ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​គេច​ផុត​ពី​ការ​ដក​តំណែង​នៅ​ថ្ងៃ​ស្អែក​ទេ​?

1 អាទិត្យ មុន

ទី​ក្រុង​សេអ៊ូល៖ តើ​គម្រោង​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​សុក​យូល​នៅ​ថ្ងៃ​ស្អែក​នេះ​អាច​នឹង​ទទួ​លបាន​ជោគ​ជ័យ​ដែរ​ឬ​ទេ​? នេះ​ជា​សំណួរ​ដ៏​ធំ​១​នៅ​ពេល​រដ្ឋ​សភា​បាន​ទទួ​លយក​រួច​ហើយ​នូវ​ការ​ដាក់​ញត្តិ​ស្នើ​សុំ​ដក​តំណែង​របស់​លោក​ប្រធានា​ធិបតី​កូកូរ៉េ​ខាង​ត្បូង​រូប​នេះ​ជា​លើក​ទី​២​។ គេ​មាន​ជំនឿថា​លោក​យូន​ស៊ុក​យូល​អាច​នឹង​ត្រូវ​អស់​តំណែង​នៅ​ថ្ងៃ​ស្អែក​នេះ​បើ​គណ​បក្ស​កាន់​អំណាច​ចូល​រួម​សហ​ការ​ត្រឹម​តែ​៨​សំឡេង​ទៀត​ប៉ុណ្ណោះ​។​ ក្រុម​ប្រឆាំង​ប្រមូល​បាន​១៩២​អ្នក​តំណាង​រាស្ត្រ​ដើម្បី​ត្រៀម​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​នេះ​​។ ​នេះ​​មិន​ទាន់​គិត​ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ខ្លះ​របស់​គណ​បក្ស​កាន់​អំណាច​ដែល​អាច​នឹង​​​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​នេះ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​ត្រូវ​តែ​រង់​ចាំ​អ៊ុត​លទ្ធ​ផល​ជាក់​ស្ដែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​។ គណ​បក្ស​កាន់​អំណាច​ ទន្ទឹម​នឹង​មិន​គាំទ្រ​ទង្វើ​របស់​លោ​កយូន​ស៊ុក​យូ​ល…

ទី​ក្រុង​សេអ៊ូល៖ តើ​គម្រោង​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​សុក​យូល​នៅ​ថ្ងៃ​ស្អែក​នេះ​អាច​នឹង​ទទួ​លបាន​ជោគ​ជ័យ​ដែរ​ឬ​ទេ​? នេះ​ជា​សំណួរ​ដ៏​ធំ​១​នៅ​ពេល​រដ្ឋ​សភា​បាន​ទទួ​លយក​រួច​ហើយ​នូវ​ការ​ដាក់​ញត្តិ​ស្នើ​សុំ​ដក​តំណែង​របស់​លោក​ប្រធានា​ធិបតី​កូកូរ៉េ​ខាង​ត្បូង​រូប​នេះ​ជា​លើក​ទី​២​។ គេ​មាន​ជំនឿថា​លោក​យូន​ស៊ុក​យូល​អាច​នឹង​ត្រូវ​អស់​តំណែង​នៅ​ថ្ងៃ​ស្អែក​នេះ​បើ​គណ​បក្ស​កាន់​អំណាច​ចូល​រួម​សហ​ការ​ត្រឹម​តែ​៨​សំឡេង​ទៀត​ប៉ុណ្ណោះ​។​

ក្រុម​ប្រឆាំង​ប្រមូល​បាន​១៩២​អ្នក​តំណាង​រាស្ត្រ​ដើម្បី​ត្រៀម​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​នេះ​​។ ​នេះ​​មិន​ទាន់​គិត​ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ខ្លះ​របស់​គណ​បក្ស​កាន់​អំណាច​ដែល​អាច​នឹង​​​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​នេះ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​ត្រូវ​តែ​រង់​ចាំ​អ៊ុត​លទ្ធ​ផល​ជាក់​ស្ដែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​។ គណ​បក្ស​កាន់​អំណាច​ ទន្ទឹម​នឹង​មិន​គាំទ្រ​ទង្វើ​របស់​លោ​កយូន​ស៊ុក​យូ​ល ពួក​គេ​ក៏​មិន​ចង់​ឱ្យ​ក្រុម​ប្រឆាំង​ចំណេញ​ផ្នែក​នយោ​បាយ​នោះ​ទេ​​។ ហេតុ​នេះ​ ​​ពួក​គេ​នៅ​តែ​អេះ​អុញ​ ឬ​កិច​កុក​ចុះ​ឡើង​ៗ​។​

ឥឡូវ​នេះ គេ​​ដឹង​ថា​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច​យ៉ាង​តិច​៧​នាក់​បាន​ឱ្យ​សញ្ញា​ថា​ពួក​គេ​អាច​នឹង​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​នោះ​។ ចំពោះ​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ងាក​មក​គាំទ្រ​ញត្តិ​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​ប្រឆាំង​? លោក​កាល់​ហ្វ្រីត​ហូស​ (Karl Friedhoff) ជា​អ្នក​វិភាគ​ម្នាក់​យល់​ថា​លោក​យូន​ស៊ុក​យូល​គ្មាន​នៅ​សល់​ជម្រើស​អ្វី​ទៀត​សម្រាប់​ត​ថ្លៃ​ផ្នែក​នយោ​បាយ​ទេ​បន្ទាប់​ពី​គាត់​បាន​ផ្ទេរ​ភារកិច្ច និង​តួ​នាទី​អស់​រលីង​ទៅ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ និង​គណ​បក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​អ្នក​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ធ្វើ​ពហិកា​មិន​ចូល​រួម​បោះឆ្នោត​​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។

​លោក​គ្មាន​សល់​សន្លឹក​បៀរ​សំខាន់​សម្រាប់​លេង​នៅ​ក្នុង​ល្បែង​នយោបាយ​នេះ​ត​ទៅ​ទៀត​ទេ​។ ​នៅ​ក្នុង​ភាសា​ល្បែង​​ស៊ី​សង​គេ​ហៅ​ថា​ «គ្មាន​ទឹក​សម្រាប់​ចាក់​»​។ ​ជម្រើស​​មាន​តែ​​២​ទេ​។ លោក​ត្រូវ​គេ​បោះ​ឆ្នោត​ដក​តំណែង​ ឬ​​ត្រូវ​​ចុះ​​ពី​តំណែង​ដោយ​​ខ្លួន​ឯង​។ ​ដោយ​សារ​លោក​ប្រកាន់​ជំហរ​ដាច់​ខាតមិន​ចុះ​ពី​តំណែង​ ​ដូច្នេះ​មាន​តែ​ការ​​​បោះ​ឆ្នោត​ដក​តំណែង​តាម​រយៈ​រដ្ឋ​សភា​។​

អ្នក​វិភាគ​​ឈ្មោះ​ម៉ាសល ប៊ូតុន (Marshall Bouton) ​យល់​ថាលើក​នេះ សភា​អាច​នឹង​បោះ​ឆ្នោត​ដក​តំណែង​បាន​សម្រេច​​។ ​មុន​ពេល​​លោក​យូន​ស៊ុក​យូល​ថ្លែង​សុន្ទរ​កថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គណ​បក្ស​កាន់​អំណាច​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ផែន​ការ​បង្កើត​ផែន​ទី​បង្ហាញ​ផ្លូវ​​​ដើម្បី​រៀប​ចំ​ឱ្យ​លោក​យូន​ចុះ​ពី​តំណែង​នៅ​ខែ​កុម្ភៈ ឬ​មីនា​។ បន្ទាប់​មក​ រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​នៅ​ខែ​មេសា ឬ​ឧសភា​ឆ្នាំ​ក្រោយ​។ នៅ​ទី​បំផុត​ លោក​យូន​ចេញ​មក​ប្រកាស​ថា​លោក​មិន​ចុះ​ចេញ​ជា​ដាច់​ខាត​។​

គណ​បក្ស​កាន់​អំណាច​ក៏​នៅ​មិន​ស្រណុក​ខ្លួន​ប៉ុន្មាន​ដែរ​ ហើយ​ក៏​ស្ថិត​នៅក្នុង​ការ​ពិបាក​សម្រេច​ចិត្ត​​​បំផុត​។ បើ​ដក​តំណែង​លោក​យូន​ស៊ុក​យូល​ ហើយ​រៀប​ចំ​ការ​បោះ​ឆ្នោតសា​ជា​ថ្មី​ សួរ​ថា​តើ​គណ​បក្ស​នេះ​អាច​នឹង​ឈ្នះ​ឆ្នោត​ដែរ​ឬ​ទេ​? ​មូល​ហេតុ​ដែល​គណ​បក្ស​កាន់​អំណាច​រៀប​ចំ​​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ដោយ​សារ​សង្ឃឹម​ថា​អាច​ឈ្នះ​ឆ្នោត​។ ប៉ុន្តែ​ករណី​នេះ​ក៏​អាច​ក្លាយ​ជា​កាំបិត​ចិត​ដង​ឯង ឬ​ចំណេះ​ជិះ​ក​ឯង​ផង​ដែរ​ប្រៀប​បាន​នឹង​ការ​គ្រវែង​ប៊ូម​មើ​រ៉ាង​ (boomerang) ទៅ​លើ​អាកាស​ ហើយ​វា​ហោះ​ត្រឡប់​មក​រក​ម្ចាស់​ដើម​វិញ​ដូច្នោះ​ដែរ​។

ករណី​​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​នេះ​ធ្លាប់​ផ្ដល់​ផល​អវិជ្ជ​មាន​​សម្រាប់​​គណ​បក្ស​ខ្លះ​ដូច​ជា​លោ​ក​ម៉ាក្រុង​រំលាយ​សភា ហើយ​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​។ ​នៅ​ទី​បំផុត​ គណបក្ស​របស់​គាត់​ទទួល​បាន​អ្នក​តំណាង​រាស្ត្រ​មិន​គ្រប់​គ្រាន់​។ ករណី​នៅ​ប្រទេស​ជប៉ុន​ក៏​ដូច​គ្នា​។ ​​លោក​អ៊ីស៊ីបា​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ នៅ​ទី​បំផុត​ទទួ​លបាន​សំឡេង​អ្នក​តំណាង​រាស្ត្រ​មិន​គ្រប់​គ្រាន់​។​​

អ្នក​វិភាគ​ឈ្មោះ​រីឈី (Richey) ​យល់​​ថា​គណ​បក្ស​កាន់​អំណាច​​​គាំទ្រ​ការ​រៀប​ចំ​ឱ្យ​លោកយូន​ស៊ុក​យូល​ចុះ​ពី​តំណែង​​តាម​ការ​គូស​វាស​សេណារីយោ​​របស់​ប្រធាន​​​បក្ស​។ ​លោក​យូន​ស៊ុក​យូល​អាច​​​បន្ត​កាន់​តំណែង​ខ្យល់​​រយៈ​ពេល​ពី​រ​បី​ខែ​​ទៀត​។ តាម​ពិត​ ការ​បង្ខំ​ឱ្យ​លោក​យូន​ស៊ុក​យូល​ផ្ទេរ​អំណាច​ទៅ​អ្នក​ដទៃ​​នោះ​​ក៏​មិន​ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ និង​មិន​ស្រប​ច្បាប់​នោះ​ទេ។ ប៉ុន្តែ​ពួក​គេ​គ្មាន​ជម្រើស​។ តាម​លោក​រីយី គណ​បក្ស​កាន់​អំណាច​មិន​ចង់​មាន​​​ប្រវត្តិ​ថា​ខ្លួន​ដក​តំណែង​មនុស្ស​នៅ​ក្នុង​បក្ស​ខ្លួន​ឯង​។

គណ​បក្ស​កាន់​អំណាច​​កំពុង​​តថ្លៃ​ផ្នែក​នយោបាយ​ដើម្បី​កុំ​ឱ្យ​គណ​បក្ស​ប្រឆាំង​​មាន​ប្រៀប​ ឬ​ចំណេញ​នយោបាយ​​​។ ឧទាហរ​ណ៍ ការ​ទាម​ទារ​ឱ្យ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មិន​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​នៅ​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​។ យោង​តាម​អ្នក​វិភាគ​រូប​នេះ គណ​បក្ស​កាន់​អំណាច​មិន​ចង់​ឃើញ​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​​ទេ​។ បើ​ដូច្នេះ​មែន​ វា​ចូល​សេណារីយោ​ប៊ូម​មើ​រ៉ាង​​រៀប​ចំ​ការ​បោះ​ឆ្នោត​ដូច​រៀប​ចំ​ឱ្យ​គេ​ឡើង​កាន់​អំណាច​។


តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​លោក​យូន​ស៊ុក​យូល​ត្រូវ​សភា​បោះ​ឆ្នោត​ដក​តំណែង?
បើ​សភា​បោះ​ឆ្នោត​ដក​តំណែង​របស់​លោ​កយូន​ស៊ុក​យូល​បាន​សម្រេច​មែន គេ​នឹង​​​​បញ្ជូន​សំណុំ​រឿង​នេះ​បន្ត​ទៅ​តុលាការ​ធម្ម​នុញ្ញ​។​​ បញ្ហា​នេះ​មិន​អាច​បញ្ចប់​ត្រឹម​​រយៈ​ពេល​បី​ឬ​បួន​ខែ​នោះ​ទេ​​។ ​បើ​តុលា​ការ​ធម្ម​នុញ្ញ​សម្រេច​ថា​ត្រូវ​តែ​ដក​តំណែង​របស់​​គាត់​​ជា​ស្ថាពរ គ.​ជ.​ប​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រធា​នា​ធិបតី​នៅ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​យ៉ាង​យូរ​។ ប្រហែល​ជា​នៅ​ខែ​ឧសភា ឬ​ខែ​មិថុ​នា​ឆ្នាំ​ក្រោយ​។

​ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​អ្វី​ៗ​វា​មិន​ងាយ​ស្រួល​ដូចជា​​យើ​ងគិត​នោះ​ទេ​ព្រោះ​លោក​​យូន​ស៊ុក​យូល​​ប្រកាស​រួច​ហើយ​ថា​លោក​នឹង​តស៊ូ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​។ ដូច្នេះ ក្នុង​នាម​​គាត់​ជា​ប្រធានា​ធិបតី​ម្នាក់​​ គាត់​នឹង​រក​មេធាវី​ខ្លាំង​ៗ​ ហើយ​នឹង​សរ​សេរ​សារណា​ការ​ពារ​ខ្លួន​ដើម្បី​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ​។

ដូច្នេះ ដំណើរ​ការ​ដក​តំណែង​លោក​យូន​ស៊ុក​យូល​នៅ​វែង​ឆ្ងាយ​ត​ទៅ​មុខ​ទៀត​ មិន​អាច​ដក​គាត់​ដោយ​ងាយ​ស្រួល​ដូច​គេ​ដក​ស្ពៃ​នោះ​ទេ​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​បើ​ទុក​ជា​សភា​បោះ​ឆ្នោត​ដក​តំណែង​របស់​គាត់​បាន​សម្រេច​ ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ធម្ម​នុញ្ញ​ ក៏​តុលាការ​មិន​ប្រាកដ​ជា​ដក​តំណែង​គាត់​ភ្លាម​ៗ​នោះ​ទេ​។ ចៅ​ក្រមរបស់​​តុលាការ​ធម្ម​នុញ្ញ​ភាគ​ច្រើន​ជា​អ្នក​អភិ​រក្ស​និយម​។ ពួក​គេ​អាច​​នឹង​ស្ដាប់​ហេតុ​ផល​របស់​លោក​យូន​ស៊ុក​យូល​ដែល​សម្រេច​ចិត្ត​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ