ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថាខ្លួនមិនទាន់បានលិខិតពីលោកត្រាំដើម្បីអញ្ជើញលោកពូទីនទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់គាត់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នោះទេ។ ប៉ុន្តែលោកត្រាំបានផ្ញើលិខិតអញ្ជើញជាផ្លូវការទៅប្រធានាធិបតីចិន លោកស៊ីជីនពីង រួចហើយ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីប្រភពអនាមិកដែលស្នើសុំមិនបញ្ចេញឈ្មោះ។
ទូរទស្សន៍ស៊ីប៊ីអែស (CBS) បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះមកចុះផ្សាយថាក្រុមការងាររបស់លោកត្រាំបានបញ្ជូនលិខិតអញ្ជើញទៅលោកស៊ីជីនពីងរួចហើយ នៅឡើយតែលោកពូទីនហាក់ដូចជាស្ងប់ស្ងាត់យ៉ាងចម្លែក។ ការមិនទាន់អញ្ជើញលោកពូទីននេះចំពេលដែលទំនាក់ទំនងការទូតរវាងរុស្ស៊ីជាមួយអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកធ្លាក់ចុះ។
ម៉្យាងទៀត គេមិនត្រូវភ្លេចថាលោកពូទីនត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួន។ ដូច្នេះ បើលោកត្រាំអញ្ជើញលោកពូទីនហាក់ដូចជាប្រមាថសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិនៅទីក្រុងឡាអេ១នេះ។ ម៉្យាងទៀត បើទុកជាលោកត្រាំអញ្ជើញលោកពូទីនទៅចូលរួមពិធីស្បថចូលកាន់តំណែងនោះ គេមិនទាន់ច្បាស់ថាតើលោកនឹងអញ្ជើញទៅឬអត់។
សូមរំលឹកថាករណីលោកត្រាំផ្ញើលិខិតអញ្ជើញទៅលោកស៊ីជីនពីងមិនមែនទើបតែអញ្ជើញកាលពីពេលថ្មីៗនេះទេ។ លោកបានអញ្ជើញតាំងពីដើមខែវិច្ឆិកាបន្ទាប់ពីឈ្នះឆ្នោតភ្លាម។ ទោះជាយ៉ាងណាក្ដី ទូរទស្សន៍ស៊ីប៊ីអែសមិនបានបញ្ជាក់ថាតើលោកស៊ីជីនពីងបានឆ្លើយតបចំពោះការអញ្ជើញនោះហើយឬនៅ។ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍អឹនប៊ីស៊ី (NBC) លោកត្រាំអះអាងថាលោក និងលោកស៊ីនជីនពីងមានទំនាក់ទំនងស្អិតល្មួតដូចស្ករតាំងម៉ែ។
បើលោកស៊ីជីនពីងអញ្ជើញទៅចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកត្រាំហាក់ដូចជាមិនសូវសមទំនងទាល់តែសោះ។ ប្រទេសទាំង២កំពុងតែប៉ែងជើងគ្នាលើគ្រប់វិស័យ ហើយនឹងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់បំផុត។ដូច្នេះ បើទុកជាលោកស៊ីជីនពីងទទួលយកការអញ្ជើញនេះ ក៏យ៉ាងខ្លាំងលោកអាចនឹងចាត់អ្នកតំណាងទៅចូលរួមតែប៉ុណ្ណោះ។
មានសញ្ញាថាប្រទេសទាំង២នឹងប្រកួតប្រជែងគ្នា ហើយនឹងកាច់កុងគ្នាកាន់តែខ្លាំងនៅក្នុងសករាជរបស់លោកត្រាំ។ លោកបានតែងតាំងមន្ត្រីដែលប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះប្រទេសចិនឱ្យកាន់តំណែងសំខាន់ៗសម្រាប់ត្រៀមទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ សមាជិកព្រឹទ្ធសភាអាមេរិក លោកម៉ារ៉ាកូ រូប៊ីយ៉ូ (Marco Rubio) នឹងក្លាយជារដ្ឋមន្ត្រីការបរទេសថ្មី។
ថ្មីៗនេះ លោកត្រាំតែងតាំងលោកស្រីខារី ឡេក (Kari Lake) ជានាយកកម្មវិធីវិទ្យុវីអូអេ (VOA)។ លោកស្រីជាមនុស្សសម្ដីមុតដែលត្រៀមរៀបចំព័ត៌មានវាយប្រហារប្រទេសចិនឥតបន្ធូរដៃ។ នៅក្នុងវិស័យពាណិជ្ជកម្ម លោកត្រាំត្រៀមដំឡើងពន្ធគយ១០ទៀតទៅលើទំនិញរបស់ប្រទេសចិនបើចិនមិនព្រមទប់ស្កាត់ក្រុមម៉ាស់ផ្ចា (mafia) ក្នុងការនាំគ្រឿងញៀនឈ្មោះហ្វឹនតានីល ឬប៉ងតានីល (fentanyl) ចូលប្រទេសអាមេរិក។
ដើម្បីរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងចិន លោកត្រាំគំរាមដំឡើងពន្ធ៦០%ទៅលើទំនិញចិនគ្រប់ប្រភេទ។ ជាកិច្ចឆ្លើយតប សារព័ត៌មានចិនព្រមានថាបើលោកត្រាំធ្វើដូច្នេះមែន សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២នឹងផ្ទុះឡើងយ៉ាងពេញទំហឹង ហើយនឹងឈានទៅដល់ការបំផ្លាញផលប្រយោជន៍គ្នាទៅវិញទៅមក៕
ចែករំលែកព័តមាននេះ