ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ៖ ការ​រីក​ចម្រើន​របស់​កម្ពុជា មិន​បាន​បង្ក​ជា​ផល​រំខាន​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក​ឡើយ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​លើក​ឡើង​ថា ពិតប្រាកដ ណាស់​ការ​រីក​ចម្រើន នៃ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​លើក​ឡើង​ថា ពិតប្រាកដ ណាស់​ការ​រីក​ចម្រើន នៃ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ជាមួយ​និង​ប្រទេស​ណាមួយ ពុំ​បាន​បង្ក​ផល​រំខាន ឬ​គំរាមកំហែង​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ពិភពលោក​ឡើយ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​រាជ្យ​បណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត យង់ ពៅ បាន​លើក​ឡើង​ថា កម្ពុជា​តែងតែមាន​ចេតនា​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​សន្តិសុខ សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​ពិភពលោក​ជា​រៀងដរាប ដែល​សក្ខីភាព​ជាក់ស្ដែង គឺ​កម្ពុជា​តែងតែបាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​ចូលរួម​នៅ​ក្នុង​បេ​ក​សក​កម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​តាម​បណ្ដា​ប្រទេស​នានា ។

កម្ពុជា​ពុំ​ធ្លាប់​បាន​អភិវឌ្ឍ និង​ពង្រឹង​ខ្លួន ដើម្បី​បង្ក​ការ​ប៉ះពាល់ ឬ​គំរាមកំហែង​ទៅ​ដល់​បណ្ដា​ប្រទេស​ណាមួយ​ឡើយ វៀរលែងតែ ក្នុង​ករណី ដែល​កម្ពុជា​ជួប​ប្រទះ នឹង​កល​យុគ​នយោបាយ​-​សង្គម ដែល​អាច​ជះ​ឥទ្ធិពល ឬ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រទេស​ក្នុង​តំបន់ ឬ​ពិភពលោក​។ ដូច្នេះ គេ​គួរតែ​អបអរសាទរ ដែល​ប្រទេស​កម្ពុជា ទទួល​បាន​នូវ​ការ​រីក​ចម្រើន ហើយ​បណ្ដា​ប្រទេស​ជា​មិត្ត​នានា គួរតែ​ជួយ​ស្វែងរក​ច្រក ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​មាន​ភាព​សុខដុម ដើម្បី​ធានា នូវ​សណ្ដាប់ធ្នាប់​តំបន់ និង​ពិភពលោក ។

អ្នកនយោបាយ​មួយ​ក្រុម​តូច និង​អ្នកវិភាគ​មួយ​ចំនួន មិន​គួរ​សម្ដែង​ការ​ព្រួយបារម្ភ នឹង​ការ ដែល​កម្ពុជា​ពង្រឹង និង ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយនឹង​មហាអំណាច​ណាមួយ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​របស់​ខ្លួន​នោះ​ទេ​។

ទាក់ទិន​នឹង​ការ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៅ​ប្រទេស​ចិន លោក​បណ្ឌិត យង់ ពៅ បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​ចិន នា​យុគសម័យ​ទំនើប​ថ្មី​នេះ ប្រទេស​ទាំង​ពីរ ពិតជា​បាន​រួមចំណែក​នៅ​ក្នុង​ការ​ជំរុញ​ការ​រីក​ចម្រើន​ព្រម​គ្នា និង​ថែម​ទាំង​បាន​គាំទ្រ​គ្នា ក៏​ដូច​ជា​ការពារ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង​។ ទំនាក់ទំនង​ទ្វេភាគី​នេះ កម្ពុជា​-​ចិន បាន​បន្ត​ទំនាក់ទំនង​ល្អ និង​ប្រកបដោយ​ផ្លែផ្កា ក៏​ដូច​ជា​ទំនាក់ទំនង ក្នុង​ភាព​ស្មើមុខ​មាត់​គ្នា ស្រប​តាម​ច្បាប់​អន្តរជាតិ​យ៉ាង​ពិតប្រាកដ បើ​ទោះបីជា​ចិន បាន​ក្លាយជា​មហាអំណាច​ពិភពលោក​ទី​២ និង​ជា​ប្រទេស​ជឿនលឿន​ក៏​ដោយ​ក្ដី ក៏​ប្រទេស​ទាំង​ពីរ គោរព​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​គាំទ្រ​គ្នា​ទៅ​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ ភូមិសាស្ត្រ នយោបាយ និង​សេដ្ឋកិច្ច​ជាដើម​។ ហេតុនេះ កម្ពុជា ពិតជា​មាន​ភាព​ចាំបាច់ នៅ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ចិន ឱ្យ​រីក​ចម្រើន និង​ឆ្ពោះទៅ​មុខ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​ការ​បំពេញ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​។

លោក​បណ្ឌិត លើក​ឡើង​ទៀត​ថា ស្រប​តាម​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គណបក្សកាន់អំណាច​បច្ចុប្បន្ន តាម​រយៈ​ទស្សនកិច្ច​នា​ពេល​នេះ បាន​សបញ្ជាក់​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ថា កម្ពុជា​ពិតជា​បាន​បើកចំហរ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ ត្រង់​ចំណុច​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន ក៏​ដូច​ជា ធម្មនុញ្ញ នៃ​បណ្ដា​ប្រទេស​នានា ឬ​មហាអំណាច​ទាំងអស់ មិន​បាន​ចែង​ថា ប្រទេស​មួយ​មិន​ត្រូវ ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស ឬ​មហាអំណាច​ណាមួយ​ផ្សេង​ៗ​ពី​ខ្លួន ឬ​ដាក់​កំហិត មិន​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រទេស ឬ​មហាអំណាច​ណាមួយ​ខ្ពស់ ឬ​ទាប​ជាង​ខ្លួន​នោះ​ទេ ។

លោក​បន្ថែម​ថា កម្ពុជា​នៅ​តែ​បន្ត​ប្រកាន់ នូវ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ពោល​គឺ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស និង​មហាអំណាច​ទាំងអស់ នៅ​ក្នុង​យុគសម័យ​ទំនើប ដែល​គ្មាន​ការ​ប្រកួតប្រជែង ឬ​បែងចែក​មនោ​គម​វិជ្ជា ដូច​សម័យ​សង្គ្រាមត្រជាក់​។ ការ​ធ្វើ​ទំនាក់ទំនង​ល្អ ឬ​ជិត​ស្និទ្ធ​ជាមួយនឹង​បណ្ដា​ប្រទេស ឬ​មហាអំណាច​ជា​ដៃគូ​នីមួយ​ៗ គឺ​អាស្រ័យ​នៅ​លើ​ឆន្ទៈ​របស់​ប្រទេស និង​មហាអំណាច​ទាំងនោះ ជាមួយនឹង​ប្រទេស​កម្ពុជា ព្រោះ​នៅ​ក្នុង​ទំនាក់ទំនង​ការទូត គឺ​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង និង​ផ្ដល់​នូវ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ពោល​គឺ​មិនមែន​មាន​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​កម្ពុជា​តែ​ម្ខាង អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​នោះ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ​។ ទោះជា​យ៉ាងណា​កម្ពុជា ក៏​ត្រូវ​ស្វះ​ស្វែងរក​ទំនាក់ទំនង​ល្អ និង​កិ​ច​ច្ច​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ​ជាមួយ​ប្រទេស​ជា​ដៃគូ ឬ​មហាអំណាច​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ជា​តុល្យភាព នៃ​ទំនាក់ទំនង ដែល​ជា​គោលដៅ នៃ​នយោបាយ​ការ​បរទេស និង​ដើម្បី​បំពេញតម្រូវការ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជាតិ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ