កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា ។
លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ បន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែង នូវការពេញចិត្ត ដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចត លើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ ។
លើសពីនេះ លោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះ លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌ ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែង នូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែង នូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ។
តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចបវរធិបតី ជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងកិច្ចសហការរុករកអដ្ឋិធាតុទាហាន ដែលបានបាត់ខ្លួន នៅកម្ពុជា ។
សម្ដេចបវរធិបតី និងលោកមេបញ្ជាការ ក៏បានពិភាក្សាអំពីលទ្ធភាព នៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម ៕
ចែករំលែកព័តមាននេះ