ទីក្រុងបាងកក៖ ថ្មីៗនេះ ប្រទេសថៃសម្រេចចិត្តបិទដំណើរការសួនឧទ្យានជាតិ១កន្លែងជាបណ្ដោះអាសន្នបន្ទាប់ពីមានករណីសត្វដំរីសម្លាប់ស្ត្រីម្នាក់វ័យ៤៩ឆ្នាំ។ ដំរីព្រេចមនុស្សស្លាប់យ៉ាងដូច្នេះជាករណីមិនធ្លាប់មានទេពីមុនមកនៅសួនឧទ្យានជាតិភូក្រាឌឿង (Phu Kradueng) នៃខេត្តឡឺយ (Loei) ភាគឦសានប្រទេសថៃដែលត្រូវធ្វើដំណើរ៨ម៉ោងពីទីក្រុងបាងកក។ មន្ត្រីនគរបាលម្នាក់ប្រចាំការនៅតំបន់នេះប្រាប់ថានេះជាលើកដំបូងបំផុតដែលដំរីសម្លាប់អ្នកទេសចរ។
នៅលើបណ្ដាញហ្វេសប៊ុកជាផ្លូវការរបស់ខ្លួន គណៈគ្រប់គ្រងសួនឧទ្យានជាតិខាងលើនេះបញ្ជាក់ថាសត្វដំរីព្រៃមិនដឹងយ៉ាងម៉េចវានៅសុខៗស្រាប់តែចេញមកស្រគ្នាមកឈរត្រៀបត្រានៅលើដងផ្លូវធ្វើដំណើររបស់ក្រុមអ្នកទេសចរ។ ក្រុមការងារសម្រេចចិត្តបិទតំបន់កម្សាន្ត និងកន្លែងបោះតង់ជាបណ្ដោះអាសន្នដើម្បីធានាសុវត្ថិភាព និងដើម្បីទប់ស្កាត់ការខូចខាតរបស់ទ្រព្យនៅក្នុងសួនសត្វ។ ទោះជាយ៉ាងណាក្ដី តំបន់មួយកន្លែងទៀតដែលស្ថិតនៅជើងភ្នំនៅតែបន្តបើកទ្វារជាធម្មតា។
ជនរងគ្រោះឈ្មោះជីរ៉ានុន (Jeeranun) ជាអ្នករស់នៅខេត្តឆាឆឺងសាវ (Chachoengsao) នៅភាគខាងកើតទីក្រុងបាងកក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក មុនពេលកើតហេតុ អ្នកស្រីជីរ៉ានុនបានចាកចេញពីកន្លែងបោះតង់ និងជិះកង់ជាមួយមិត្តភក្តិម្នាក់ទៀតនៅលើផ្លូវលំ១ខ្សែសំដៅទៅតំបន់ទឹកធ្លាក់ភិនភពម៉ៃ (Phen Phop Mai)។ កាសែតថៃឈ្មោះប៉ាត់តាយ៉ាម៉េល (Pattaya Mail) ចុះផ្សាយថាសត្វដំរីដែលបង្កហេតុនោះរត់ទៅជាន់ ឬទៅបុកជនរងគ្រោះរូបនោះ២ដង។
ក្រុមអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានយករឿងនេះប្រាប់ភ្នាក់ងារល្បាតនៅក្នុងសួនឧទ្យាននៅម៉ោង៩:៤៧ព្រឹកថ្ងៃពុធ។ នៅពេលពួកគេទៅដល់ អ្វីៗហួសពេលអស់ទៅហើយ ព្រោះអ្នកស្រីជីរ៉ានុនបានស្លាប់តាំងពីមុននោះ។ យោងតាមកាសែតដឹណេសិន (The Nation) មន្ត្រីបម្រើការនៅក្នុងសួនឧទ្យានប្រាប់ថាហេតុការណ៍នេះកើតឡើងនៅម្ដុំដែលមានសត្វដំរីព្រៃឧស្សាហ៍ចេញមកជាហ្វូងៗដើម្បីរកចំណី។ គេបានដាក់សញ្ញាឱ្យប្រុងប្រយ័ត្នជាច្រើនដើម្បីឱ្យអ្នកទេសចរកុំទៅម្ដុំនោះ។
ក្រោយហេតុការណ៍នេះ អាជ្ញាធរចាប់ផ្ដើមពង្រឹងប្រព័ន្ធសុវត្ថិភាពដូចជា៖ បិទផ្លូវលំទាំងអស់ដែលធ្លាប់មានសត្វដំរីព្រៃឆ្លងកាត់, ដាក់ពង្រាយក្រុមល្បាតព្រៃ និងបិទច្រកផ្លូវឆ្ពោះទៅកាន់តំបន់ទឹកធ្លាក់ទាំងអស់។ ពីដំបូងដៃ អាជ្ញាធរចង់បើកដំណើរការផ្លូវលំជាធម្មតា។ ប៉ុន្តែគិតចុះគិតឡើងទៅ ពួកគេសម្រេចចិត្តបិទសួនឧទ្យានភូក្រាឌឿងទាំងមូលតែម្ដងដើម្បីឱ្យឆាប់ចប់រឿងព្រោះសត្វដំរីព្រៃទាំងហ្វូងៗនៅតែបន្តរាតត្បាតយ៉ាងអនាធិបតេយ្យនៅលើផ្លូវលំដែលធ្លាប់កើតមានហេតុការណ៍នោះ។
ក្រោយពេលបិទទ្វារសួនឧទ្យានបែបនេះ អ្នកដែលកំពុងតែកម្សាន្តសប្បាយ និងអ្នកដែលបានទិញសំបុត្រចូលកម្សាន្តតើត្រូវដោះស្រាយបែបណា ឬត្រូវប៉ះប៉ូវបែបណាជូនពួកគាត់? គណៈគ្រប់គ្រងសួនឧទ្យានជាតិភូក្រាឌឿងបញ្ជាក់នៅលើហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថាខ្លួននឹងបង្វិលប្រាក់ (refund) គ្រប់ចំនួនជូនទៅអ្នកទេសចរដែលរងផលប៉ះពាល់ពីការបិទនេះ៕
ចែករំលែកព័តមាននេះ