ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​២៤០​នាក់ ​ត្រូវ​បាន​បន្ធូរបន្ថយ ​និង​ការ​លើកលែងទោស ​ក្នុង​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ឆ្នាំ​២០២៥

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ទណ្ឌិត​ចំ​នួ​ន ​២៤០​នាក់ ​ត្រូវ​បាន​ក្រសួងយុត្តិធម៌​ បន្ធូរ​បន្ថយទោស និង​ការ​លើកលែង​ ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ (៧​មក​រា​) ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ​៖ ​ទណ្ឌិត​ចំ​នួ​ន ​២៤០​នាក់ ​ត្រូវ​បាន​ក្រសួងយុត្តិធម៌​ បន្ធូរ​បន្ថយទោស និង​ការ​លើកលែង​ ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ (៧​មក​រា​) ឆ្នាំ​២០២៥ ​។

នៅ​ទីស្តីការក្រសួង​យុត្តិធម៌​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ដែល​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ឆ្នាំ​២០២៥​ ។

កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ដែល​ជា​អនុប្រធាន និង​សមាជិក នៃ​គណៈកម្មការ​ថ្នាក់​ជាតិ​ តំណាង​អយ្យការ​ទទួល​បន្ទុក​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤ និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ ។

ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​សរុប​ចំនួន ៣៣៥ នាក់ (​ស្រី ៣៩ នាក់​) ដែល​ទទួល​បាន​ពី​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន ២៣ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​។

ក្រោម​ពី​ពិនិត្យ​យ៉ាង​ម៉ត់ចត់​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​ឃើញ​ថា ទណ្ឌិត​ដែល​មាន​លក្ខ​ណះ​សម្បត្តិ និង​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​អាច​ទទួល​បានការ​បន្ធូរ​បន្ថយទោស និង​ការ​លើកលែងទោស​មាន​ចំនួន ២៤០ នាក់ (​ស្រី ២៦ នាក់​) ក្នុង​នោះ​រួម​មាន​ ៖
១-​ទណ្ឌិត​ចំនួន ១៨៣ នាក់ (​ស្រី ១៥ នាក់​) អាច​ទទួល​ការ​បន្ថយទោស​រយៈពេល ៣​ខែ​ ។
២-​ទណ្ឌិត​ចំនួន ៥២ នាក់ (​ស្រី ១១ នាក់​) អាច​ទទួល​ការ​បន្ថយទោស​រយៈពេល ៦​ខែ​ ។
៣-​ទណ្ឌិត​ចំនួន ៥ នាក់ អាច​ទទួល​ការ​បន្ថយទោស​រយៈពេល ៩​ខែ ​។

ដោយឡែក​ចំពោះ​ទណ្ឌិត​ចំនួន ៩៥ នាក់ (​ស្រី ១៣ នាក់​) ផ្សេង​ទៀត ដែល​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​ឃើញ​ថា ពុំ​អាច​ទទួល​ការ​បន្ធូរ​បន្ថយទោស និង​ការ​លើកលែងទោស​បាន គឺ​សុទ្ធតែ​ជា​ទណ្ឌិត​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​សាហាវឃោរឃៅ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​, ករណី​ក្មេង​ទំនើង​, ករណី​ឃាតកម្ម​, ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​, ករណី​ជួញដូរ​មនុស្ស​, ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន និង​ករណី​ឪពុក​រំលោភ​សេពសន្ថវៈ​លើ​កូន​របស់​ខ្លួន ជាដើម​ ។

ទន្ទឹម​នេះ​ គណៈកម្មការ​ថ្នាក់​ជាតិ ក៏​បាន​សម្រេច​បញ្ចូល​ទណ្ឌិត​ចំនួន ២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី បង្កើត​ខ្លួន ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ដែល​មិន​អាច​ទទួល​បានការ​បន្ធូរ​បន្ថយទោស ឬ​លើកលែងទោស (Black List)​។

ក្រសួងយុត្តិធម៌​ បាន​ឲ្យ​ដឹង​ថា ​គិត​មក​ដល់ ពេល​បច្ចុប្បន្ន​នេះ​មាន​ទណ្ឌិត ​ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ឈ្មោះ (Black List) មាន​ចំនួន ៦៨​នាក់ ដែល​សុទ្ធសឹងតែ​ជា​ទណ្ឌិត​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​, សាហាវឃោរឃៅ ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​, ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន និង​ករណី​ឪពុក ឬ ជីតា រំលោភ​សេពសន្ថវៈ​លើ​កូន ឬ ចៅ​របស់​ខ្លួន​ជាដើម​ ។

ជាមួយ​គ្នា​នោះ​ដែ​រ ​ក្នុង​កិច្ចប្រជុំ​នេះ​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ធ្វើការ​ពិនិត្យ​លើ​គោលការណ៍​មួយ​ចំនួន​ ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក និង​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលការណ៍ ពុំ​លើកយក​មក​ពិនិត្យ​ពិចារណា​នោះ​ឡើយ ចំពោះ​សំណើ​ទាំងឡាយ​ណា​ទាក់ទង​នឹង​ទណ្ឌិត ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ដូច​ខាងក្រោម​ ៖
ឧក្រិដ្ឋជន​គ្រឿងញៀន​,​ អំពើ​សាហាវយង់ឃ្នង​, ​ករណី​មិន​រាងចាល, ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ដែល​ជា​សាច់ញាតិ ឬ​សហ​ព័ទ្ធ
,​ ប្រព្រឹត្ត​លើ​ជន​រង​គ្រោះជា​មន្ត្រីរាជការ ឬ​មន្ត្រី​សាធារណៈ​, ជន​រង​គ្រោះជា​អនីតិជន​អាយុ​ក្រោម​១៣​ឆ្នាំ​, ជន​រង​គ្រោះជា​ជន​មាន​វិបល្លាស​ស្មារតី ឬ​ពិការ ឬ​មាន​ផ្ទៃពោះ​, ជន​រង​គ្រោះជា​សាច់សាលោហិត​,​ ករណី​រំលោភ​បូក, ​ករណី​ប៉ុនប៉ង ឬ​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​ជន​រង​គ្រោះជា​សាច់សាលោហិត និង​ទណ្ឌិត​ធ្លាប់​ទទួល​បានការ​បន្ធូរ​បន្ថយទោស​ច្រើន​ដង​ លើស​ពី​១​ភាគ​៣ ​នៃ​រយៈពេល​ផ្តន្ទាទោស​។

ក្រសួងយុត្តិធម៌​ បាន​លើក​ឡើង​ថា ​ចំពោះ​សំណើ​លើកលែងទោស គណៈកម្មការ​ជាតិ​នឹង​បន្ត​រឹត​បន្តឹង​ក្នុង​ការ​ពិនិត្យ លើកលែងតែ​ករណី​ចាំបាច់​មួយ​ចំនួន ឬ​ហេតុផល​មនុស្សធម៌​ តែ​ប៉ុណ្ណោះ ។

បន្ត​កំណត់​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​ឈ្មោះ Blacklist នូវ​ទណ្ឌិត​ទាំងឡាយ​ណា ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ ៖ បទឧក្រិដ្ឋ​ ដែល​ជា​អំពើ​សាហាវ​យ៉ង់​ឃ្នង, អំពើ​រំលោភ​ផ្លូវភេទ លើ​ជន​រង​គ្រោះជា​សាច់សាលោហិត​បង្កើត​របស់​ខ្លួន ។

ក្រសួង​បាន​បន្ថែម​ពី​នេះ​ទៀត ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ គណៈកម្មការ​ថ្នាក់​ជាតិ គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​ជា​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ទណ្ឌិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​តាម​ម្តាយ មក​ពិនិត្យ និង​ពិភាក្សា ដើម្បី​ទទួល​បានការ​អនុគ្រោះ​ទោស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ