ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មយក្សធ្លាក់ពីលើភ្នំនៅវៀតណាមមិនមែន១០០តោន តែទម្ងន់ជាង៤៥០តោនឯណោះ

8 ម៉ោង មុន

វៀតណាម ៖ ឈាន​មក​ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ សារព័ត៌មាន​វៀតណាម VN Express បាន​រាយការណ៍​ថា ក្នុង​ប្រតិបត្តិការ​ព​ន្លឿ​ន​ការ​បើកផ្លូវ​ត​ភ្ជាប់​ពី​ញ៉ា​ត្រាង…

វៀតណាម ៖ ឈាន​មក​ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ សារព័ត៌មាន​វៀតណាម VN Express បាន​រាយការណ៍​ថា ក្នុង​ប្រតិបត្តិការ​ព​ន្លឿ​ន​ការ​បើកផ្លូវ​ត​ភ្ជាប់​ពី​ញ៉ា​ត្រាង ទៅ​ដា​ឡា​ត់ ឡើង​វិញ​ឱ្យ​បាន​ឆាប់ ប៉ុន្តែ​ត្រូវ​ប្រទះ​នឹង​ឧបសគ្គ​ដោយសារ​ដុំ​ថ្ម​យក្ស​ទម្ងន់​ដល់​ទៅ​ជាង​៤៥០​តោន ដែល​រមៀល​ធ្លាក់​ពីលើ​ភ្នំ​មក​លើ​ផ្លូវជាតិ​នោះ មន្ត្រី​ជំនាញ​នៃ​អង្គភាព​សំណង់​បាន​ប្រើប្រាស់​រំសេវ​ចំនួន​១៧​គីឡូក្រាម ដើម្បី​បំផ្ទុះ​បំបែក​ថ្ម​ដោយ​ជោគជ័យ កាលពី​រាត្រី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ។

ថ្ម​យក្ស​មួយ​ដុំ​នេះ​មាន​កម្ពស់​ជាង​៤​ម៉ែត្រ និង​ប្រវែង​ជាង​៦​ម៉ែត្រ​បាន​រមៀល​ពីលើ​ភ្នំ​មក​ធ្លាក់​ចំពាក់​កណ្តាល​នៃ​ផ្លូវកែង​ចង្កេះភ្នំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 27C ក្នុង​ឃុំ​សឺ​ន​ថៃ ស្រុក​ខា​ញ់​វិញ នៃ​ខេត្ត​ខា​ញ់​ហ្វា ។ ក្រៅពី​ថ្ម​ដ៏​ធំ​នេះ​ក៏​មាន​ដី​ភក់ និង​ថ្មភ្នំ​ជា​ច្រើន​បាន​ធ្លាក់​មក​បិទផ្លូវ​ជាតិ​មួយ​នេះ ជា​ច្រើន​កន្លែង​ដែល​បណ្តាល​ឱ្យ​ដល់​ការ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ញ៉ា​ត្រាង ទៅ​កាន់​ទីក្រុង​ដា​ឡា​ត់ ខេត្ត​ឡឺម​ដុ​ង ត្រូវ​បាន​បិទ​ផ្អាក​ទាំងស្រុង ។

សូម​បញ្ជាក់​ថា ផ្លូវជាតិ​លេខ 27C មាន​ប្រវែង​១២១​គីឡូម៉ែត្រ និង​ជា​ផ្លូវ​សំខាន់​ត​ភ្ជាប់​ទីក្រុង​ដា​ឡា​ត់​ជាមួយ​ទីក្រុង​ញ៉ា​ត្រាង ដោយ​រថយន្ត​តូច​ធំ​តែងតែ​ជ្រើសរើស​ផ្លូវ​នេះ ដើម្បី​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ទាំង​ពីរ ។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ធ្វើ​ដំណើរ​នឹង​ផ្លូវ​ឆ្លងកាត់​ផ្លូវ​ចង្កេះ Khanh Le Pass ប្រវែង​៣៣​គីឡូម៉ែត្រ ហើយ​ដែល​ជាទី​តាំង​មួយ​ឧស្សាហ៍​កើត​មានការ​បាក់​ដី​ចុះ​ពី​ភ្នំ​ក្នុង​រដូវវស្សា ។

លោក Chu Van An អនុប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ខេត្ត Khanh Hoa បាន​និយាយ​ថា ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជាប់​ៗ​គ្នា​អស់​ជា​ច្រើន​ថ្ងៃ ក្នុង​តំបន់​បណ្តាល​ឱ្យ​កើត​មាន​ឧបទ្ទវហេតុ​បាក់​ដី ចុះ​ពី​ភ្នំ​ដ៏​ធំ​សម្បើម​បាន​កើតឡើង កាលពី​អាទិត្យ ។ មក​ដល់​ថ្ងៃ​អង្គារ​នេះ លោក An ថា នៅ​តែ​មាន​ទីតាំង​បាក់​ដី​ចំនួន​ពីរ​ដែល​នៅ​ចម្ងាយ​ពី​គ្នា​ប្រហែល​១០​គីឡូម៉ែត្រ និង​បាន​រក​ឃើញ​ស្នាម​ប្រេះ​ប្រវែង​ប្រហែល​២០​ម៉ែត្រ​នៅ​លើ​ផ្លូវ​នេះ ដែល​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ដាក់​ស្រុត​ផ្លូវ ដែល​អាជ្ញាធរ​ខេត្ត Khanh Hoa និង Lam Dong បាន​តម្លើង​ស្លាក​សញ្ញា​ព្រមាន និង​ខ្សែការពារ ដើម្បី​បង្ការ​គ្រោះថ្នាក់​នៅ​ទីតាំង ខណៈ​ពេល​ដែល​មន្ត្រី​ជំនាញ​កំពុង​តាមដាន​សភាពការណ៍ និង​រក​វិធីសាស្ត្រ​ដោះស្រាយ ។

ក្រៅ​ទីតាំង​ដែល​មាន​ថ្ម​យក្ស​ធ្លាក់ និង​ទីតាំង​បាក់​ដី​ធ្ងន់ធ្ងរ​ទាំង​ពីរ​នៅ​តាម​បណ្តោយ​ផ្លូវ​ចង្កេះភ្នំ Khanh Le មាន​សេចក្តីរាយការណ៍​ថា ការ​បាក់​ដី​ទ្រង់ទ្រាយ​ធំ​មធ្យម​ៗ​ចំនួន​៦​ទីតាំង​ទៀត ក្នុង​ចំងាយ​ពី​៤-៦ គីឡូម៉ែត្រ​ពី​គ្នា ហើយ​ការ​បាក់​ដី​ទាំងនោះ​ប្រហែល​ពី​២០០ ទៅ​៣០០ ម​៣ ប្រវែង​ពី​១០-២០ ម៉ែត្រ ។

ឧប្បត្តិហេតុ​ទាំងនោះ​បាន​បណ្តាល​ឱ្យ​ភ្ញៀវ​ទេសចរ​ជាង​២៦០​នាក់ ត្រូវ​បាន​ជាប់​គាំង​ជំរុញ​ឱ្យ​អាជ្ញាធរ ខេត្ត​ឡឺម​ដុ​ង និង​ខា​ញ់​ហ្វា បញ្ជូន​កងកម្លាំង​ដើរ​ឆ្លង​ព្រៃ​នាំ​យក​ស្បៀងអាហារ​ទៅ​ជូន​ពួក​គេ ហើយ​បាន​សង្គ្រោះ​ពួក​គេ​មក​កាន់​កន្លែង​មាន​សុវត្ថិភាព ។

គិត​ចាប់ពី​អាទិត្យ​មក​ដល់​ថ្ងៃ​អង្គា​រ៍​នេះ ទាំង​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ជំនាញ​នៅ​តែ​បន្ត​បើក​ប្រតិបត្តិការ​យ៉ាង​សកម្ម​ដោយ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​សម្អាត​ដី​ភក់ និង​ថ្ម​រាប់​តោន​ទាំងនោះ​ចេញពី​ផ្លូវ​ខាងលើ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ឈាន​ទៅ​បើកផ្លូវ​ត​ភ្ជាប់​តំបន់​ទាំង​ពីរ​ឡើង​វិញ ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បន្ត​អូស​បន្លាយ គឺជា​ឧបសគ្គ​ដ៏​ចម្បង ។

យោង​តាម​នាយកដ្ឋាន​ឧតុនិយម​វៀតណាម បានឱ្យ​ដឹង​ថា ខេត្ត​ខា​ញ់​ហ្វា និង​ខេត្ត​ជិតខាង មាន​ភ្លៀង​ធ្លាក់​ពី ១៥០ ទៅ ២០០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​នៅ​តំបន់​មួយ​ចំនួន រួម​ទាង​ការ​បាក់​ដី​ភ្នំ​រាប់​សិប​កន្លែង​៕

កែសម្រួលដោយ