ខេត្តកណ្ដាល ៖ នគរបាលក្រុងតាខ្មៅបានចាប់ខ្លួនស្ត្រីម្នាក់ ដែលឆ្លៀតឱកាសម្ចាស់ម៉ូតូភ្លេចដកសោចេញពីយានយន្តរបស់ខ្លួន ក៏បានធ្វើសកម្មភាពឡើងជិះលួចបានសម្រេចទាំងកណ្តាលថ្ងៃ ត្រង់ នៅមុខហាងលក់កាមេរ៉ាសុវត្ថិភាព ។ ប៉ុន្តែរាល់សកម្មភាពរបស់ស្ត្រីជើងឆើតគេចមិនរួចពីកាមេរ៉ាសុវត្ថិភាពនោះទេ ដែលបានបង្ហាញច្បាស់រាល់សកម្មភាពចោរកម្មនេះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២១០ ភូមិព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកចតទុកនៅខាងមុខហាងលក់កាមេរ៉ាសុវត្ថិភាព នៅតាមបណ្តោយផ្លូវលេខ២១០ ។ ពេលនោះគាត់បានភ្លេចដកសោចេញពីម៉ូតូ ទើបក្រុមចោរឆក់ឱកាសលួច ។ តាមម្ចាស់ម៉ូតូថា ក្រុមជនសង្ស័យមានគ្នា៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ បានមកឈប់នៅខាងមុខហាង ។
ខណៈនោះ ដោយឃើញឱកាសល្អ ជនសង្ស័យជាស្ត្រីបានដើរទៅលួចម៉ូតូគាត់ជិះចេញទៅ ស្របពេលនោះ គាត់បានចេញមកទាន់ក៏ស្រែកថាចោរៗ ក៏ផ្អើលដល់ពលរដ្ឋ ព្រមទាំងសមត្ថកិច្ចក្រុងតាខ្មៅដែលកំពុងល្បាត បានដេញតាមឃាត់រហូតដល់ស្តុបផ្លូវលេខ១១០ ទើបចាប់បានជនសង្ស័យម្នាក់ជាស្រី្ត ។ ចំណែកជនសង្ស័យជាបក្ខពួក២នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន ជនសង្ស័យជាស្ត្រីជើងឆើតនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ទោះបីហេតុការណ៍បានបញ្ចប់ទៅហើយក្ដី បានធ្វើឱ្យមានការហួសចិត្តគ្រប់គ្នា ចំពោះស្ត្រីជើងឆើតធ្វើចោរលួចម៉ូតូ ប្រសិនបើម្ចាស់ម៉ូតូចេញពីក្នុងហាងមិនទាន់ទេ ច្បាស់ជាពិបាករកហើយ ។ ដើម្បីឱ្យជាក់ច្បាស់លើការចោទប្រកាន់ចំពោះស្ត្រីរូបនេះ ការថតបានតាមកាមេរ៉ាសុវត្ថិភាពនៅមុខហាងលក់កាមេរ៉ា បានបង្ហាញពីសកម្មភាពរបស់ស្ត្រីរូបនេះ ។ អ្នកខ្លះថា ស្ត្រីរូបនេះមកពីមានប្ដី
ឬសង្សារធ្វើចោរហើយ ទើបគាត់ចេះធ្វើចោរតាមដែរ ៕
ចែករំលែកព័តមាននេះ