ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា តាមដីការបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រោមបទចោទប្រកាន់ថា បានបង្ខំរួមភេទជាមួយអនីតិជន និងការនាំចេញដោយមិនស្របច្បាប់នូវក្មេងស្រីអាយុ១៣ឆ្នាំ ម្នាក់ ដែលប្រព្រឹត្តកាលពីដើមខែកុម្ភៈ កន្លងទៅនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឱ្យដឹងថា យុវជនម្នាក់នេះឈ្មោះសេង ស្រស់ ហៅពៅ អាយុ១៩ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ រីឯក្មេងស្រីរងគ្រោះរស់នៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ។ ជននេះត្រូវបានចាប់ខ្លួនតាមដីការបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទ «រួមភេទជាមួយអនីតិជន និងការនាំ ចេញដោយមិនស្របច្បាប់» ដែលជននេះបានល្បួងនាងចេញពីផ្ទះកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១១ ទៅសម្ងំសោយសុខ នៅក្រុងប៉ោយប៉ែត លុះថ្ងៃទី១២ មេសា ឆ្នាំ២០១១ នាងបានរួចខ្លួនត្រឡប់មកផ្ទះវិញ ហើយអាណាព្យាបាលរបស់នាងសម្រេចដាក់ពាក្យបណ្តឹងចោទជននេះ។
ជនឈ្មោះសេង ស្រស់ ហៅពៅ បាននិយាយថា ខ្លួន និងនាងបានស្រឡាញ់គ្នា ហើយព្រមព្រៀងពង្រត់គ្នាទៅកាន់តំបន់ប៉ោយប៉ែត ។ នៅយប់ថ្ងៃទី១ កុម្ភៈ ខ្លួនបាននាំនាងទៅដេកនៅផ្ទះសំណាក់ «ឯកភ្នំ» ខាងជើងផ្សារបឹងឈូក ក្រុងបាត់ដំបង លុះព្រឹកថ្ងៃទី២ កុម្ភៈ ទើបនាំនាងទៅនៅផ្ទះបងប្រុសនៅឯក្រុងប៉ោយប៉ែតរហូត ។ ជនឈ្មោះសេង ស្រស់ និយាយទៀតថា នាងបានសុំមកលេងម្តាយរបស់នាងនៅមុនបុណ្យចូលឆ្នាំខ្មែរប៉ុន្មានថ្ងៃ ហើយខ្លួនបានយល់ព្រម លុះពេលនាងមកដល់ផ្ទះក៏បាត់ដំណឹងរហូតមកដល់រសៀលថ្ងៃទី២២ មិថុនា ស្រាប់តែសមត្ថកិច្ចមកតាមចាប់ខ្លួនដល់ប៉ោយប៉ែតតែម្តង។
ចំណែកតាមការស្រង់សម្តីរបស់ក្មេងស្រីវិញថា នាងត្រូវយុវជនរូបនេះបបួលទៅហូបបង្អែម រួចនាំនាងទៅកាន់ផ្ទះសំណាក់តែម្តង ហើយបន្តទៅកាន់ក្រុងប៉ោយប៉ែតរហូត ។ នាងនិយាយថា ដោយសារនាងគ្មានប្រាក់ទើបមិនអាចរត់ចេញពីកណ្តាប់ដៃយុវជននេះបាន ហើយនាងទ្រាំរស់នៅជាមួយរហូតដល់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ទើបសុំមកលេងផ្ទះ ហើយឈ្មោះស្រស់ បានឱ្យលុយធ្វើដំណើរ លុះពេលមកដល់ផ្ទះ ម្តាយឪពុកនាងក៏ដាក់ពាក្យបណ្តឹងតែម្តង ។ ពេលនេះយុវជនឈ្មោះសេង ស្រស់ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ ៕
ចែករំលែកព័តមាននេះ