ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​តា​អាយុ​ស្ទើរ​៧០​ឆ្នាំ តែ​ប្រឹង​ជិះ​កង់​ពី​ព្រៃ​វែង​មក​សំលៀងកាំបិត​នៅ​ក្រុង​កំពង់ចាម

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិត ដោយ​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ស៊ឺ​ម ផូ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​លាវ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិត ដោយ​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ស៊ឺ​ម ផូ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​លាវ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ដោយ​ប្រកប​របរ​សំលៀងកាំបិត​ជិះ​កង់​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ដើម្បី​រក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​មានការ​ខ្វះខាត ។ ជាមួយ​នោះ បុរស​នេះ​តែងតែ​យក​ទី​អារាម​ធ្វើ​ជា​ផ្ទះ សម្រាប់​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់​ទៀត​ផង ។

នៅ​ក្នុង​ដៃ​កំពុង​តែ​ឱន​សំលៀងកាំបិត​បុរស​ចំណាស់​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១០​ធ្នូ ឆ្នាំ​២០២៤​ថា ដោយសារ​កត្តា​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត ហើយ​គាត់​ថែម​ទាំង​មានកូន​បួន​នាក់ ក្នុង​នោះ​ប្រុស​ពីរ ស្រី​ពីរ ត្រូវ​ងើប​ពី​ងងឹត​ដោយ​ជិះ​កង់​តាម​ផ្លូវថ្នល់​ស្រុក​ស្វាយ​អ​ន្ទ​រ ឆ្ពោះ​មក​កាន់​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម ។ ហើយ​តែងតែ​ជិះ​កង់​ដើរ​សំលៀងកាំបិត​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺ​ប្រឹង​សន្សំ​ថវិកា​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​ទាំង​លំបាក ។

បុរស​ចំណាស់​រូប​នេះ​បាន​បន្ត​ថា យប់មិញ​ថ្ងៃ​ទី​៩ ធ្នូ គាត់​សម្រាក​នៅ​វត្ត​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​លុះដល់​ព្រឹក​ថ្ងៃ​ទី​១០​ធ្នូ បាន​ជិះ​កង់​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា ចូល​មក​ក្រុង​កំពង់ចាម​។ ដោយ​ជិះ​តាម​ផ្លូវ​ក្រោម​ស្ពាន​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​គាត់​ឲ្យ​សំលៀងកាំបិត ក្នុង​នោះ​ប្រភេទ​កាំបិត​ធំ ២​តម្លៃ​៥០០០​រៀល ដោយសារ​តែ​ឃើញ​គាត់​លំបាក​គេ​អាណិត​ក៏​ជូន​មួយ​ម៉ឺន​រៀល ។ ពេល​សំលៀងកាំបិត​រួច គាត់​ត្រូវ​ជិះ​កង់​ទៅ​កាន់​កន្លែង​ផ្សេង​ផ្សេង​ៗ​ទៀត ដោយ​មាន​មេក្រូ​មួយ​សម្រាប់​បំពង​សំឡេង​ដាក់​នៅ​ផ្នែក​កន្ត្រក់​ខាងមុខ​កង់ ។

បុរស​ចំណាស់​រូប​នេះ​និយាយ​បណ្ដើរ​បាន​ដកដង្ហើម​រាង​ធំ​បន្តិច ហើយ​ក៏​លាន់មាត់​ថា «​ខ្ញុំ​ដើរ​សំលៀងកាំបិត​អោយ​គេ​ក្នុង​មួយ​ថ្ងៃ​ផាត់​លើ​ការ​ពិសា​របាយ​អាច​នៅ​សល់​ថវិការ​ក្នុង​រង្វង់​១០០០០​រៀល ទៅ​១៥០០០​រៀល ជួន​ពេល​ខ្លះ​បាន​ត្រឹមតែ​សម្រាប់​ពិសា​របាយ​ប៉ុណ្ណោះ​ក៏​មាន​ដែរ​» ។រាល់​ថ្ងៃ​ប្រឹង​សន្សំ​ថវិកា​ដោយ​រយៈពេល​២​ស​ប្តា​ហ៍​ទើប​ត្រឡប់​ទៅ​លេង​ផ្ទះ​ម្ដង ដោយ​ប្រឹង​ជិះ​កង់​តាំងពី​ព្រឹក​ទម្រាំ​ដល់​ផ្ទះ​ស្ទើរ​យប់​ទៅ​ហើយ ។ ជួន​ពេល​ខ្លះ​ទៀត បាន​ប្រហែល​៥​ទៅ​៦​ថ្ងៃ​ប្រពន្ធ បាន​ទូរស័ព្ទ​ឱ្យ​ផ្ញើ​លុយ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ស្ថិត​ក្នុង​ទឹកមុខ​រាង​ស្រពោន បុរស​ចំណាស់​នេះ​បាន​លើក​ឡើង​ថា គាត់​មានកូន​៤​នាក់ ក្នុង​នោះ​ប្រុស​ពីរ​ស្រី​ពីរ គឺ​មាន​ប្រពន្ធ​ប្ដី​អស់ហើយ​។ តែ​ជីវភាព​ពួក​គាត់​គឺ​សុទ្ធតែ​មានការ​ខ្វះខាត​។

ដូច្នេះ រាល់ថ្ងៃ​គាត់​ទោះបី​ស្ថិត​ក្នុង​វ័យចាស់​បែប​នេះ​ទៅ​ហើយ ក៏​ប្រឹងប្រែង​រក​ថវិកា​តាម​មុខរបរ​សុចរិត​គឺ​សំលៀងកាំបិត​អោយ​គេ ។ ពី​មុន​គាត់​មាន​ដី​ជាង​មួយ​ហិ​កតា សម្រាប់​បង្កបង្កើន​ផល​ដាំ​ដុះ​ដំណាំ​ស្រូវ តែ​ដោយសារ​ជីវភាព​ខ្វះខាត​បញ្ចាំ​គេ​គ្មាន​ថវិការ​លោះ​ក៏​ដី​នោះ​ដាច់​បាន​ទៅ​គេ ។

បុរស​ចំណាស់​ឈ្មោះ​ស៊ឹ​ម ផូ បាន​បញ្ជាក់​ថា ពេល​ខ្លះ ដោយសារ​តែ​គាត់​វ័យចាស់​ប្រឹង​ជិះ​កង់​ចម្ងាយ​ចូល​ដល់​ខ្ទង់រយ​គីឡូម៉ែត្រ​ពី​ព្រៃវែង​មក​ដល់​ក្រុង​កំពង់ចាម ជួន​ពេល​យប់​សម្រាក​មិនសូវ​បាន​ធ្វើទុក្ខ​រោយ​កំភួនជើង ។ នៅ​ពេល​ខាង​មុខ បើសិន​គាត់​ចាស់​ជិះ​កង់​មិនកើត​មុខរបរ​នេះ​នឹង​ត្រូវ​ផ្អាក​ដូច្នេះ​មាន​តែ​ពឹង​លើកូន​ៗ​ឲ្យ​ចិញ្ចឹម​គាត់​វិញ​ម្ដង ។ ថ្វី​ដ្បិត​គាត់​មាន​ជីវភាព​ខ្វះខាត​មិន​លើកដៃ​សុំទាន​គេ​ទេ គឺ​មាន​តែ​មុខរបរ​សំលៀងកាំបិត​នេះ​ហើយ ដែល​អាច​រក​លុយ​បាន​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​។

មាន​ពេល​ខ្លះ​គាត់​ត្រូវ​សម្រាក​នៅ​វត្ត​ដីដុះ​ក្រុង​កំពង់ចាម និង​វត្ត​នគរ​បា​ជ័យ​ក្នុងស្រុក​កំពង់សៀម លុះ​ពេល​ព្រឹក​ជិះ​កង់​ចូល​មក​ក្រុង​កំពង់ចាម ដើម្បី​សំលៀងកាំបិត​អោយ​គេ ។ ពេល​ពិសា​របាយ​ម្ដង​ដោយ​ទិញ​គេ​នៅ​ផ្សារ​ធំ​ក្រុង​កំពង់ចាម​មួយ​ពេល​អស់​៣០០០​រៀល ជួន​អ្នកលក់​អាណិត​ឲ្យ​ពិសារ​ដោយ​ឥត​គិតថ្លៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ