កាមេរ៉ាថតបានសកម្មភាពឆ.ក់ត្រីក្នុងទន្លេ កំពុងតាមចាប់ខ្លួនបុរសទាំង២នាក់
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានថតជាប់ដោយកាមេរ៉ាបង្កប់របស់ក្រុមការងារអភិរក្សត្រីមេពូជតាមចំណុចគោលដៅសំខាន់ៗ ។ សកម្មភាពជាក់ស្ដែងនេះ ត្រូវបានកាមេរ៉ាបង្កប់ថតបានកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចកោះហាន ភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

បន្ទាប់ពីត្រួតពិនិត្យសកម្មភាពពួកគេតាមកាមេរ៉ា លោក ភោគ និមល់ អនុប្រធានការិយាល័យរ៉ាមសារ បានដឹកនាំ កំលាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយប៉ុស្តិ៍រដ្ឋបាលកោះស្នែង សហគមន៍ភូមិថ្មី សហគមន៍កោះហិប និងសហគមន៍កោះព្នៅចដល់ទីតាំងជនសង្ស័យកោះហាន នៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុមការងារបានដកហូតនៅវត្ថុតាងរបស់ជនសង្ស័យរួមមាន៖ ទូកស្មាច់ ក្បាលស្រួច ពណ៌ខៀវ២កន្លាក់០១គ្រឿង ទូកឈើ (ស៊ីខេ) ០១គ្រឿង ម៉ាស៊ីនម៉ាក់ MOTOYAMA កំលាំង ២២សេស ពណ៍ខ្មៅ០១គ្រឿង ម៉ាស៊ីនម៉ាក់ ហ៊ីណូតា កំលាំង ២៥សេស០១គ្រឿង អាគុយ៧០អំពែរ០៣គ្រឿង ក្បាលឆក់ស៊េរីទំនើប០២គ្រឿង ក្បាលឆក់ក្តៅ០១ គ្រឿង និងកន្ត្រង០៥ ។

ចំណែកជនសង្ស័យក្នុងសកម្មភាពខាងលើ បានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ ទោះយ៉ាងណាសមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យតាមរូបភាពដែលថតបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ពាក់ព័ន្ធសម្ភារវត្ថុតាងដកហូតខាងលើ កម្លាំងជំនាញបានប្រមូលដកហូតយកមករក្សាទុកនៅស្នាក់ការរ៉ាមសារ ៕











ចែករំលែកព័តមាននេះ