ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រឆាំងនៅ​តែ​​ចិញ្ចឹម​ចិត្ត​ច​ង់​ដក​លោ​ក​យូន​ស៊ុក​យូល​ពី​តំណែង

1 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ដក​​លោក​យូន​ស៊ុក​យូល​ពី​តំណែង​ប្រធានា​ធិ​បតី​ឱ្យ​ខាង​តែ​បាន​ទោះ​​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ លោក​លី​ជេ​ម្យុង (Lee Jae-myung) ជា​ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេ​យ្យ​​​​សច្ចា​ថា​នឹង​រក​វិធី ​និង​​ឱកាស​ដក​តំណែង​​លោ​កយូន​ស៊ុក​យូលជា​ថ្មី​ម្ដង​ទៀត​​។ ​គណ​បក្ស​ប្រឆាំង​ទាំង​តូច​ទាំង​ធំ​រួម​កម្លាំង​គ្នា​បាន​១៩២​សំឡេង​​​​នៅ​ក្នុង​រដ្ឋ​សភា​ ប៉ុន្តែ​​​ពួក​គេមិន​​អាច​ដក​តំណែង​លោក​យូន​ស៊ុក​យូល​បាន​​នៅ​ឡើយ​​ទេ​កាល​ពី​​ថ្ងៃ​សៅរ៍​​​។ ​អ្នក​តំណាង​រាស្ត្រ​​​គណ​បក្ស​…

ទី​ក្រុង​សេអ៊ូល៖ ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ដក​​លោក​យូន​ស៊ុក​យូល​ពី​តំណែង​ប្រធានា​ធិ​បតី​ឱ្យ​ខាង​តែ​បាន​ទោះ​​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ លោក​លី​ជេ​ម្យុង (Lee Jae-myung) ជា​ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេ​យ្យ​​​​សច្ចា​ថា​នឹង​រក​វិធី ​និង​​ឱកាស​ដក​តំណែង​​លោ​កយូន​ស៊ុក​យូលជា​ថ្មី​ម្ដង​ទៀត​​។ ​គណ​បក្ស​ប្រឆាំង​ទាំង​តូច​ទាំង​ធំ​រួម​កម្លាំង​គ្នា​បាន​១៩២​សំឡេង​​​​នៅ​ក្នុង​រដ្ឋ​សភា​ ប៉ុន្តែ​​​ពួក​គេមិន​​អាច​ដក​តំណែង​លោក​យូន​ស៊ុក​យូល​បាន​​នៅ​ឡើយ​​ទេ​កាល​ពី​​ថ្ងៃ​សៅរ៍​​​។

ក្រុម​គណ​បក្ស​ប្រឆាំង​ដែល​ចង់​ដក​តំណែង​លោក​យូន​ស៊ុក​យូល

​អ្នក​តំណាង​រាស្ត្រ​​​គណ​បក្ស​ «អំណាច​ប្រជា​ជន» ​ធ្វើ​ពហិកាមិន​​​បោះ​ឆ្នោត​​ និង​​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​របស់​រដ្ឋ​សភា​​​​លើក​លែង​តែ​អ្នក​តំណាង​រាស្ត្រ​ម្នាក់គត់​​ដែល​ដើរ​ចេញ​ទៅ​ក្រៅ​ម្ដង​ហើយ​ ហើយ​​វិល​មក​វិញ​​​។ ប៉ុន្តែ​គាត់​​បោះ​ឆ្នោត​ជំទាស់​នឹង​ញត្តិ​នេះ​។ ​​​អ្នក​តំណាង​រាស្ត្រ​រូប​នេះ​មិន​ចង់​ដក​តំណែង​លោក​យូន​ស៊ុក​យូល​នៅ​ពេល​នេះ​ទេ​ទោះ​បី​គាត់​​មាន​ចំណុច​ខ្វះ​ខាតក៏​ដោយ​។​​

ប្រធាន​គណ​បក្ស​កាន់​អំណាច​នៅ​កូរ៉េ​ខាង​ត្បូង

ប្រធាន​គណ​បក្ស​ប្រឆាំង​ លោក​លី​ជេ​ម្យុង​សូម​ការ​យោគ​យល់​អធ្យាស្រ័យ​ពី​ក្រុម​អ្នក​គាំទ្រ​ដែល​​ចង់​បោះ​​ឆ្នោត​ទម្លាក់​លោក​​​លោក​យូន​ស៊ុក​យូល​​​ពី​តំណែង​មិន​បាន​សម្រេច​ដូច​បំណង​។ ​លោក​នឹង​បញ្ជូន​ញត្តិ​ដដែល​នេះ​ទៅ​រដ្ឋ​សភា​​​ម្ដង​ទៀត​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។ សង្ឃឹម​ថា​សភា​នឹង​កោះ​ប្រជុំ​ និង​បោះ​ឆ្នោត​​​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​ក្រោយ​។​ ទម្រាំ​ដល់​ពេល​នោះ​ចាំ​គិត​គ្នា​ទៀត​។ ​លោក​យូន​ស៊ុក​យូល​សូម​​​កាន់​អំណាច​ជា​បន្ត​ទៀត​សិន​​។ លោក​​ថា​លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​​​ជា​ដាច់​ខាត​។​​

​​​ក្រោយ​ការ​ប្រកាស​របស់​គណ​បក្ស​ប្រឆាំង​ដើម្បី​បោះ​ឆ្នោត​​ដក​តំណែង​ជា​លើក​ទី​២​ គណ​បក្ស​​កាន់​អំណាច​ថ្លែង​ថា​ពួក​គេ​ឈប់​លេង​ចូល​ត​ទៅ​ទៀត​ហើយ​នូវ​ល្បែង​នយោបាយ​កោះ​ប្រជុំ​ដក​តំណែង​ប្រធានា​ធិបតី​ខ្លួន​ឯង​ទៅ​តាម​ខ្សែ​ញាក់​របស់​គណ​បក្ស​ដទៃ​​។ ​គណ​បក្ស​កាន់​អំណាច​ថា​ខ្លួន​ចង់​បាន​ «​វិធី​ដែល​មាន​របៀប​រៀប​រយ និង​ប្រក​ប​​ដោយ​​ការ​ទទួល​ខុស​ត្រូវ​» ដើម្បី​ដោះ​ស្រាយ​​​​អ្វី​ដែល​គណ​បក្ស​​ចាត់​ទុក​ថា​ជា​ «វិ​បត្តិ​នយោបាយ​» មិន​មែន​ជា​ទោស​កំហុស​របស់​លោក​យូន​ស៊ុក​យូល​នោះ​ទេ​។​

បើ​យោង​តា​ម​ច្បាប់​កូរ៉េ​ខាង​ត្បូង​ ​តំណែង​របស់​លោក​យូន​ស៊ុក​យូល​អាច​ដក​បាន​​ដោយ​សំឡេង​​អ្នក​​តំណាង​រាស្ត្រ​​​២០០​នាក់​បោះ​ឆ្នោត​ប្រឆាំង​​។ ប៉ុន្តែ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ គណ​បក្ស​ប្រឆាំង​ទាំង​អស់​អាច​ប្រមូល​បាន​អ្នក​តំណាង​រាស្ត្រ​​​១៩៥​នាក់ មាន​ន័យ​ថា​នៅ​ខ្វះ​៥​សំឡេង​ទៀត​​​។ ដូច្នេះ​​​បើ​ទុក​ពួក​គេ​គាំទ្រ​ញត្តិ​នោះ​១០០%​ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ដក​តំណែង​ដដែល​។​​​

ប្រធាន​រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង​ លោក​វូ​វុន​ស៊ីក (Woo Won-shik) និយាយ​ទាំង​អន្ទះ​សា​ និង​ដក​ដង្ហើ​ម​ធំ​ថា​ «​ប្រទេស​ជាតិ​យើង​ទាំង​មូល​កំពុង​សម្លឹង​​​មើល​ព្រឹត្តិ​ការណ៍​​បោះ​ឆ្នោត​នៅ​រដ្ឋ​សភា​នេះ​ដោយ​ឥត​ប៉​ប្រិច​ភ្នែក​។ ពិភព​លោក​ក៏​កំពុង​តាម​ដាន​បញ្ហា​នេះ​ផង​ដែរ​»​។ ប៉ុន្តែ​ជា​ការ​គួរ​ឱ្យ​សោក​ស្ដាយ​ណាស់​ដែល​យើ​ងមិន​អាច​រៀប​ចំការ​បោះ​ឆ្នោតសូម្បី​តែ​មួយ​សន្លឹក​​​​នៅ​ថ្ងៃ​នេះ​​។

ឥឡូវ​នេះ លោក​យូន​ស៊ុក​យូល​កំពុង​ស្ថិត​នៅ​លើ​​កាំ​បិត​មុខ​២​។ មាន​ន័យ​ថា​បើ​លោក​ប្រញាប់​ចុះ​ពី​តំណែង​ឥឡូវ​នេះ​អាច​នឹង​បញ្ចប់​អ្វី​ៗ​គ្រប់​យ៉ាង​។ ប៉ុន្តែ​បើ​លោក​សុខ​ចិត្ត​ប្រថុយ​កាន់​តំណែង​ជា​បន្ត​ទៀត​ បើ​សិន​សមត្ថ​កិច្ច​ស៊ើប​អង្កេត​ឃើញ​ថា​លោក​មាន​ទោស​កំហុស​ពិត​មែន​ ​លោក​អាច​នឹង​មាន​រឿង​​​ធំជា​​លក្ខណៈ​ «ប្រាក់​ក៏​បង់​ ថង់​ក៏​ដាច​» ឬ​ «​ចង់​ចំណេញ​ដាច់​ចំណង​»​។

លោក​​​សូម​​ទោស​​​ប្រជា​ជន​ និង​ប្រទេស​ជាតិ​ចំពោះ​ទង្វើ​​ប្លែក​ៗ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដែល​ធ្វើ​ឱ្យ​ផ្អើល​ពេញ​ពិភព​លោក​។ ប៉ុន្តែ​បញ្ហា​មិន​ទាន់​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ​។ សមត្ថ​កិច្ច​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​ខ្លួន​កំពុង​ស៊ើប​អង្កេតសំណុំ​រឿង​នេះ​​ដើម្បី​ចង់​ដឹង​ថា​តើ​លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដែរ​ឬ​ទេ​។ នេះ​ជា​ទោស​កំហុស​ធ្ងន់​ណាស់​។ បើ​លទ្ធ​ផល​ស៊ើប​អង្កេត​បង្ហាញ​ថា​លោក​មាន​ទោស​នេះ​មែន​ ទោះ​បី​អភ័យ​ឯក​សិទ្ធិ​របស់​ប្រធានា​ធិបតី​​ក៏​មិន​អាច​ជួយ​បាន​ដែរ​។ កម្រិត​អតិ​បរមា​នៃ​ទោស​នេះ​គឺ​ប្រហារ​ជីវិត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ