ទីក្រុងហ្សាកាតា៖ នាពេលឆាប់ៗនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក្នុងនាមជាប្រមុខរដ្ឋនឹងលើកលែងទោសទណ្ឌិតរាប់ម៉ឺននាក់។ ពួកគេជាសកម្មនយោបាយដែលត្រូវកាត់ទោសពីបទបរិហារកេរ្តិ៍ និងក្រុមអ្នកតវ៉ានៅខេត្តប៉ាពួ (Papua) ដែលរិះគន់រដ្ឋាភិបាល។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោកថ្លែងថាទណ្ឌិត៤៤០០០នាក់ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសឥណ្ឌូណេស៊ីនឹងទទួលបានការលើកលែងទោសទាំងស្រុង ឬបន្ធូរបន្ថយទោសដោយយោងទៅតាមគោលការណ៍មនុស្សធម៌ និងដើម្បីកាត់បន្ថយភាពចង្អៀតខ្លាំងពេកនៅក្នុងពន្ធនាគារ។ ចំនួនទណ្ឌិតដែលត្រូវបន្ធូរបន្ថយ ឬលើកលែងទោសលើកនេះស្មើនឹង៣០%នៃអ្នកជាប់ឃុំសរុបទូទាំងប្រទេស។
នៅក្នុងចំណោមទណ្ឌិតដែលទទួលបានលើកលែង ឬបន្ធូរបន្ថយទោសនោះក៏មានអ្នកជាប់ចោទពីបទបរិហារកេរ្តិ៍, ពីបទប្រើប្រាស់ភាសានាំឱ្យមានកំហឹង និងអ្នកដែលនិយាយបរិហារកេរ្តិ៍លោកប្រាបូវ៉ូផ្ទាល់តែម្ដង។ ទណ្ឌិតប្រហែល១៨នាក់ជាសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយដែលជាប់ពន្ធនាគារពីបទនិយាយរិះគន់អាជ្ញាធរ ឬហែបាតុកម្មតវ៉ានៅខេត្តប៉ាពួ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឥណ្ឌូណេស៊ីថ្លែងថានេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សះផ្សាចំណងមិត្តភាពជាមួយអ្នករស់នៅខេត្តប៉ាពួ។ លោកថ្លែងថារដ្ឋាភិបាលមានបំណងល្អដើម្បីធ្វើឱ្យតំបន់ប៉ាពួមានសន្តិភាព។ នៅឥណ្ឌូណេស៊ី ខេត្តប៉ាពួមានចលនាផ្ដាច់ខ្លួនដើម្បីឯករាជ្យ។ ដូច្នេះ នរណានិយាយអំពីបញ្ហានយោបាយ ឬការផ្ដាច់ខ្លួនអាចប្រឈមនឹងទោសធ្ងន់។
ទណ្ឌិតដែលទទួលបានការលើកលែងទោសទាំងស្រុងមានដូចជាអ្នកប្រើគ្រឿងញៀនដែលមិនមែនជាអ្នកជួញដូរដោយផ្ទាល់ទេ ហើយដែលជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជាជំងឺអេដស៍ជាដើម។ ឥឡូវនេះ រដ្ឋាភិបាលកំពុងរៀបចំបង្ហើយនូវផែនការលើកលែងទោស ឬបន្ធូរបន្ថយទោសនោះ។ បន្ទាប់មកនឹងយកផែនការទៅពិភាក្សាជាមួយរដ្ឋសភាជាបន្តទៀត។
លោកប្រាបូវ៉ូចង់ទុកឱកាសឱ្យទណ្ឌិតទាំងនោះអាចស្ដារសម្បទា ឬអភិវឌ្ឍខ្លួនឡើងវិញ។ ជាពិសេស មនុស្សវ័យក្មេងដែលនៅមានអនាគតវែងឆ្ងាយតទៅទៀតពួកគេអាចចូលរួមនៅក្នុងកម្មវិធីរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យប្រទេសជាតិមានឯករាជ្យ-ម្ចាស់ការខាងស្បៀងអាហារ។ ឬមិនដូច្នេះទេ ពួកគេអាចចុះឈ្មោះចូលធ្វើទាហានតែម្ដងដើម្បីមានឱកាសបម្រើជាតិមាតុភូមិ៕
ចែករំលែកព័តមាននេះ