រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀង វណ្ណថាន បានសម្រេចចាត់វិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់ដែលបានចោទប្រកាន់បៀតបៀនផ្លូវភេទ ខណៈពេលដែលរឿងរ៉ាវមួយនេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីនារីរូបនេះចេញមុខនិយាយជាសាធារណៈ ។
យ៉ាងណា ក្រោយពេលរក្សាភាពស្ងៀមស្ងាត់មិនមានការឆ្លើយតប និងបកស្រាយណាមួយជុំបញ្ហាខាងលើនេះ តារាចម្រៀងលោកវណ្ណថាន បានសម្រេចចាត់វិធានការតាមច្បាប់លើករណីមួយនេះ ក្នុងពេលដែលលោកចាត់ទុករឿងមួយនេះ បានធ្វើឲ្យខូចកិត្តិយសលោកយ៉ាងខ្លាំង ដ្បិតលោកគឺជាមនុស្សស្អាតស្អំ ។

យោងតាមលិខិតបំភ្លឺជាសាធារណៈដែលបានបង្ហោះតាមបណ្តាញសង្គមតារាចម្រៀងលោក វណ្ណថាន បានលើកឡើងថា ក្នុងសប្តាហ៍កន្លងមកនេះ គឺជាពេលដ៏ពិបាក និងគួរឲ្យអាម៉ាស់បំផុតក្នុងជិវិតរបស់ខ្ញុំ ហើយខ្ញុំក៏ដឹងដែរថា ពុកម៉ែបងប្អូនមានមន្ទិល និងចម្ងល់ជាច្រើនទាក់ទងនឹងភាពស្ងៀមស្ងាត់របស់ខ្ញុំ ។

លោកបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំសូមបកស្រាយ និងបំភ្លឺជាសាធារណៈថា ការស្ងៀមស្ងាត់របស់ខ្ញុំដោយសារខ្ញុំបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ខ្ញុំ អោយរក្សាភាពស្ងៀមស្ងាត់ មិនតបតដើម្បីងាយស្រួលនឹងប្រមូលភស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ ។
លោកថា ខ្ញុំជឿជាក់លើប្រព័ន្ធតុលាការ និងការដោះស្រាយបញ្ហានេះតាមនីតវិធីច្បាប់ ហើយជឿជាក់ថា ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានឹងដោះស្រាយបញ្ហានេះដោយយុត្តិធម៌ និងការពារភាពស្អាតស្អំរបស់ខ្ញុំ ។

យ៉ាងណា លោកសូមអំពាវនាវដល់អ្នកកាន់បណ្តាញសង្គម និងប្រព័ន្ធព័ត៌មានទាំងអស់ដែលបានតាមដាន និងចុះផ្សាយទាក់ទងនឹងករណីនេះ សូមមេត្តាកុំបន្តការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតទាំងនេះ ហើយរងចាំការសម្រេចក្តីរបស់តុលាការមុនពេលចុះផ្សាយ ឬក៏ធ្វើការវិនិច្ឆ័យណាមួយដោយពុំមានមូលដ្ឋាន ឬប្រភពច្បាស់លាស់ ។

លិខិតដដែលបានបន្ថែមថា រយៈពេលកន្លងមកនេះ មានបណ្តាញសារព័ត៌មាន និងគេហទំព័រជាច្រើនបានចុះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងខ្ញុំពេញទូទាំងប្រទេសដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតបុគ្គល និងអាជីពរបស់ខ្ញុំ ក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស ។

លោកថា ខ្ញុំសូមធ្វើការសូមទោសដោយគោរពទៅកាន់អ្នកគាំទ្រ ក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះបង្កជាការជ្រួលច្របល់ក្នុងបណ្តាញសង្គម ខ្ញុំពិតជាពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់បងប្អូន និងអ្នកគាំទ្រទាំងអស់ ខណៈពេលដែលកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្ញុំត្រូវបានបង្ខូចបែបនេះ ។ ដោយហេតុនេះហើយ ទើបខ្ញុំសម្រេចដោះស្រាយបញ្ហានេះតាមនីតិវិធីគឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងស្រោចស្រង់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្ញុំមកវិញ ។

យ៉ាងណាបើតាមតារាចម្រៀងលោក វណ្ណថាន លោកនឹងប្រគល់លទ្ធផលតេស្តសុខភាពរបស់លោកទៅតុលាការ ហើយលោកក៏សំណូមពរឲ្យមហាជនទាំងអស់ រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយ ។ លោកក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបាននៅក្បែរលោក និងបន្តការស្រឡាញ់គាំទ្រដល់រូបលោកនៅក្នុងគ្រាដ៏លំបាកនេះ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ