ខេត្តព្រៃវែង ៖ លោក ទួន សំអឿន នាយកសាលាបឋមសិក្សា សុបិន្តស្វាយសាមសិប ដែលស្ថិតក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានអោយដឹងថា បច្ចុប្បន្ននេះ សាលាមានសិស្ស ចំនួន១៤៣នាក់ រៀនពីថ្នាក់ទី១ ដល់ទី៦ ប៉ុន្តែសាលាមានបន្ទប់ អោយសិស្សរៀនតែ៤បន្ទប់ប៉ុណ្ណោះ ដូច្នេះសាលាត្រូវបង្ខំចិត្ត រំលែកសិស្សជាពីរថ្នាក់ អោយរៀនពេលរសៀល ហើយពុំទាន់មានថ្នាក់សម្រាប់សិស្សមត្តេយ្យ នោះទេ ។
លោកនាយកសាលា បានបន្តថា តម្រូវការរបស់សាលា ក្នុងពេលនេះ គឺត្រូវការអាគារសិក្សា ១ខ្នង ដែលមានត្រឹម៣បន្ទប់ប៉ុណ្ណោះ ដែល២បន្ទប់ សម្រាប់សិស្សធំ និង១បន្ទប់ទៀត សម្រាប់សិស្សតូច រៀនថ្នាក់មត្តេយ្យ ប៉ុន្តែលទ្ធភាពជាក់ស្តែងសព្វថ្ងៃនេះ សូម្បីតែតុកៅអីសិស្ស ដែលចាស់បាក់បែក គ្រប់បន្ទប់ទៅហើយនោះ ក៏ខាងសាលា គ្មានលទ្ធភាព ប្តូរថ្មីអោយសិស្សដែរ ។
លោក ទួន សំអឿន នាយកសាលាបឋមសិក្សា សុបិន្តស្វាយសាមសិប បានបញ្ជាក់ថា សាលាដ៏កំសត់នេះ ស្ថិតនៅជាប់ជើងភ្នំឈើកាច់ ដែលមានក្មេងៗ ចំនួន២ភូមិ បានចូលមករៀនក្នុងសាលានេះ ប៉ុន្តែអាណាព្យាបាល សិស្សទាំងអស់នោះ សុទ្ធតែមានជីវភាពក្រីក្រ ខ្លះជាកម្មករសំណង់ ខ្លះជាកម្មករវាយថ្មភ្នំ និងធ្វើស្រែចំការ គឺគ្មានលទ្ធភាពជួយដល់សាលាទេ ។
លោកនាយកសាលា ធ្លាប់បានដាក់សំណើរស្នើសុំអាគារសិក្សា១ខ្នង ស្មើ៣បន្ទប់ ទៅតាមរយៈការិយាល័យអប់រំស្រុក និងអាជ្ញាធរមូលដ្ឋានដែរ តែពុំទទួលបានលទ្ធផល ដូច្នេះហើយ ទើបរូបលោកប្រកាសអំពាវនាវ ស្នើសុំដល់សប្បុរសជន ជិតឆ្ងាយទាំងអស់ សូមជួយសាងសង់អាគារសិក្សា ១ខ្នង មាន៣បន្ទប់នេះផង ដើម្បីអោយក្មេងៗ មានបន្ទប់រៀនគ្រប់គ្រាន់ លែងលំបាកតទៅទៀត។
ចំពោះបញ្ហានេះ ត្រូវបានលោក ចន្ទ័ ជីម ប្រធានការិយាល័យអប់រំស្រុកបាភ្នំ បញ្ជាក់ប្រាប់ថា រឿងសាងសង់អាគារសិក្សា នៅតាមសាលានោះ ខាងក្រសួង ពុំមានកញ្ចប់ថវិកាទំលាក់អោយទេ គឺខាងសាលា ត្រូវស្នើសុំទៅខាងអាជ្ញាធរឃុំស្រុក ឬក្រុមការងារចុះជួយស្រុក ។
ដោយឡែក ខាងអាជ្ញាធរឃុំជើងភ្នំ បានអោយដឹងថា សម្រាប់ផែនការឆ្នាំ២០២៥ គឺបានផុតទៅហើយ ប៉ុន្តែខាងសាលា អាចស្នើសុំសម្រាប់ឆ្នាំ២០២៦បាន ដើម្បីអោយដាក់បញ្ចូលទៅក្នុងផែនការឆ្នាំ ហើយត្រូវតែជាប់ក្នុងការវាយតម្លៃ ជាបញ្ហាអាទិភាពទៀត ទើបអាចទទួលបានថវិកាសាងសង់ ។
ទោះជាយ៉ាងណាក៏ដោយ សាលាបឋិមសិក្សា សុបិន្តស្វាយសាមសិបនេះ ក៏មានការជួយជ្រុមជ្រែងពីវិស័យឯកជនខ្លះៗដែរ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ក្រុមហ៊ុនថ្មភ្នំ ផុន ផលិត លើភ្នំឈើកាច់ បាននាំយកសំលៀកបំពាក់កីឡា និងសម្ភារសិក្សាមួយចំនួន មកចែកជូនដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ក្នុងសាលា និងផ្តល់ នូវកុំព្យូទ័រ ០១គ្រឿង ដល់គណៈគ្រប់គ្រងសាលា ផងដែរ ៕
ចែករំលែកព័តមាននេះ