ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ភូមិ ក្នុង​ឃុំ​បន្លិច​ប្រាសាទ កំពុង​ព្រួយបារម្ភ​ខ្លាច​ផ្លូវ​បេតុង​ថ្មី ដែល​ទើប​សាងសង់​រួច ត្រូវ​ខូច​ទៅ​វិញ ព្រោះ​ជើងទេ​សងខាង​ផ្លូវ​បាន​បាក់​ដី​ស្រុត​ជា​បណ្ដើរ​ៗ​ហើយ

2 អាទិត្យ មុន

ខេត្តព្រៃវែង ៖ ផ្លូវ​បេតុង​ដ៏​ថ្មីស្រឡាង​១​ខ្សែ ដែល​ទើប​សាងសង់​រួច មិន​ទាន់​ទាំង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផង ពេល​នេះ បាន​បាក់​ស្រុក​ដី​ជើងទេ ផ្លូវ​នៅ​សល់​តែ​ផ្ទាំង​បេតុង​តួ​ផ្លូវ ត្រូវ​អណ្ដែត​លើ​វេហា ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពី​ភូមិ…

ខេត្តព្រៃវែង ៖ ផ្លូវ​បេតុង​ដ៏​ថ្មីស្រឡាង​១​ខ្សែ ដែល​ទើប​សាងសង់​រួច មិន​ទាន់​ទាំង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផង ពេល​នេះ បាន​បាក់​ស្រុក​ដី​ជើងទេ ផ្លូវ​នៅ​សល់​តែ​ផ្ទាំង​បេតុង​តួ​ផ្លូវ ត្រូវ​អណ្ដែត​លើ​វេហា ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពី​ភូមិ គឺ​ភូមិ​ព្រែក​ចាម និង​ភូមិ​ព្រែក​រាំង កំពុង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ។

ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ មាន​បណ្ដោយ​ប្រវែង ២,០២០​ម៉ែត្រ និង​ទទឹង ៩​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​កែង​វត្ត​ព្រែក​ខ្សាយ ចាក់​រហូត​ទៅ​ដល់​ខាង​មុខ​វត្ត​ព្រែក​ចាម ក្នុង​ឃុំ​បន្លិច​ប្រាសាទ នៃ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ចាម និង​ភូមិ​ព្រែក​រាំង បាន​រៀបរាប់​ដូច​គ្នា​ថា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ជីវភាព​រស់នៅ​របស់​ពួក​គាត់ គឺ​វា​ជួយ​សម្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល ទៅ​កាន់​ទីផ្សារ សិស្ស​ធ្វើ​ដំណើរ​ទៅ​រៀនសូត្រ និង​ជា​ពិសេស​សម្រាប់​អ្នកជំងឺ ដែល​ឈើ​ស្កាត់​ពេល​យប់​ព្រលប់​ជាដើម ។

ពលរដ្ឋ​ទាំង​ពីរ​ភូមិ​នេះ បាន​បញ្ជាក់​ថា ពេល​ដែល​ផ្លូវ​បេតុង​នេះ ត្រូវ​បាន​សាងសង់​រួច​ភ្លាម ពួក​គាត់​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ជិះ​កង់​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​នេះ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ប៉ុន្តែ​ឥឡូវ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ឃើញ​ដី​ជើងទេ​សងខាង​ផ្លូវ​នេះ បាក់​ស្រុត​អស់​នៅ​សល់​ផ្ទាំង​បេតុង​នៅ​កណ្ដាលវាល ទើប​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ ខ្លាច​ផ្លូវ​នេះ​បាក់​ស្រុត​ខូច​ទៅ​វិញ ។

លោក កង សុ​ខាន់ មេឃុំ​បន្លិច​ប្រាសាទ បាន​ឲ្យ ដឹង​ថា ផ្លូវ​បេតុង​នេះ​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​អំឡុង​ដើមខែ​មីនា និង​បាន​បញ្ចប់​ការ​សាងសង់ នៅ​ក្នុង​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៤ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ​នៅឡើយ​ទេ ។

លោក​មេឃុំ បាន​បញ្ជាក់​ថា ផ្លូវ​បេតុង​នេះ ពិតជា​មានការ​បាក់​ស្រុត​ដី​ជើងទេ អម​សងខាង​ផ្លូវ ពិតមែន​។ ហើយ​លោក​ក៏​បាន​រាយការណ៍​ទៅ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ ធ្វើ​ផ្លូវ​នេះ​រួច​ហើយ​ដែរ ដោយ​ខាង​ក្រុមហ៊ុន បាន​អះអាង​ថា នៅ​ពេល​ដែល​គោក​ទឹកដី​ស្ងួត​អស់ ខាង​ក្រុមហ៊ុន​និង​ធ្វើការ​ចាក់​ដី​ជួសជុល​ជើងទេ ទាំង​អស់នេះ​ឡើង​វិញ​ហើយ ប៉ុន្តែ​លោក​ក៏​មិនដឹង​ថា ខាង​ក្រុមហ៊ុន​ម៉ៅ​ការ​នេះ គេ​ទទួល​ជួសជុល​ថែទាំ​ឲ្យ​បាន​ប៉ុន្មាន​ឆ្នាំ នោះ​ទេ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ