ខេត្តសៀមរាប ៖ រដ្ឋបាលព្រៃឈើបានសហការជាមួយកម្លាំងអាវុធហត្ថស្រុកបានឃាត់ខ្លួនបុរសវ័យជាង៦០ម្នាក់ ពាក់ព័ន្ធករណីចៀរដេីមអាកាស្យាក្នុងចម្ការឈើដាំរបស់រដ្ឋអស់ចំនួន៥០ដើម។
ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចម្ការឈេីដាំរបស់រដ្ឋ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថា ក្រុមការងារផ្នែករដ្ឋបាលព្រៃឈេីបន្ទាយស្រី សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានចៀរដេីមអាកាស្យា ក្នុងចម្ការឈេីដាំរបស់រដ្ឋ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ធួន នឿម អាយុ៦៣ឆ្នាំ មុខរបរលក់ឃ្មុំ បច្ចុប្បន្ន រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ស្តីពី ច្បាប់ព្រៃឈើ៕
ចែករំលែកព័តមាននេះ