ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ កម្ពុជា​និង​ប្រទេស​ជិតខាង កំពុង​ប្រឈម​នឹង​ហានិភ័យ នៃ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កញ្ជ្រឹល

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​វិញ​ នូវ​ជំងឺ​កញ្ជ្រឹល នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​វិញ​ នូវ​ជំងឺ​កញ្ជ្រឹល នៅ​កម្ពុជា និង​ប្រទេស​ជិតខាង ​។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ បាន​​ឱ្យ​ដឹង​​ថា ជំងឺ​កញ្ជ្រឹល ​គឺជា​ជំងឺ​បង្ក​ដោយ​វីរុស មាន​លក្ខណៈ​ឆ្លង​ខ្លាំង ហើយ​រាលដាល​លឿន​តាម​ផ្លូវដង្ហើម ក្អក ឬ​កណ្តាស់ វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន ជា​ពិសេស​លើ​កុមារ​តូច​ៗ ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ ។

ក្រសួងសុខាភិបាល​ ក៏​បាន​បញ្ជាក់​ដោយ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ​មក​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០២៣​មក មានការ​ផ្ទុះ​រាលដាល​​ នៃ​ជំងឺ​កញ្ជ្រឹល​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ ក្នុង​តំបន់​និង​លើ​ពិភពលោក ដោយសារ​អត្រា​គ្របដណ្តប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​បាន​ធ្លាក់​ចុះ ក្នុងអំឡុងពេល​ផ្ទះ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ​។

លិខិត​ក្រសួង​ឱ្យ​ដឹង​ទៀត​ថា “​ប្រទេស​កម្ពុជា ​រួម​ជាមួយនឹង​ប្រទេស​ជិតខាង​កម្ពុជា កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ នៃ​ការ​ផ្ទុះ​រាលដាល​ជំងឺ​ក​ព្រើល ឡើង​វិញ ជា​ពិសេស​ប្រជាជន​ ដែល​ងាយ​រង​គ្រោះ ដូច​ជា​កុមារ ជន​ចំណាកស្រុក ប្រជាជន​ចល័ត និង​សហគមន៍ នៅ​តាម​ព្រំដែន​ជាដើម​”​ ។

ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាល កត់សំគាល់​ឃើញ​ថា ករណី​នៃ​ជំងឺ​កញ្ជ្រឹល​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ជា​ពិសេស​ នៅ​តាម​សាលារៀន និង​ខេត្ត​មួយ​ចំនួន​នៅ​តាម​ព្រំដែន ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២៤​មក ក្នុង​នោះ​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២៤​នេះ កម្ពុជា បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​ក​ព្រឹល​សរុប ​៣៧៥ករណី ​ក្នុង​ខេត្ត​ចំនួន​១៧​ ។

ដូចនេះ​ហើយ ​ទើប​ក្រសួងសុខាភិបាល បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​បន្ថែម បង្ការ​ជំងឺ​កញ្ជ្រឹល​-​ស្អូច នៅ​ទូ​ទាំង​ប្រទេស​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៩​ខែ ​ដល់​៥៩​ខែ ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ រហូត​ដល់​បច្ចុប្បន្ន​នេះ ដើម្បី​បង្កើន​ភាពស៊ាំ​នៅ​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ