ខេត្តព្រៃវែង ៖ ប្រជាកសិកររាប់រយគ្រួសារ នៅក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងសម្រុកធ្វើចំការពោតក្រហម គ្រប់ៗគ្នា ដោយពួកគេ បានបោះបង់មុខរបរធ្វើស្រែ ចោលទាំងស្រុង ។
ក្នុងពេលកំពុងភ្ជួរដី រោយគ្រាប់ពូជពោតក្រហមបងប្រុស ព្រហ្ម សឿន ជាកសិករម្នាក់ នៅក្នុងឃុំអ្នកលឿង បានរៀបរាប់ប្រាប់ថា ពីមុនអ្នកភូមិរបស់គាត់ធ្វើស្រែគ្រប់ៗគ្នា ប៉ុន្តែបច្ចុប្បន្ននេះកសិករ ប្រមាណ ៩៩% ហើយ បានងាកមកចាប់យកមុខរបរ ដាំពោតក្រហមជំនួសវិញ ដោយសារតែមុខរបរនេះ ងាយស្រួលដាំ ហើយមិនពិបាកថែទាំនោះទេ អ្វីដែលសំខាន់ គឺពួកគាត់មិនចាំបាច់បារម្ភរឿងគ្មានទីផ្សារនោះទេ ព្រោះមានឈ្មួញមកចាំទទួលទិញដល់ចំការ ក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបាន ។
បងប្រុស ព្រហ្ម សឿន បញ្ជាក់ថា បើប្រៀបធៀបពីការធ្វើស្រែ និងការដាំពោតក្រហមនេះ គឺទទួលបានប្រាក់កម្រៃប្រហាក់ប្រហែលគ្នា ប៉ុន្តែបើនិយាយពីការដាំ និងការថែទាំ គឺខុសគ្នាឆ្ងាយណាស់ ធ្វើស្រែ ត្រូវប្រើប្រាស់ជីច្រើន ប្រើទឹកក៏ច្រើន ហើយត្រូវមើលថែរហូត ចាប់តាំងពីភ្ជួរដីព្រួសពូជរហូតដល់ច្រូតកាត់ប្រមូលផល។ ប៉ុន្តែសម្រាប់ការដាំពោតក្រហមវិញ គឺងាយស្រួលជាង ចាប់ពីភ្ជួរដីរោយគ្រាប់ពូជរួចហើយ ពួកគាត់ត្រូវដាក់ជីនិងបូម ទឹកពន្លិចតែ២ដងប៉ុណ្ណោះ នឹងប្រើពេលវេលាប្រមាណជា៣ទៅ៤ខែ គឺអាចទទួលផលបានហើយ ដោយមិនចាំបាច់មើលថែទាំច្រើននោះទេ ។
កសិករនៅឃុំអ្នកលឿង បានបន្តថា គាត់ដាំពោតក្រហម មិនបារម្ភរឿងទីផ្សារនោះទេ ឱ្យតែពោតទុំនៅលើដើមភ្លាម គឺមានឈ្មួញគេមកប្រមូលទិញភ្លាម គឺទិញដល់ចម្ការតែម្ដង មិនចាំបាច់ដឹកយកទៅផ្ទះ ឬយកទៅហាលនោះទេ ដោយក្នុង១គីឡូ លក់បានតម្លៃ ៨០០រៀល ហើយមានប៉ុន្មានក៏គេទិញយកទាំងអស់ ។
បើទោះជាបែបនេះក្តី មន្ត្រីជំនាញកសិកម្មស្រុកពាមរក៍ បានឲ្យដឹងថា ក្រៅពីមុខរបរបរដាំពោតក្រហមនេះ កសិករក្នុងស្រុកពាមរក៍ ក៏បានប្រកបមុខរបរដាំដំណាំរួមផ្សំជាច្រើនទៀតផងដែរ ដូចជា ត្រសក់ ប៉េងប៉ោះ សណ្ដែក និងល្ងរជាដើម ហើយនៅទូទាំងស្រុកពាមរក៍នេះ មុខរបរធ្វើស្រែ នៅតែជាមុខរបរស្នូលទីមួយ សម្រាប់ប្រជាកសិករទូទៅផងដែរ ៕
ចែករំលែកព័តមាននេះ