រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌ៧មករា បានឆ្មក់ចុះត្រួតពិនិត្យមើលទីតាំងមួយកន្លែង ដែលមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈ ថាទីតាំងនោះ បានលួចបើកទទួលកត់ឆ្នោតវៀតណាម យ៉ាងអាណាធិបតេយ្យ ។
ដូច្នេះកម្លាំងអាជ្ញាធរចុះទៅពិនិត្យមើលមិនមានសម្ភារៈ ពាក់ព័ន្ធដូចការបង្ហោះជាសាធារណៈ ក្នុងបណ្ដាញសង្គមលើកឡើងនោះឡើយ។ ដោយទីតាំងនោះ បានបិទជាយូរមកហើយ ឬក៏បណ្ដាញសង្គមទាំងនោះ បានយករូបភាពចាស់ៗ កន្លងទៅ មកបង្ហោះឡើងវិញ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះទៅឆ្មក់ត្រួតពិនិត្យផ្ទាល់ ដែលមានបណ្ដាញសង្គមបង្ហោះថា មានបើកកត់ឆ្នោត ស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីខណ្ឌ៧មករា បានឲ្យដឹងថា កន្លងទៅឃើញមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈថា ទីតាំងផ្ទះខាងលើនេះ មានបើកទទួលកត់ឆ្នោតវៀតណាម យ៉ាងអនាធិបតេយ្យ ដោយមិនគោរពអនុវត្តតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ក៏ដូចជាគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដែលបង្ករភាពអសន្តិសុខ ជាដើម ។
មន្ត្រីដដែល បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីលោកអភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌ៧មករា កម្លាំងអាជ្ញាធរបានចុះឆ្មក់ទៅត្រួតពិនិត្យទីតាំងខាងលើនេះ តែពេលចុះទៅដល់មិនមានដូចអ្វី ដែលបណ្ដាញសង្គមបានបង្ហោះជាសាធារណៈ ថា មានការទទួលកត់ឆ្នោតវៀតណាម នោះឡើយ។ មានតែម្ចាស់ផ្ទះនៅទីនោះ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរបានធ្វើការអប់រំណែនាំដល់ម្ចាស់ផ្ទះមិនអនុញ្ញាតឲ្យជួលឲ្យឈ្មួញរកស៊ីល្បែងស៊ីសងនោះឡើយ។ ក្នុងករណីមិនគោរពតាមការណែនាំរបស់អាជ្ញាធរនោះ នឹងមានវិធានការច្បាប់ ៕
ចែករំលែកព័តមាននេះ