក្នុងធនាគារនេះ គឺមើលការខុសត្រូវលើអាជីវកម្មតំបន់ចែករំលែកទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចជាមួយប្រជាជនចិន ឬ Greater China។ លោកស្រីគឺជាសមាជិកក្រុមប្រឹក្សាសម្រាប់សមាគមធនាគារនៅសិង្ហបុរី និងវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុសិង្ហបុរីផងដែរ។

-លោកស្រី ជេននី លី (សិង្ហបុរី) ចំណាត់ថ្នាក់ទី ៩៦ ពិភពលោក
លោកស្រី ជេននី លី (Jenny Lee) វ័យ៥២ឆ្នាំ គឺជាដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនមូលធន Granite Asia ផ្តោតលើវិស័យបច្ចេកវិទ្យាផ្នែកអប់រំដូចជា Edtech, Fintech និង Metaverse ។ លោកស្រីនាងមានផលប័ត្ររបស់ក្រុមហ៊ុនចំនួន២១ ដែលមានតម្លៃជាង១ពាន់លានដុល្លារក្នុងមួយក្រុមហ៊ុន។

ស្ត្រីដំបូងគេបានបំបែកបញ្ជីអ្នកវិនិយោគកំពូលទាំង១០ក្នុងឆ្នាំ ២០១២ របស់ទស្សនាវដ្តី Forbes (The Forbes Midas List) ផលប័ត្រលោកស្រី លី មានចាប់ពីរថយន្តតាក់ស៊ីហោះដំបូងរបស់ប្រទេសចិន eHang រហូតដល់ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីចិន Kingsoft WPS។

លោកស្រី ជេននី លី ធ្លាប់ជាអ្នកវិនិយោគក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម YY និងក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ដែលបានចេញជាសាធារណៈក្នុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Temasek និង SATS Ltd។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ ២០០៤ មក ទស្សនាវដ្ដី Forbes បានបោះពុម្ពផ្សាយបញ្ជីប្រចាំឆ្នាំរបស់ខ្លួន ស្តីអំពីស្ត្រីមានឥទ្ធិពលបំផុតទាំង១០០រូប នៅលើពិភពលោក។ បញ្ជីនេះ ត្រូវបានចងក្រងដោយប្រើលក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា ការតាមដានលើកិច្ចការបុគ្គល ក៏ដូចជារឿងរ៉ាវទាក់ទងនឹងសេដ្ឋកិច្ចជាដើម។ នៅឆ្នាំ ២០២៤ លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ជនជាតិអាល្លឺម៉ង់ អាយុ៦៦ឆ្នាំ ជាប់ជាស្ត្រីមានឥទ្ធិពលបំផុតទី១ លើពិភពលោក។ លោកស្រីត្រូវបានតែងតាំងជាប្រធានគណៈកម្មការអឺរ៉ុប កាលពីខែកក្កដា ឆ្នាំ ២០១៩ ដែលជាសាខាប្រតិបត្តិនៃសហភាពអឺរ៉ុប EU។ លោកស្រីគឺជាស្ត្រីដំបូងគេ ដែលកាន់តំណែងដ៏ធំនេះ ដែលទទួលខុសត្រូវចំពោះច្បាប់សម្រាប់ប្រជាជនអឺរ៉ុបជាង ៤៥០លាននាក់។

ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៩ លោកស្រីបានបម្រើការក្នុងគណៈរដ្ឋមន្ត្រីលោកស្រី Angela Merkel ដែលពេលនោះគឺជាអធិការបតីអាល្លឺម៉ង់ ហើយក៏ជាអាណត្តិដ៏យូរបំផុតនៃសមាជិកគណៈរដ្ឋមន្ត្រី។ សម្រាប់រយៈពេល៦ឆ្នាំចុងក្រោយនៃពេលវេលាលោកស្រីក្នុងគណៈរដ្ឋមន្ត្រីលោកស្រី Angela លោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់។

លោកស្រីក៏បានដឹកនាំកញ្ចប់ថវិកាសង្គ្រោះអ្នករងគ្រោះដោយជំងឺកូវីដ១៩ ចំនួន៧៥០ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០២២ លោកស្រីបានក្លាយជាអ្នកគាំទ្រប្រទេសអ៊ុយក្រែនដ៏រឹងមាំបំផុតរបស់បស្ចិមប្រទេស ចំពេលមានការឈ្លានពានដោយមិនញញើតរបស់ប្រទេសរុស្ស៊ី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ