ការផ្សព្វផ្សាយល្បែ.ង.ស៊ី.ស.ង.នឹងចូលបន្ទាត់ក្រហម ត្រូវបង្ក្រាបដោយគ្មានលើកលែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤នេះ ជាថ្ងៃឱសានវាទ កំណត់ជាកំហិតដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤នេះ ជាថ្ងៃឱសានវាទ កំណត់ជាកំហិតដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤នេះ ជាថ្ងៃឱសានវាទ កំណត់ជាកំហិតដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយនិងត្រូវបង្ក្រាបដោយគ្មានការលើកលែងនោះទេ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរំលឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង ។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ទៀតថា មុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ ប្រមុខក្រសួងមហាផ្ទៃបានចេញសារាចរណែនាំ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនោះដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផងដែរ។
វិធានការ៥ចំណុច រួមមាន ទី១-ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ទី២-ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ទី៣-ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ /ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ទី៤-គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ និងទី៥-រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា នៅមួយថ្ងៃក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសារាចរណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
ភ្លាមៗ ក្រោយទទួលបានគោលការណ៍ណែនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ក្រោមជាតិ រួមមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នឹងបង្ក្រាបដោយគ្មានលើកលែងនោះឡើយ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា
ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានរំលឹកជាថ្មីទៀត ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផង
ដែរ៕
ចែករំលែកព័តមាននេះ