រាជធានីភ្នំពេញ ៖ ចោរ២នាក់ បានធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូរបស់បុរសអ្នកឡើងត្នោតម្នាក់ ដែលទុកនៅក្រោមដើមត្នោត ហើយរវល់តែឡើងទៅដាក់ទឹកត្នោតនៅលើចុង ប៉ុន្តែពេលលួចបានហើយ ឡើងជិះប្រុងគេចខ្លួន ស្រាប់តែជ្រុះស្បែកជើងផ្ទាត់ ១ចំហៀង ខណៈនោះលោកចោរក៏បានត្រលប់ក្រោយទៅរើសស្បែកជើងនោះវិញ ហើយត្រូវបានសិស្សសាលា ៣នាក់ ធ្វើដំណើរឆ្លងកាត់ទីនោះប្រទះឃើញ ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងកម្មករសំណង់ កំពុងធ្វើការនៅជិតនោះ ឡោមព័ទ្ធចាប់បានម្នាក់ និងរត់រួចម្នាក់ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅចំណុចក្រោមដើមត្នោតលើដីវាលក្បែរភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច ពុំទាន់ប្រាប់ឲ្យដឹងអំពីអត្តសញ្ញាណជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានម្នាក់នោះ នៅឡើយទេ ចំណែកបុរសអ្នកឡើងត្នោតខាងលើឈ្មោះ អ៊ុល យីន អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសអ្នកឡើងត្នោត បាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AX-6309 ចេញពីកន្លែងស្នាក់នៅទៅឡើងត្នោត នៅទីតាំងកើតហេតុខាងលើ។ ដោយពេលទៅដល់ បានទុកម៉ូតូនៅក្រោមដើមត្នោត ហើយនៅលើម៉ូតូរបស់គាត់នោះ ក៏មានដឹកសម្ភារៈផលិតទឹកត្នោត ដូចជាដង្កៀបកៀបផ្កាត្នោតញី និងឈ្មោល ព្រមទាំងខ្សែចង្វាយ ផងដែរ ។
បុរសនោះ បាននិយាយបន្តទៀតថា លុះទុកដាក់ចាក់សោ.កម៉ូតូរួចរាល់ គាត់ក៏បានឡើងទៅដាក់ទឹកត្នោតនៅលើចុង ពេលនោះស្រាប់តែមានចោរទៅលួចកាច់.កម៉ូតូគាត់ ប៉ុន្តែបានប្រជាពលរដ្ឋជួយដេញចាប់បានយកមកវិញ ។ គាត់ពិតជាត្រេកអរ និងអរគុណបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ដែលបានជួយដេញចាប់ចោរ និងយកបានម៉ូតូគាត់ត្រលប់មកវិញ ព្រោះពិបាកខ្លាំងណាស់ ទំរាំតែសន្សំលុយទិញបានម៉ូតូ ១គ្រឿងនេះ សម្រាប់ជិះទៅឡើងត្នោត កន្លែងឆ្ងាយៗ បើសិនបាត់វិញ គឺចប់ហើយ ។
ដោយឡែក កម្មករសំណង់ ដែលធ្វើការជិតនោះ បាននិយាយថា នៅវេលាម៉ោងខាងលើ ចោរ២នាក់នោះ បានជិះម៉ូតូ ១គ្រឿង ឌុបគ្នាចេញដើរធ្វើសកម្មភាពលួច ហើយខណៈពេលទៅដល់ចំណុចកើតហេតុ បានឃើញម៉ូតូអ្នកឡើងត្នោត ចតទុកក្រោមដើមត្នោត ហើយម្ចាស់រវល់តែនៅលើចុងត្នោត ពួកចោរក៏ឆ្លៀតឱកាសធ្វើសកម្មភាពលួច ដោយម្នាក់នៅអង្គុយចាំនៅលើម៉ូតូ ដែលជាមធ្យោបាយជិះដើរធ្វើសកម្មភាពលួច និងម្នាក់ទៀតចុះដើរទៅកាច់.កម៉ូតូក្រោមដើមត្នោតនោះ លុះពេលកាច់បានហើយ ក៏ឡើងជិះដើម្បីគេចខ្លួន ប៉ុន្តែចចង្រៃអី បានជ្រុះស្បែកជើងផ្ទាត់មួយចំហៀង ទើបជនសង្ស័យរូបនោះ ចុះរត់ត្រលប់ក្រោយ ទៅយកស្បែកជើងវិញ ។
ប្រភពដដែល បានប្រាប់ទៀតថា ខណៈនោះ ត្រូវបានសិស្សសាលា ៣នាក់ ធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ប្រទះឃើញស្គាល់ថា ម៉ូតូនោះជារបស់អ្នកឡើងត្នោត ព្រោះធ្លាប់ឃើញគាត់ជិះទៅឡើងត្នោត ហើយទុកនៅទីនោះរាល់ថ្ងៃ ។ ទើបសិស្សសាលា ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងកម្មករសំណង់ជិតនោះ នាំគ្នាឡោមព័ទ្ធ និងដេញចាប់ ហើយក៏មានអ្នកភូមិម្នាក់ ជិះម៉ូតូទៅបំបុក បណ្ដាលឲ្យចោរម្នាក់នោះ ដួលទើបចាប់បាន និងយកម៉ូតូបានមកវិញ ។ ពេលនោះ ប្រជាពលរដ្ឋ ក៏បានស្វាគមន៍ម្នាក់ ១ដៃ ម្នាក់១ជើង រួចទើបប្រគល់ជូននគរបាលប៉ុស្តិ៍ព្រៃស ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ