ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដំឡូង​មី​នៅ​ត្បូងឃ្មុំ​ឆ្នាំ​នេះ ​ធ្លាក់ថ្លៃ​​ជាង​ឆ្នាំ​កន្លង​​ទៅ

9 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​តំបន់​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ នៅ​តាម​ស្រុក​-​ក្រុង​ចំនួន​៧នៃ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ចំនួន​៤៣៩៨០​ហិ​កតា ។ ជាមួយ​នោះ​ នៅ​ក្រុង​សួង​ក៏​មាន​សិប្បកម្ម​កែ​ច្នៃ​ម្សៅ​មី​សម្រាប់​លក់​នៅ​ក្នុងស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ទៀត​ផង​ ។…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​តំបន់​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ នៅ​តាម​ស្រុក​-​ក្រុង​ចំនួន​៧នៃ​ខេត្ត​ត្បូងឃ្មុំ​ គឺ​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ចំនួន​៤៣៩៨០​ហិ​កតា ។ ជាមួយ​នោះ​ នៅ​ក្រុង​សួង​ក៏​មាន​សិប្បកម្ម​កែ​ច្នៃ​ម្សៅ​មី​សម្រាប់​លក់​នៅ​ក្នុងស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ទៀត​ផង​ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​បាន​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ធ្នូ ឆ្នាំ​២០២៤​ ថា ចំពោះ​ស្រុក​ដែល​ដាំដំឡូង​មី​ ក្នុង​នោះ​រួម​មាន​ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូ​រាំង​ឪ ស្រុក​ពញាក្រែក ស្រុក​មេមត់ ស្រុក​ក្រូចឆ្មារ និង​ស្រុក​ដំបែរ ដែល​បងប្អូន​ប្រជា​កសិករ​បាន​ដាំ​ដុះ​តកូនតចៅ រហូត​មក​ដល់​សព្វថ្ងៃ ដើម្បី​ប្រមូល​ផល​បាន​យក​លក់​នៅ​លើ​ទីផ្សារ​ដោះស្រាយ​ជីវ​ភាព​ក្រុម​គ្រួសារ​។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ដំណាំ​ដំឡូង​មីនេះ​ ត្រូវ​បាន​គេ​ដាំ​ដុះ​នៅ​ក្នុង​អំឡុង​ខែ​មី​នា និង​មេ​សា ហើយ​ចាប់ផ្ដើម​ប្រមូល​ផល​នៅ​ខែវិច្ឆិកា ខែធ្នូ និង​ខែមករា ចំពោះ​ទិន្នផល​វិញ​ គិត​ជា​មធ្យម​ក្នុង​មួយ​ហិ​កតា​បាន​ផល​ក្នុង​រង្វង់​១៩ តោន​ទៅ​២០​តោន​ឯណោះ​ ។

ហើយ​ពូជ​ដំឡូង​នេះ​ គឺ​បងប្អូន​កសិករ​ខ្លះ​គាត់​បាន​ចេះ​ថែរក្សា​ពូជ​ទុក​ដោយ​ខ្លួនឯង ខ្លះ​ទិញ​មក​ពី​ខេត្ត​ផ្សេង ​និង​ខ្លះ​ទៀត​ទិញ​មក​ពី​ប្រទេស​ជិតខាង ដើម្បី​ធ្វើការ​ដាំ​ដុះ​។ ចំពោះ​តម្លៃ​ដំឡូង​មី​ស្រស់​លក់​នៅ​លើ​ទីផ្សារ​មួយ​គីឡូក្រាម​តម្លៃ​៣០០​រៀល​ គឺ​មាន​ក្រុម​ឈ្មួញកណ្ដាល​ចុះ​ទិញ​ដល់​ចម្ការ​តែ​ម្ដង ​។

ដោយឡែក​ អ្នក​ដែល​មាន​គោ​យន្ត​កែ​ច្នៃ ​ឬ​រថយន្ត​ធុន​ធំ​ គាត់​អាច​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ ចំពោះ​ដំឡូង​នេះ​ ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​គឺ​គេ​យក​ទៅ​កែ​ច្នៃ​ជា​ម្សៅ​មី កាវ ក្រដាស ស្រូប​ថ្នាំពេទ្យ​នឹង​អាច​ច្នៃ​បានជា​ច្រើន​មុខ​ទៀត​ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​ថា សម្រាប់​តម្លៃ​ដំឡូង​មី​ស្រស់​លក់​នៅ​លើ​ទីផ្សារ​បើ​ឆ្នាំ​២០២៣ កន្លង​ទៅ​មួយ​គីឡូ​អាច​លក់​បាន​ក្នុង​រង្វង់​៤០០ ​ទៅ​៤៥០​រៀល​ក្នុង​មួយ​គីឡូ
ក្រាម​។ ជា​ធម្មតា​បងប្អូន​ប្រជា​កសិករ​ប្រសិនបើ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​បាន​ថ្លៃ​ គឺ​ពួក​គាត់​ប្រាកដជា​សំងំនៅ​ស្ងៀម តែបើ​ដំឡូង​មី​លក់​បាន​តម្លៃ​ថោក​នោះ​ ពួក​គាត់​នឹង​មានការ​រអ៊ូររទាំ​ថា​ បែប​នេះ​ថា​បែប​នោះ​ ។​

តាម​ពិត​ទៅ​ ដំឡូង​មី​មិនមែន​ដាំ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ សូ​ម្បី​តែ​នៅ​ប្រទេស​វៀត​ណាម​គគី​មានការ​ដាំ​ដុះ​ដែរ​ ។ ចំពោះ​តម្លៃ​វិញ​គឺជា​លក្ខណៈ​ទីផ្សារសេរី ។ សូម​បញ្ជាក់​ថា ​នៅ​ក្រុង​សួង​ គឺ​មាន​សិប្បកម្ម​ផលិត​ម្សៅ​មី​មួយ​កន្លែង​ដែល​ក្នុង​មួយ​ឆ្នាំ អាច​ផលិត​បាន​ប្រមាណ​១០​ម៉ឺន​តោន ក្នុង​នោះ​គឺ​នាំ​ចេញ​លក់​នៅ​ក្នុងស្រុក​ និង​មួយ​ផ្នែក​ទៀត​នាំ​ទៅ​លក់​នៅ​ក្រៅ​ស្រុក​ ។

ក្នុង​នាម​មន្ទីរ​កសិកម្ម​ សូម​ក្រើនរំលឹក​ដល់​កសិករ​ធ្វើ​យ៉ាងណា​ ដាំ​ដុះ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ដែល​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ធ្លាប់​បាន​បង្ហាត់បង្រៀន​ បើ​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស ​គឺ​អាច​ទទួល​បាន​ផល​ចំណេញ​តិច ​ឬ​ច្រើន​ហើយ​ការ​ខាត​វិញ​គឺ​មាន​កម្រិត​តិច​ណាស់​ ។ ជាមួយ​នោះ​ ក៏​សូម​ឱ្យ​កសិករ​ចេះ​រក្សា​ពូជ​ដំឡូង​ សម្រាប់​ធ្វើការ​ដាំ​ដុះ​តាម​រដូវ​កាល ចៀសវាង​ចំណាយ​ប្រាក់​ទិញ​ពី​គេ​អស់​ទុន​ច្រើន ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ