សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាតព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះ រួមមានព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាប់រួម ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ កាលពីវេលាម៉ោង១២ និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ទៅកាន់តំបន់មជ្ឈឹមបូព៌ា និងតំបន់អឺរ៉ុបនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិបញ្ញាត្តិរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

ចែករំលែកព័តមាននេះ