ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនជាក្មេងទំនើងម្នាក់ ដែលបានជិះម៉ូតូនៅលើផ្លូវល្បឿនលឿនមិនខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន យកមកអប់រំ និងអនុវត្តនីតិវិធីបន្ត ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មេត្តាជ្រាបថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកចូលកំពង់ស្ពឺកើត គ•ម២៦ មានករណីក្មេងទំនើងម្នាក់ បានបើកម៉ូតូសម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់លើផ្លូវល្បឿនលឿន ។ ម៉ូតូដែលជិះចូលនោះ ជាប្រភេទម៉ូតូហុងដាឌ្រីមC១២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១AU៤៧៨៣ ។
លោកបានបញ្ជាក់ថា«នគរបាលចរាចរណ៍ផ្លូវល្បឿនលឿន បានចេញប្រតិបត្តិការបន្ទាន់ ដោយចាប់ឃាត់ និងហៅអ្នកអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី» ។ ជាមួយគ្នា អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបាន លុះត្រាតែទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ នឹងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន ។
ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និងអត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ ។ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយបណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរឃុំ-សង្កាត់ ៕
ចែករំលែកព័តមាននេះ